ដី​របស់​ព្រះ​ចន្ទ​អាច​ដាំ​រុក្ខជាតិ​បាន! អ្នកវិទ្យាសាស្ត្រ​ដាំ​រុក្ខជាតិ «ដុះ» ជា​លើកដំបូង​លើដី​របស់​ព្រះ​ចន្ទ

បើទោះជា​រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ​លូតលាស់​យឺត​ជាង​ដី​របស់​ផែនដី ប៉ុន្តែ​នេះ​នៅតែ​ជា​ដំណឹង​ល្អ និង​ផ្ដល់​ក្ដីសង្ឃឹម​សម្រាប់​បេសកកម្ម​ស្រាវជ្រាវ​អវកាស​នាពេល​អនាគត។

ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ដែល​ឧបត្ថម្ភ​ដោយ ណា​សា ក្រុម​អ្នកវិទ្យាសាស្ត្រ​អាច​ដាំ​រុក្ខជាតិ​ដុះ​នៅលើ​សំណាក​ដី​ដែល​យកមក​ពី​ឋាន​ព្រះ​ចន្ទ​កាលពី ៥០ ឆ្នាំមុន។ ជោគជ័យ​នេះ​មិន​ត្រឹម​តែមាន​ប្រយោជន៍​សម្រាប់​ការរុករក​នៅ​ទី​អវកាស​នោះទេ ប៉ុន្តែ វា​ក៏មាន​ប្រយោជន៍​ដល់​ការដាំ​ដំណាំ​នៅក្នុង​តំបន់​ដែល​មិនមាន​អំណោយផល​ល្អ​លើ​ផែនដី​ផងដែរ។

ក្នុង​គម្រោង​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ Florida បាន​ដាំ Arabidopsis Thaliana ដែលជា​សាខា​មួយ​នៃ​អម្បូរ​ស្ពៃខៀវ នៅលើ​សំណាក​ដី​ព្រះ​ចន្ទ ដែល​ត្រូវបាន​យកមក​កាន់​ផែនដី​ក្នុងអំឡុង​បេសកកម្ម​អវកាស Apollo ១១, ១២ និង ១៧។

Anna-Lisa Paul ប្រធាន​មជ្ឈមណ្ឌល​អន្តរ​វិស័យ​ស្រាវជ្រាវ​បច្ចេកវិទ្យា​ជីវសាស្ត្រ និង​ជា​សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ Florida ដែលជា​អ្នក​ប្រធាន​គម្រោង​ខាងលើ​ឱ្យដឹងថា គ្រាប់ពូជ​បាន​ដុះ​ឡើង​ដោយ​ជោគជ័យ​នៅលើ​សំណាក​ដី​ព្រះ​ចន្ទ។

«ក្រោយ​រយៈពេល ២ ថ្ងៃ ពួកវា​ចាប់ផ្ដើម​មានព​ន្ល​ក។ គ្រប់​គ្រាប់ពូជ សុទ្ធតែ​បាន​ដុះ​ពន្លក។ រុក្ខជាតិ​ទាំងនេះ បើ​ទោះ​ដាំ​លើដី​ព្រះ​ចន្ទ ឬ​សំណាក​ដី​ពី​ក​ម្អែ​ភ្នំភ្លើង​សម្រាប់​ប្រៀបធៀប សុទ្ធតែ​ដុះ​ដូចគ្នា​រហូតដល់​ថ្ងៃទី ៦» Paul សរសេរ​ដូច្នេះ។

ប៉ុន្តែ នៅពេល​ប្រៀបធៀប គេ​ឃើញថា រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ លូតលាស់​មិនបាន​ល្អ​ដូច​រុក្ខជាតិ​ដែល​ដាំ​លើដី​របស់​ផែនដី។ មកដល់​ថ្ងៃទី ១៦ គេ​ឃើញ​មានការ​ខុសប្លែកគ្នា​យ៉ាងច្បាស់​រវាង​រុក្ខជាតិ​ដាំ​លើដី​ព្រះ​ចន្ទ (រុក្ខជាតិ​ខាងស្ដាំ) និង​លើដី​ក​ម្អែ​ភ្នំភ្លើង (រុក្ខជាតិ​ខាងឆ្វេង)។

ក្រោយ​រយៈពេល ២០ ថ្ងៃ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចាប់ផ្ដើម​ប្រមូល​ផល Arabidopsis មុនពេល​ពួកវា​ចេញ​ផ្កា។ ក្រោយមក​ពួកគេ​ក៏បាន​កិន​រុក្ខជាតិ​ទាំងនោះ​ដើម្បី​ពិនិត្យ RNA។ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ថា រុក្ខជាតិ​ដែល​ដាំ​លើដី​ព្រះ​ចន្ទ មាន​លក្ខណៈ​ដូច​ទៅនឹង​រុក្ខជាតិ​ដែល​ដាំ​នៅក្នុង​តំបន់​ដែលមាន​សារធាតុ​ដែក ឬ​អំបិល​ច្រើន នៅលើ​ផែនដី។

ប្រកាស​​របស់ ណា​សា បាប​ឱ្យដឹងថា លទ្ធផល​នៃ​ការស្រាវជ្រាវ​នេះ​នឹង​បើកផ្លូវ​សម្រាប់​ការដាំ​ដំណាំ​លើ​ឋាន​ព្រះ​ចន្ទ​នាពេល​អនាគត។

Advertisement