រដ្ឋ​របស់ អាម៉េរិក ពិចារណា​រឿង​រូបមន្ត «ធ្វើការ ៤ ថ្ងៃ ក្នុង ១ សប្ដាហ៍»

សភា​របស់​រដ្ឋ California នៃ សហរដ្ឋ​អាម៉េរិក កំពុង​ពិចារណា​លើ​សំណើ​ស្ដីពី​រឿង​ធ្វើការ ៣២ ម៉ោង ក្នុង ១ សប្ដាហ៍ ដែល​ស្មើនឹង ៤ ថ្ងៃ/សប្ដាហ៍ អនុវត្ត​ចំពោះ​បណ្ដា​ក្រុមហ៊ុនធំ។

អ្នកតាក់តែង​ច្បាប់ ២ រូប របស់​រដ្ឋ California កាលពី​ខែកុម្ភៈ ២០២២ បានដាក់​សេចក្ដីព្រាងច្បាប់​មួយ​ទៅកាន់​អង្គសភា ស្ដីពី​ការកំណត់​ឱ្យធ្វើ​ការ​ក្នុង ១ សប្ដាហ៍ ត្រឹមតែ ៣២ ម៉ោង ជំនួស​ឱ្យ ៤០ ម៉ោង ចំពោះ​ក្រុមហ៊ុន​ទាំងឡាយ​ដែលមាន​បុគ្គលិក​លើសពី ៥០០ នាក់។ គណៈកម្មការ​ពលកម្ម និង​ការងារ របស់​សភា California នៅ​ចុង​សប្ដាហ៍​នេះ គ្រោង​នឹង​សម្រេច​ថា ត្រូវធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ខាងលើ ឬ​អត់។

អ្នក​ដែល​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ នឹងមិន​ត្រូវបាន​កាត់​ប្រាក់ខែ ខណៈដែល​អ្នក​ជ្រើស​រើសយក​ការធ្វើការ​ច្រើន​ម៉ោងជាង​នេះ​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ក្រៅ​ម៉ោង​មិន​ក្រោម ១.៥ ដង ធៀប​នឹង​ប្រាក់​ឈ្នួល​ធម្មតា។ បើសិន​ក្លាយជា​ច្បាប់ ការកំណត់​ថ្មី​នេះ​នឹងមាន​ឥទ្ធិពល​លើ​ក្រុមហ៊ុន​ជាង ២,០០០ នៅក្នុង​រដ្ឋ California។

«ពិតជា​គ្មាន​ន័យ បើសិនជា​យើង​នៅតែ​បន្ត​រក្សា​កាលបរិច្ឆេទ​ធ្វើការ​ដែលមាន​តាំងពី​សម័យ​បដិវត្តន៍​ឧស្សាហកម្ម» Cristina Garcia អ្នកនយោបាយ ១ រូប មកពី​បក្ស​ប្រជាធិបតេយ្យ នៅ California បានឱ្យដឹង​ដូច្នេះ និង​បន្ថែមថា ពុំមាន​ទំនាក់ទំនង​នឹង​គ្នា​ឡើយ រវាង «ការធ្វើការ​ច្រើន​ម៉ោង និង​ផលិតភាព​ខ្ពស់»។

ក៏ប៉ុន្តែ ការិយាល័យ​ពាណិជ្ជកម្ម California ដែលជា​ក្រុម​ជំនួយ​សម្រាប់​បណ្ដា​ក្រុមហ៊ុន អាជីវកម្ម​នៅក្នុង​រដ្ឋ​នេះ បាន​ជំទាស់​នឹង​សេចក្ដីព្រាងច្បាប់​ខាងលើ ដោយ​ព្រមាន​ថា វា​នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​នានា​ត្រូវ​ចំណាយ​ប្រាក់​ច្រើនជាង​មុន។

