អាម៉េរិក សំងំ​បាញ់​សាកល្បង​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង

សហរដ្ឋ​អាម៉េរិក ធ្វើ​ការបាញ់​សាកល្បង​ដោយ​ជោគជ័យ​នូវ​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេង HAWC តាំងពី​ខែមីនា ប៉ុន្តែ​មិន​ប្រកាស​ជា​សាធារណៈ ដើម្បី​ចៀសវាង​ការឡើង​កម្ដៅ​នៃ​ភាព​តានតឹង​ជាមួយ រុស្ស៊ី។

កំណែ​អាវុធ​ល្បឿន​លឿន​ជាង​សំឡេង​មួយ​ដើម​ដែល​ប្រើប្រាស់​ឧបករណ៍​ស្រូបខ្យល់​ធម្មជាតិ (HAWC) ត្រូវបាន​បាញ់​ចេញពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-៥២ នៅលើ​លម្ហ​សមុទ្រ​នៃ​ឆ្នេរ​ខាងលិច​របស់ សហរដ្ឋ​អាម៉េរិក កាលពី​ពាក់កណ្ដាល​ខែមីនា ២០២២ ដែល​នេះ​គឺជា​ជោគជ័យ​ដំបូង​នៃ​កំណែ HAWC របស់​ក្រុមហ៊ុន Lockheed Martin។ ប៉ុន្តែ ព័ត៌មាន​នេះ​ត្រូវបាន​កងទ័ព​អាម៉េរិក លាក់បាំង​ក្នុង​រយៈពេល ២ សប្ដាហ៍ ដើម្បី​បញ្ចៀស​ការកើនឡើង​នៃ​ភាព​តានតឹង​ជាមួយ រុស្ស៊ី នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹង​នា​ថ្ងៃនេះ​របស់​មន្ត្រី​ម្នា​ក់នៅ មន្ទីរ​បញ្ច​កោណ។

ក្នុងការ​ធ្វើតេស្ត អាវុធ​ខាងលើ​ហោះ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង ៥ ដង ដែល​នេះ​គឺជា​ល្បឿន​យឺត​បំផុត​សម្រាប់​អាវុធ​ប្រភេទ​ល្បឿន​លឿន​ជាង​សំឡេង។

មន្ត្រី​អាម៉េរិក​ខាងលើ មិនបាន​និយាយ​អ្វី​បន្ថែម គ្រាន់តែ​ប្រាប់ថា អាវុធ​ដែល​បានធ្វើ​តេស្ត​នោះ ហោះ​ក្នុង​រយៈកម្ពស់​ប្រហែល ២០ គីឡូម៉ែត្រ និង​ឆ្លងកាត់​ចម្ងាយ​ផ្លូវ​ជិត ៥០០ គីឡូម៉ែត្រ ដោយ​ប្រើពេល​មិន​ដល់ ៥ នាទី។

ការសាកល្បង​អាវុធ​របស់ អាម៉េរិក ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី រុស្ស៊ី ប្រកាស​ប្រើប្រាស់​កាំជ្រួច​ល្បឿន​លឿន​ជាង​សំឡេងឈ្មោះ Kinzhal ដើម្បី​វាយប្រហារ​ឃ្លាំង​អាវុធ​នៅក្នុង​តំបន់​ភាគ​ខាងលិច និង​ភាគ​និរតី​របស់ អ៊ុយ​ក្រែ​ន៕

Advertisement