ទៀតហើយ! ផ្ទុះអាវុធ​​នៅឯ​តំបន់ Oklahoma នៃ​ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ៨ នាក់​ស្លាប់ និង​រងរបួស

យ៉ាងហោចណាស់​មាន​មនុស្ស​ម្នាក់​បាត់បង់​ជីវិត និង ៧ នាក់​ទៀត​រងរបួស​នៅ​ក្នុងករណី​ផ្ទុះអាវុធ​ដែល​បាន​កើតឡើង​នៅក្នុង​ពិធីបុណ្យ​មួយ​នៅក្បែរ​ទីក្រុង Tulsa នៃ​រដ្ឋ Oklahoma របស់ សហរដ្ឋ​អាម៉េរិក កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា (ពេលវេលា​ក្នុង​តំបន់)។

យោងតាម​ក្រុមមន្ត្រី​របស់​រដ្ឋ Oklahoma ហេតុការណ៍​ផ្ទុះអាវុធ​នេះ​កើតឡើង​នៅក្នុង​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​នៅក្នុង​តំបន់ ដែលមាន​មនុស្ស​ចូលរួម​ប្រហែល ១,៥០០ នាក់។ បន្ទាប់ពី​ហេតុការណ៍​នេះ​កើតឡើង មិនទាន់មាន​ជនសង្ស័យ​ណា​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ។

ក្នុង​រយៈពេល ៥ ខែ​កន្លង ប្រជាជន​អាម៉េរិក ជាង ១៧,០០០ នាក់ បាន​ស្លាប់​នៅក្នុង​បណ្ដា​ករណី​ដែល​ទាក់ទិន​នឹង​អាវុធ ក្នុងនោះ​មាន​កុមារ និង​ក្មេង​ចំទង់​ប្រហែល ៦៤០ នាក់។

បញ្ហា​ហិង្សា​ពាក់ព័ន្ធ​នឹង​កាំភ្លើង​កំពុងតែ​ក​ក្រើន​ឡើងជា​ថ្មី​នៅ សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​កើតមាន​ករណី​បាញ់សម្លាប់​មនុស្ស​នៅឯ​សាលារៀន​មួយ​នៅ​ទីរួមស្រុក Uvalde ក្នុង​រដ្ឋ Texas បណ្ដាលឱ្យ​សិស្ស​ចំនួន ១៩ នាក់ និង​គ្រូបង្រៀន ២ នាក់​បាន​បាត់​បង់ជីវិត​កាលពី​ថ្ងៃទី ២៤ ឧសភា​កន្លងទៅ

Advertisement