អាចម៍ផ្កាយ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ​កម្ពស់ ១០២ ជាន់ កំពុង​សំដៅ​មកកាន់​ផែនដី

អាចម៍​មួយ​ដុំ​ដែលមាន​ទំហំ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ Empire State នៅ សហរដ្ឋ​អាម៉េរិក កំពុងតែ​ហោះ​តម្រង់​មកកាន់​ផែនដី ក្នុង​ល្បឿន ៧៦,០០០ គីឡូម៉ែត្រ/ម៉ោង។

យោងតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា ១៩៨៩ JA កំពុង​ហោះ​ឆ្ពោះ​មក​មកកាន់​ផែនដី ក្នុង​គម្លាត​ប្រហែល ៤ លាន​គីឡូម៉ែត្រ ជិត​ស្មើនឹង ១០ ដង នៃ​រយៈ​ចម្ងាយ​ធ​ម្យ​មរ​វាង​ផែនដី និង​ព្រះ​ចន្ទ។

ដុំថ្ម​អវកាស​ដែលមាន​អង្កត់ផ្ចិត ១.៨ គីឡូម៉ែត្រ​នេះ គោចរ​ក្នុង​ល្បឿន ៧៦,០០០ គូ​ឡូ​ម៉ែត្រ/ម៉ោង លឿន​ជាង ២០ ដង ធៀប​នឹង​គ្រាប់កាំភ្លើង​ដែល​កំពុង​បង្កើនល្បឿន។ ១៩៨៩ JA អាច​បង្ក​មហន្តរាយ​ធំធេង​ចំពោះ​ផែនដី បើសិន​មានការ​ប៉ះទង្គិច។

តាម​ការ​គណនា អាចម៍ផ្កាយ​មួយ​ដុំ​នេះ​មាន​ទំហំ​ធំ​ជាង ៤ ដង ធៀប​នឹង​អគារ Empire State នៅ New York សហរដ្ឋ​អាម៉េរិក។ Empire State គឺជា​អគារ​ដែលមាន ១០២ ជាន់ និង​កម្ពស់​សរុប ៣៨១ ម៉ែត្រ ហើយ​បើ​គិត​ទាំង​អង់​តែ​ន​ទៀត វា​មាន​កម្ពស់ ៤៤២ ម៉ែត្រ។

អាចម៍​ផ្កាយ​ ១៩៨៩ JA នឹង​ហោះ​ចូល​មក​ជិត​ផែនដី​បំផុត​នៅ​ថ្ងៃទី ២៧ ឧសភា ២០២២​។ ទីភ្នាក់ងារ​អវកាស​អាម៉េរិក ណា​សា (NASA) ឱ្យដឹងថា ១៩៨៩ JA ត្រូវបាន​ចាត់​ចូលក្នុង «ក្រុម​វត្ថុ​អវកាស​ដែល​អាច​បង្ក​ហានិភ័យ» និង​ជា​អាចម៍ផ្កាយ​ធំជាងគេ​បង្អស់​ដែល​នឹង​ហោះ​មក​ជិត​ផែនដី​នៅក្នុង​ឆ្នាំនេះ។

យ៉ាង​ណា​ក៏​ដោយ​ ណា​សា ឱ្យដឹងថា អាចម៍ផ្កាយ​នេះ​នឹង​ហោះ​កាត់​ក្បែរ​ផែនដី​ដោយ​សុវត្ថិភាព ប៉ុន្តែ​នឹង​គោចរ​មក​ជិត​ផែនដី​ម្ដងទៀត​នៅ​ខែមិថុនា ២០៥៥។

Advertisement