សំណើ​ស្ដីពី​ការធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ កំពុង​ទទួល​បានការ​គាំទ្រ​ច្រើន ដោយ​យល់ថា បរិមាណ​នៃ​ការងារ​ដូចគ្នា អាច​ត្រូវបានធ្វើ​រួចរាល់​ក្នុង​ពេលវេលា​ខ្លី​ជាង​មុន។ ក្រុមហ៊ុន​ជាច្រើន​ក៏​កំពុង​អនុវត្ត​សាកល្បង​វិធី ឬ​រូបមន្ត​ធ្វើការ​ដូចខាងលើ​នេះដែរ។

កាលពី​ដើមខែ​នេះ ក្រុមហ៊ុន​រាប់សិប​នៅ សហរដ្ឋ​អាម៉េរិក និង កាណាដា បានចាប់ផ្ដើម​សាកល្បង​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ ក្នុង​រយៈពេល ៦ ខែ។ បុគ្គលិក​នឹងធ្វើ​ការ​តែ ៨០% ធៀប​នឹង​ពេលវេលា​នៃ​ការបំពេញ​ការងារ​ដូច​សព្វថ្ងៃ ហើយ​ទទួលបាន​ប្រាក់ខែ​ដូច​ធម្មតា ប៉ុន្តែ​ត្រូវ​រក្សា​ទិន្នផល ឬ​ផលិតភាព​ឱ្យបាន​ដូច​មុន ១០០%។

នៅ ចក្រភព​អង់គ្លេស មាន​និយោជិត​ចំនួន ៣,០០០ នាក់ នៅក្នុង​ក្រុមហ៊ុន​ចំនួន ៦០ ក៏​ចូលរួម​សាកល្បង​ធ្វើការ ៤ ថ្ងៃ/សប្ដាហ៍ ក្នុង​រយៈពេល ៦ ខែ ដែល​នេះ​គឺជា​ការសាកល្បង​ទ្រង់ទ្រាយ​ធំ​បំផុត​ក្នុង​ពិភពលោក ស្ដីពី​បញ្ហា​នេះ។

ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩ បានធ្វើឱ្យ​មនុស្ស​ជាច្រើន រួម​នឹង​បណ្ដា​ក្រុមហ៊ុន ត្រូវ​ពិនិត្យឡើងវិញ​នូវ​រូបមន្ត​ធ្វើការ ដោយ​បង្កើន​វិធីសាស្ត្រ​បំពេញការងារ​ប្រកបដោយ​ភាពបត់បែន ជំនួស​ឱ្យ​ស្ដង់ដា​នៃ​ការធ្វើការ ៨ ម៉ោង/ថ្ងៃ និង ៥ ថ្ងៃ/សប្ដាហ៍។

ប្រធាន​អង្គ​ការមិន​ស្វែងរក​ប្រាក់ចំណេញ «4 Day Week Global» លោក Joe O’Connor បាន​ថ្លែងថា បច្ចុប្បន្ន ពុំមាន​វិធីសាស្ត្រ​ណាមួយ​ដែល​អាច​បង្វិល​ត្រលប់​មកវិញ​នូវ​យុគសម័យ​មិនទាន់​កើតមាន​ជំងឺ​រាតត្បាត​សកល កូ​វីដ-១៩។

«ពីមួយថ្ងៃ ទៅមួយថ្ងៃ មាន​ថ្នាក់​គ្រប់គ្រង និង​ថ្នាក់​ប្រតិបត្តិ​ជាច្រើន អនុវត្ត​រូបមន្ត​ធ្វើការ​ថ្មី ដោយ​ផ្ដោតទៅលើ​គុណភាព មិនមែន​ចំនួន​ម៉ោង​ធ្វើការ​ឡើយ។ ក្រោយ​វិបត្តិ​កូ​វីដ-១៩ និយោជិត​ទាំងឡាយ​ក៏មាន​សង្ឃឹម​ផ្សេង​ស្ដីពី​ការធ្វើឱ្យមាន​តុល្យភាព​រវាង​ជីវភាព​រស់នៅ និង​ការងារ» លោក O’Connor បញ្ជាក់​ដូច្នេះ៕

Advertisement