តំបន់ដែល​មាន​វិមាន​សភា​អាម៉េរិក ប្រកាសអាសន្ន និង​ឈ្លៀសមនុស្ស ព្រោះ​តែមាន​យន្តហោះ​ចម្លែក

ប៉ូលិស​នៅ​តំបន់ Capitol Hill បានចេញ​បញ្ជា​ឱ្យ​ឈ្លៀស​មន្ត្រី និង​បុគ្គលិក​នៅក្នុង​វិមាន​សភា ដោយសារ​តែមាន​យន្តហោះ​ចម្លែក​បង្ហាញខ្លួន មុនពេល​បានដឹងថា វា​គឺ​យន្តហោះ​ដែល​ចូលរួម​ក្នុង​ពិធី​សម្ដែង​របស់ កងទ័ពជើងគោក​អាម៉េរិក។

សមត្ថកិច្ច​ក្នុង​តំបន់ភ្នំ Capitol របស់ សហរដ្ឋ​អាម៉េរិក កាលពី​ម្សិលមិញ​បានប្រកាស​ឱ្យធ្វើ​ការតាមដាន​យន្តហោះ​ចម្លែក​មួយគ្រឿង​ដែល​ត្រូវបាន​ចាត់ទុកថា​ជា «ការគំរាមកំហែង» ធ្វើ​ឱ្យគេ​ត្រូវ​ឈ្លៀស​បុគ្គលិក​នៅក្នុង​វិមាន​សភា និង​អគារ​នៅ​ជុំវិញ នៅវេលា​ម៉ោង ១៨ និង ៣០ នាទី។ ការប្រកាសអាសន្ន​នេះ​ត្រូវបាន​លុបចោល​វិញ​នៅ​ប៉ុន្មាន​នាទី​ក្រោយមក ដោយ​ក្រុមមន្ត្រី​ឱ្យដឹងថា បទបញ្ជា​ឱ្យ​ឈ្លៀសមនុស្ស​នេះ​គ្រាន់តែ​ជាការ​បង្ការ​ប៉ុណ្ណោះ។

ក្រោយមក ប៉ូលិស​ក្នុង​ខណ្ឌ Columbia បាន​ប្រាប់ថា យន្តហោះ​ដែល​ត្រូវបាន​តាមដាន​នោះ ស្ថិតក្នុង​ជួរ​កងទ័ពជើងគោក ដែល​កំពុង​ដឹក​សមាជិក​ក្រុម​ទាហាន​លោត​ឆត្រយោង Golden Knights ទៅ​សម្ដែង​នៅក្នុង​ការប្រកួត​បាល់ បេ​ស្ប​ល (baseball)។ ក្រុម​ឆត្រយោង​នេះ​ត្រូវ​សម្ដែង​លោត​ពីលើ​យន្តហោះ ទម្លាក់ខ្លួន​ចុះ​ទីលាន​ប្រកួត បេ​ស្ប​ល ដែលមាន​ចម្ងាយ​ពី Capitol Hill ប្រហែល ១.៥ គីឡូម៉ែត្រ ចំណែក​យន្តហោះ​នេះ​ក៏បាន​ចុះចត​ដោយ​សុវត្ថិភាព​នៅវេលា​ម៉ោង ១៨ និង ៥០ នាទី។

យន្តហោះ De Havilland Twin Otter ចេញដំណើរ​ពី​មូលដ្ឋាន Andrews ក្នុង​រដ្ឋ Maryland ហើយ​ក្រោយមក​ក៏បាន​ហោះ​ក្រឡឹង​លើ​តំបន់​រឹតបន្តឹង​ការហោះហើរ​នៅក្បែរ​ភ្នំ Capitol។ ទិន្នន័យ​ពី​រ៉ា​ដា បាន​បង្ហាញថា វា​មិនបាន​បំពាន​លើ​ដែនអាកាស​ដែល​បាន​ហាម​ការហោះហើរ​ដែល​ស្ថិតនៅ​ខាងលើ​នៃ​តំបន់ Capitol Hill ដែលជា​តំបន់​មាន​វិមាន​សភា និង​អគារ​នានា​របស់​រដ្ឋាភិបាល។ យន្តហោះ​នេះ​ក៏បាន​ប្រកាសប្រាប់​ពី​ផ្លូវ​ហោះហើរ​ជា​បន្តបន្ទាប់​ជូន​ស្ថានីយ​គ្រប់គ្រង​ដែនអាកាស​នៅ​ព្រលានយន្តហោះ​ជាតិ Ronald Reagan Washington ដែល​នៅក្បែរនោះ​ផងដែរ។

ប្រភពព័ត៌មាន​ឱ្យដឹងថា ក្រុមមន្ត្រី​ស៊ើបអង្កេត​កំពុង​ពិនិត្យមើល​មូល​ហេតុដែល​ព្រឹត្តិការណ៍​នេះ​មិន​ត្រូវបាន​កងទ័ពជើងគោក​អាម៉េរិក សហការ​សម្របសម្រួល​ជាមួយ​កងកម្លាំង​អនុវត្ត​ច្បាប់​នៅ វ៉ា​ស៊ើ​ង​តោន និង​បាន​បញ្ជាក់ថា ស្ថាប័ន​ជាតិ​ជាច្រើន​ត្រូវ​ឈ្លៀស​មន្ត្រី ក្នុងពេល​យន្តហោះ​នោះ​ហើរ​ក្រឡឹង​ពីលើ។

តំបន់​ Capitol Hill

ទីក្រុង​វ៉ា​ស៊ី​ង​តោន ត្រូវបាន​ការពារ​ដោយ​មូលដ្ឋាន​មី​ស៊ី​ល​ការពារ​ដែនអាកាស​ជាច្រើន​កន្លែង ហើយ​កម្លាំង​របស់​កង​ទ័ពអាកាស​អចិន្ត្រៃយ៍ ហាក់​មិនមាន​អង្គភាព​ណាមួយ​ត្រូវបាន​បញ្ជា​ឱ្យ​តាមដាន​ហេតុការណ៍​នេះ។ ប្រការនេះ​បានបង្ហាញ​ថា មាន​បញ្ហា​នៅក្នុង​ការទាក់ទង​គ្នា​រវាង​កងទ័ព​អាម៉េរិក និង​ប៉ូលិស​នៅ Capitol Hill ពិសេស​គឺ​នៅក្នុង​ស្ថានការណ៍​ដែល ទីក្រុង​វ៉ា​ស៊ី​ង​តោន ស្វែងរក​វិធី​ដើម្បី​បង្កើន​សន្តិសុខ នៅក្រោយ​ព្រឹត្តិការណ៍​វឹកវរ​កាលពី​ថ្ងៃទី ៦ មករា ២០២១ ដែល​បង្កើតឡើង​ដោយ​ក្រុមគាំទ្រ​លោក Donald Trump៕

Advertisement