យន្តហោះ​ដឹក​អ្នកដំណើរ​ជាង ២០ នាក់ បាត់​ខ្លួន​កាលពី​ម្សិលមិញ ពេលនេះ បំណែក​ខ្លះ​​ត្រូវបាន​រកឃើញ​ហើយ!

កងទ័ព​នៃ ប្រទេស​នេ​ប៉ាល់ ថ្ងៃទី ៣០ ឧសភា​នេះ ប្រកាសថា បាន​រកឃើញ​ទីតាំង​របស់​យន្តហោះ De Havilland DHC-៦-៣០០ Twin Otter ដឹក​អ្នកដំណើរ ២២ នាក់ ដែល​បាន​បាត់​ខ្លួន​មុននេះ ១ ថ្ងៃ។

ខាងលើនេះ​គឺជា​ការអះអាង​របស់​អ្នកនាំពាក្យ​របស់ កងទ័ព​នេ​ប៉ាល់ ដែល​បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម Twitter។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​បញ្ជូន​កម្លាំង​ទៅកាន់​កន្លែងកើតហេតុ។

ទូរទស្សន៍​ជាតិ​នេ​ប៉ាល់ កាលពី​ថ្ងៃទី ២៩ ឧសភា បាន​ផ្សាយ​ថា ប្រជាជន​បានឃើញ​យន្តហោះ​មួយគ្រឿង​កំពុង​ឆាបឆេះ​នៅឯ​នាយ​ទន្លេ Lyanku Khola ក្បែរ​ជើងភ្នំ Manapathi នៃ​ជួរ​ភ្នំ​ហេមពាន្ត (Himalaya)។ មុន​នោះ យន្តហោះ DHC-៦-៣០០ Twin Otter បាន​ហោះ​ឡើង​នៅ​ព្រឹក​ថ្ងៃទី ២៩ ឧសភា ប៉ុន្តែ​បាន​បាត់​ទំនាក់ទំនង​ជាមួយ​ប​ណ្ឌ​ល​គ្រប់គ្រង​អាកាសចរណ៍ ៥ នាទី មុន​ការ​ចុះចត។

យន្តហោះ​ដែល​ជួប​គ្រោះ​ថ្នាក់​ខាងលើ​នេះ​ គឺជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុនឯកជន​ Tara Air។ ជើងហោះហើរ​នៃ​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​នេះ ដឹក​មនុស្ស​ចំនួន ២២ នាក់ ក្នុងនោះ​មាន អ្នកដំណើរ ១៩ នាក់ និង​សមាជិក​ក្រុម​ហោះហើរ​ចំនួន ៣ នាក់។ យោងតាម​អ្នកតំណាង​របស់​ក្រុមហ៊ុន Dara Air ក្នុងចំណោម​អ្នកដំណើរ​គឺមាន​ជនបរទេស ៦ នាក់ ក្នុងនោះ​មាន​ជនជាតិ​ឥណ្ឌា ៤ នាក់។

Advertisement