អ៊ុយ​ក្រែ​ន ប្រកាសថា បាន​ចាប់ខ្លួន​អ្នកមានដែល​​ស្និទ្ធ​នឹង រុស្ស៊ី

លោក Viktor Medvedchuk

អង្គភាព​សន្តិសុខ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១២ មេសា ឱ្យដឹងថា បាន​ចាប់ខ្លួន Viktor Medvedchuk ដែលជា​អ្នកមាន​ម្នាក់​ស្និទ្ធ​នឹង រុស្ស៊ី នៅក្នុង​យុទ្ធនាការ​ពិសេស​ដែល​ពួកគេ​អធិប្បាយ​ថា​ជា «មហា​ល្បឿន»។

មុន​នោះ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញថា Medvedchuk ត្រូវ​បានដាក់​ខ្នោះដៃ​ជាមួយនឹង​ទឹកមុខ​ប្រកបដោយ​ភាព​ហត់នឿយ។

«យុទ្ធនាការ​ពិសេស​មួយ​ត្រូវបាន​ធ្វើឡើង​ដោយ​អង្គភាព​សន្តិសុខ​អ៊ុយ​ក្រែ​ន។ ធ្វើ​បានល្អ!» លោក ហ្សេ​ឡែ​ន​ស្គី បង្ហោះ​សារ​នៅលើ Telegram ដូច្នេះ។ បន្ទាប់មក លោក​ក៏បាន​ស្នើឱ្យ​មានការ​ដោះដូ​រ Medvedchuk ជាមួយនឹង​ចំណាប់ខ្មាំង​សង្គ្រាម​អ៊ុយ​ក្រែ​ន ដែល​ត្រូវបាន រុស្ស៊ី ចាប់ខ្លួន។

លោក Medvedchuk គឺជា​អ្នកជំនួញ និង​ជា​មេដឹកនាំ​បក្សប្រឆាំង ដើម្បី​ជីវិត របស់​អ៊ុយ​ក្រែ​ន ត្រូវបាន​គេ​ជឿថា បាន​ក្លាយជា​អ្នកមាន​ក៏ដោយ​សារ​ប្រភព​រ៉ែ​ប្រេង​របស់ រុស្ស៊ី នៅ​តំបន់ គ្រី​មៀ​ជាមួយនឹង​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង វិមាន​ក្រឹម​ឡាំង។ ទស្សនាវដ្ដី Forbes គណនា​ឃើញថា លោក Medvedchuk មានទ្រព្យ​ប្រហែល ៦២០ លាន​ដុល្លារ​អាម៉េរិក។

បក្ស​របស់ Medvedchuk មានការ​គាំទ្រ​ចំពោះ ទីក្រុង​មូ​ស្គូ មុនពេល​លោក​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ក្បត់ជាតិ​កាលពី​ខែឧសភា ២០២១។ លោក​ត្រូវបាន​ឃុំខ្លួន​ក្នុងផ្ទះ មុនពេល​រត់គេចខ្លួន​កាលពី​ខែកុម្ភៈ ២០២២ ក្រោយពី រុស្ស៊ី បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន បាន​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។

Advertisement