សហរដ្ឋ​អាម៉េរិក លក់​អាវុធ​បន្ទាន់ តម្លៃ ១៦៥ លាន​ដុល្លារ ឱ្យ ប្រទេស​អ៊ុយ​ក្រែ​ន

ទាហាន​អ៊ុយក្រែន កំពុង​ធ្វើ​សមយុទ្ធ​ហាត់​ប្រើប្រាស់​កាំភ្លើង​​ធំ Msta នៅ Kherson កាលពី​ខែ​មករា ២០២២

ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានប្រកាស​ស្ថានការណ៍​បន្ទាន់​ជា​លើកដំបូង​នៅក្នុង​សម័យ ចូ បៃ​ដិ​ន ដើម្បី​អនុម័ត​លក់​គ្រាប់កាំភ្លើង​ធំ​ឱ្យ អ៊ុយ​ក្រែ​ន ដោយ​មិន​ឆ្លងកាត់​ការពិនិត្យ​របស់​សភា។

អង្គភាព​សហការ​សន្តិ​សុខ​ការពារជាតិ (DSCA) របស់ មន្ទីរ​បញ្ច​កោណ កាលពី​ម្សិលមិញ​បានប្រកាសថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានអនុម័ត​កិច្ចព្រមព្រៀង​ដែលមាន​សក្ដានុពល ដើម្បី​លក់ «គ្រាប់កាំភ្លើង​ប្រភេទ​មិន​ស្ដង់ដា (ឬ Non-Standard Ammunition គឺជា​ពាក្យ​សម្រាប់​ហៅ​គ្រាប់កាំភ្លើង​ដែល​ផលិត​ទៅតាម​ស្ដង់ដារ​របស់ សូ​វៀត និង​មិន​គោរព​តាម​ស្ដង់ដារ​របស់ ណា​តូ) ឱ្យ អ៊ុយ​ក្រែ​ន ក្នុងតម្លៃ ១៦៥ លាន​ដុល្លារ​អាម៉េរិក។

អង្គភាព​នេះ​មិនបាន​ប្រកាស​ជូនដំណឹង​ដល់​សភា​អាម៉េរិក មុន​នោះ​មួយថ្ងៃ ទៅតាម​ការកំណត់​ឡើយ។ ក៏ប៉ុន្តែ ក្រសួងការបរទេស​អា​ម៉េ​រិ​ក បានប្រកាស​ស្ថានការណ៍​អាសន្ន ដើម្បី​ព​ន្លឿ​ន​នីតិវិធី​លក់​អាវុធ ដោយ​មិនចាំបាច់​រង់ចាំ​សភា​ពិនិត្យ​ក្នុង​រយៈពេល ៣០ ថ្ងៃ ដូច​ទៅនឹង​កិច្ចព្រមព្រៀង​ធម្មតា។

នេះ​គឺជា​លើកទីមួយ​ហើយ​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន បាន​ប្រើប្រាស់​មធ្យោបាយ​ប្រកាស​ស្ថានការណ៍​បន្ទាន់​ដើម្បី​លក់​អាវុធ រាប់​ចាប់តាំងពី​លោក ចូ បៃ​ដិ​ន បាន​ឡើងកាន់​អំណាច។

Advertisement