ហុង​គ្រី ដាក់​ប្រទេស​ក្នុងស្ថានភាព​ប្រកាសអាសន្ន ព្រោះតែ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban

នាយករដ្ឋមន្ត្រី Orban ប្រកាស​ស្ថានការណ៍​អាសន្ន​នៅ ហុង​គ្រី ដោយសារតែ​រង​បញ្ហា​ជាច្រើន​ពី​សង្គ្រាម​នៅ​ប្រទេសជិតខាង (អ៊ុយ​ក្រែ​ន)។

«ពិភពលោក​កំពុងតែ​ស្ថិតនៅ​មុខមាត់​ជ្រោះ​នៃ​វិបត្តិ​សេដ្ឋកិច្ច។ ហុង​គ្រី ត្រូវតែ​ឈរ​នៅក្រៅ​ឆាកប្រយុទ្ធ​នៅ អ៊ុយ​ក្រែ​ន និង​ការពារ​សន្តិសុខ​ហិរញ្ញវត្ថុ​សម្រាប់​ពលរដ្ឋ» នាយករដ្ឋមន្ត្រី​ហុង​គ្រី Viktor Orban ថ្លែង​នៅក្នុង​វីដេអូ​មួយ​ដែល​បាន​ផ្សាយ​លើ Facebook កាលពី​ថ្ងៃទី ២៤ ឧសភា។

លោក Orban មិនបាន​លើកឡើង​ច្បាស់​អំពី​វិធាន​ការដែល​នឹងត្រូវ​បាន​អនុវត្ត​ក្នុងអំឡុង​ដាក់​ប្រទេស​ឱ្យ​ស្ថិតក្នុង​ការប្រកាសអាសន្ន ក៏ដូចជា​ពេលវេលា​ដែល​ប្រកាស​នេះ​ត្រូវអស់​សុពលភាព ដោយ​គ្រាន់តែ​និយាយថា ព័ត៌មាន​លម្អិត​ជាង​នេះ​នឹងត្រូវ​បានប្រកាស​ក្នុងថ្ងៃនេះ។

លោក Viktor Orban កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់ ហុង​គ្រី ចាប់ពី​ឆ្នាំ ២០១០ និង​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មេ​ដឹក​ដែល​គាំទ្រ រុស្ស៊ី បំផុត ក្នុងចំណោម ២៧ ប្រទេស​ដែលជា​សមាជិក​របស់ សហភាព​អឺរ៉ុប (EU)។

ក្នុង​បញ្ហា​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន រដ្ឋាភិបាល​របស់ ហុង​គ្រី បានប្រកាស​ប្រឆាំង​រាល់​ទណ្ឌកម្ម​ដែល EU ដាក់​លើ​ក្រុមហ៊ុន​ប្រេង​របស់ រុស្ស៊ី ដោយសារ​បារម្ភ​អំពី​ផលប៉ះពាល់​ដល់​ផលប្រយោជន៍​ជាតិ។

Advertisement