មហាសេដ្ឋី Elon Musk ខក​ចិត្ត​ នៅ​ពេល​ Donald​ Trump​ នៅ​តែ​​មិន​​​អាច​​ចូល​​ប្រើ​ Twitter

លោក Elon Musk ត្រូវបាន​គេ​ជឿថា មិន​ពេញចិត្ត ពេលដែល​អតីត​ប្រធានាធិបតី​របស់ សហរដ្ឋ​អាម៉េរិក លោក Donald Trump នៅតែ​មិនទាន់​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ប្រើ​គណនី Twitter។

យោងតាម Wall Street Journal មនុស្ស​មួយចំនួន​ដែល​ធ្លាប់បាន​និយាយ​ជាមួយ​នាយក​ប្រតិបត្តិ​របស់ SpaceX ថ្មីៗនេះ បានឱ្យដឹងថា លោក Musk បានបង្ហាញ​ការខកចិត្ត ព្រោះតែ​បទបញ្ជា​ហាម​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ចំពោះ​លោក Trump នៅតែ​ត្រូវបាន​គេ​អនុវត្ត។ ក៏ប៉ុន្តែ លោក Musk មិនបាន​និយាយ​អំពី​ប្រការ​ដែលថា លោក​នឹង​ផ្លាស់ប្ដូរ​គោលការណ៍ ឬ​លើកឡើង​នូវ​ករណី​លើកលែង​ដើម្បី​ស្ដារ​គណនី​ឱ្យ អតីត​ប្រធានាធិបតី​អាម៉េរិក នៅពេល​លោក​បាន​ចូលមក​ក្ដោប​ក្ដាប់ Twitter ឬ​យ៉ាងណា​នៅឡើយ។

នៅលើ Fox News កាលពី​ថ្ងៃទី ២៥ មេសា លោក Donald Trump បាន​អះអាង នឹងមិន​វិល​ត្រលប់មក​ប្រើប្រាស់​ប្រាស់ Twitter វិញ​ទេ បើទោះជា​គណនី​របស់លោក​ត្រូវបាន​បើក​ឡើងវិញ។

លោក​ Elon Musk (ស្ដាំ) និង​ អតីត​ប្រធានាធិបតី​អាម៉េរិក Donald Trump

មកដល់​ថ្ងៃទី ២៩ មេសា លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social ថា «ខ្ញុំ​បាន​ត្រលប់​មកវិញហើយ»។ នេះ​ជា​លើកដំបូង​ដែល​លោក​បង្ហាញខ្លួន​នៅលើ​បណ្ដាញ​សង្គម​ដែល​លោក​បាន​បង្កើតឡើង​ដោយផ្ទាល់ ចាប់តាំងពី ខែកុម្ភៈ។ សារ​របស់លោក មិនយូរប៉ុន្មាន​ក៏មាន​អ្នក​ចុច​ចូលចិត្ត​ជាង ៣០០,០០០ លើក និង​ការចែករំលែក​បន្ត​ចំនួន​ជាង ១០០,០០០ លើក។

លោក Trump បាន​បង្ហោះ​សារ​មួយ​នៅលើ Truth Social

លោក Trump ត្រូវបាន Twitter ហាម​មិនឱ្យ​ប្រើប្រាស់​ជា​រៀងរហូត​ចាប់តាំងពី​ខែមករា ២០២១ ក្រោម​មូល​ហេតុថា លោក​បាន «អុជអាល​ឱ្យមាន​អំពើហិង្សា​បន្ថែម»។ អតីត​ប្រធានាធិបតី​អាម៉េរិក យល់ថា បណ្ដាញ​សង្គម​នេះ​មាន​គណនី​ក្លែងក្លាយ​ច្រើន និង​បាត់បង់​សេរីភាព​បញ្ចេញមតិ។

ចំណែក​លោក Musk វិញ និយាយថា សេរីភាព​នៃ​ការបញ្ចេញមតិ​គឺជា​គ្រឹះ​របស់​ប្រជាធិបតេយ្យ ហើយ Twitter គឺជា​ថ្នាល​បច្ចេកវិទ្យា ជាទី​ដែលបញ្ហាសំខាន់ៗនៃ​អនាគត​របស់​មនុស្សជាតិ​ត្រូវបាន​លើក​យកមក​ជជែក​តវ៉ា»៕

Advertisement