កងកម្លាំង​រុស្ស៊ី ដក​ថយ​​ចេញ​ពី​​ព្រលាន​យន្ត​ហោះ​​ក្បែរ​​រដ្ឋធានី​​របស់​ អ៊ុយ​ក្រែ​ន

អាកាសយានដ្ឋាន Antonov ថត​ពី​ផ្កាយ​រណប​របស់ Maxar Technologies

រូបភាព​ពី​ផ្កាយរណប​ថ្មី​បំផុត​បង្ហាញថា កងកម្លាំង​របស់ រុស្ស៊ី បាន​ដក​ចេញពី​អាកាសយានដ្ឋាន Antonov ក្នុង​ទីរួមស្រុក Hostomel ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កៀវ ៧ គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង។

មន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ១ រូប កាលពី​ថ្ងៃទី ៣១ មីនា បានឱ្យដឹងថា ពួកគេ​ជឿថា កងកម្លាំង​របស់ រុស្ស៊ី ទំនងជា​បាន​ដកថយ​ចេញពី​ព្រលានយន្តហោះ Antovov ជា​គោលដៅ​ដែល​ត្រូវបាន កងទ័ព​រុស្ស៊ី វាយប្រហារ​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​យោធា​ពិសេស​របស់ ទីក្រុង​មូ​ស្គូ នៅ អ៊ុយ​ក្រែ​ន។

ក្រោយមក រូបភាព​ពី​ផ្កាយរណប​របស់ Maxar Technologies ដែល​ថត​បាន​ក្នុង​ថ្ងៃ​ដដែល​នោះ បាន​បញ្ជាក់ថា កងទ័ព​រុស្ស៊ី ពិតជា​បាន​ដកថយ​ពី​ព្រលានយន្តហោះ​នោះ​មែន ដោយ​ពុំ​ឃើញ​មាន​យាន​យោធា ឬ​ទីតាំង​ដាក់អាវុធ​ធុន​ធ្ងន់​របស់ រុស្ស៊ី ទៀត​នោះទេ។ នៅ​ទីនោះ នៅសល់តែ​លេណដ្ឋាន​ដែល ទាហាន​រុស្ស៊ី បាន​បង្កើតឡើង​ដើម្បី​បាំង​ការពារ​ខ្លួន។

រុស្ស៊ី បានចាប់ផ្ដើម​បើក​ការឈ្លានពាន​លើ ទឹកដី​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ២៤ កុម្ភៈ ដើម្បី «បំបាត់ចោល​ការពង្រីក​យោធា​របស់ អ៊ុយ​ក្រែ​ន»។ តំណាង​ក្រុម​ចរចា​របស់ រុស្ស៊ី និង អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ បានប្រកាស​បន្ត​កិច្ចពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ បន្ទាប់ពី​បាន​ចរចា​គ្នា​ផ្ទាល់​នៅ អ៊ី​ស្តង់​ប៊ុល នៃ ប្រទេស​តួ​ក​គី កាលពី​ថ្ងៃទី ២៩ មីនា ដែល​ត្រូវបាន​វាយតម្លៃថា វិជ្ជមាន។ ចំណែក ប្រធានាធិបតី​អ៊ុយ​ក្រែ​ន វិញ បានឱ្យដឹងថា បានប្រគល់​សេចក្ដីព្រាង​មួយចំនួន​ស្ដីពី​ការធានា​សន្តិសុខ ឱ្យ​បណ្ដា​ប្រទេស ក្នុងនោះ​មាន អាម៉េរិក និង​សម្ព័ន្ធ​របស់ អាម៉េរិក ផងដែរ៕

Advertisement