ស្ថានការណ៍​កូ​វីដ-១៩ នៅ ​ប្រទេស​វៀតណាម! អាជ្ញាធរ ដក​ហូត​បទ​បញ្ជា​ដែល​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល

លោក​ ង្វៀន ធាញ់ ឡុង

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាលរបស់​ ប្រទេស​​វៀតណាម នៅ​ថ្ងៃទី ២៦ មេសា ឱ្យដឹងថា នឹង​លុបចោល​បទបញ្ជា​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល​នាពេលខាងមុខ ក្នុង​គ្រា​ដែល នាយកដ្ឋាន​បង្ការ​ផ្នែក​សុខាភិបាល កំពុង​កសាង​ការណែនាំ​ថ្មី។

«វៀតណាម លែង​អនុវត្ត​ការ​វិធានការ​ស្រាវជ្រាវ តាមដាន​ជំងឺ​រាតត្បាត និង​កំពុង​វិល​ត្រលប់​ទៅរក​ជីវភាព​ធម្មតា​វិញ ដូច្នេះ​មិន​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល​ក្នុងស្រុក​ទៀត​ទេ» លោក ង្វៀន ធាញ់ ឡុង (Nguyen Thanh Long) រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​វៀតណាម ថ្លែង​ដូច្នេះ​នា​ព្រឹក​ថ្ងៃទី ២៦ មេសា​នេះ។ លោក​ថា នាយកដ្ឋាន​បង្ការ​ផ្នែក​សុខាភិបាល នឹងមាន​បទបញ្ជា​ណែនាំ​ជាជំហានៗនៅក្នុង​ដំណើរ​ឆ្ពោះទៅរក​ស្ថានភាព​ធម្មតា។

បច្ចុប្បន្ន គេ​មិនទាន់​ដឹងថា បទបញ្ជា​តម្រូវឱ្យ​រាយការណ៍​ផ្នែក​សុខាភិបាល នឹងត្រូវ​បាន​ដកចេញ​ពេលណា​នៅឡើយ។ ចាប់តាំងពី កូ​វីដ-១៩ បានបង្ហាញ​ខ្លួន ការរាយការណ៍​ផ្នែក​សុខាភិបាល​របស់​ប្រជាជន គឺជា​វិធានការ​ទប់ស្កាត់​ការឆ្លង​វីរុស ១ នៅ​ក្នុងចំណោម ៥ ដែល វៀតណាម បាន​អនុវត្ត។

នៅពេល​បញ្ហា​កូ​វីដ-១៩ កំពុង​ធូរស្បើយ​បន្តិចម្ដងៗ មេដឹកនាំ​មូលដ្ឋាន​ជាច្រើន​បានស្នើ​ឱ្យ ក្រសួងសុខាភិបាល កែសម្រួល​វិធានការ​ទាំង ៥ ដែល​រួមមាន ពាក់​ម៉ាស, សម្អាត​មេរោគ, រក្សា​គម្លាត, រាយការណ៍​សុខាភិបាល និង​បម្រាម​លើ​ការជួបជុំ ឱ្យ​មក​​នៅត្រឹម ២ ប្រការ​វិញ គឺ ពាក់​ម៉ាស និង​សម្អាត​មេរោគ ដើម្បីឱ្យ​​សម​ស្រប​ទៅនឹង​ស្ថានការណ៍​ថ្មី៕

Advertisement