បាតុករ​រាប់រយ​នាក់​នៅ ស្រីលង្កា វាយប្រហារ​វិមាន​ប្រធានាធិបតី

បាតុករ​រាប់រយ​នាក់​បាន​រក​វិធី​វាយប្រហារ​ទៅលើ​វិមាន​ប្រធានាធិបតី​របស់ ស្រីលង្កា ជា​ប្រទេស​កោះ​នៅ មហាសមុទ្រ​ឥណ្ឌា នាំឱ្យ​អាជ្ញាធរ​រដ្ឋធានី ដាក់​បម្រាម​គោចរ។

រលក​នៃ​បាតុកម្ម​ដោយសារ​បញ្ហា​ខ្វះ​ប្រេងឥន្ធនៈ និង​អតិផរណា​កើនឡើង​ក្នុង​រយៈពេល​ច្រើន​សប្ដាហ៍​នៅ ប្រទេស​ស្រីលង្កា បាន​ប្រែ​ទៅជា​អំពើហិង្សា​នៅ​យប់​ថ្ងៃទី ៣១ មីនា នៅ កូឡុំបូ (Colombo) រដ្ឋធានី​របស់ ស្រីលង្កា ក្នុង​គ្រា​ដែល​ក្រុមបាតុករ​បាន​រក​វិធី​ដើម្បី​វាយប្រហារ​ទៅលើ​វិមាន​របស់​ប្រធានាធិបតី និង​ទាមទារ​ឱ្យ​លោក Gotabaya Rajapaksa ចុះ​ចេញពី​តំណែង។

កងកម្លាំង​សន្តិសុខ បាន​ប្រើប្រាស់​គ្រាប់​បែកផ្សែង​បង្ហូរទឹកភ្នែក និង​បាញ់​ទឹក ដើម្បី​បំបែ​ង​ហ្វូង​បាតុករ ដែលមាន​គ្នា​រាប់រយ​នាក់។ សាក្សី​បានឱ្យដឹងថា កម្លាំង​សន្តិសុខ​បាន​បាញ់កាំភ្លើង ប៉ុន្តែ មិន​ច្បាស់​ថា ពួកគេ​ប្រើ​គ្រាប់​ពិត ឬ​គ្រាប់​កៅស៊ូ​នោះទេ។ ការប៉ះទង្គិច​រវាង​ក្រុមបាតុករ និង​ក្រុមប៉ូលិស​កាលពី​យប់មិញ បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ធ្ងន់​យ៉ាងតិច ១ នាក់។

ក្រុមបាតុករ​បាន​ដុតបំផ្លាញ​រថយន្ត​ប៉ូលិស ១ គ្រឿង និង​រថយន្តយោធា ១ គ្រឿង ដែល​ចត​នៅលើ​ដងផ្លូវ​ទៅកាន់​វិមាន​ប្រធានាធិបតី Gotabaya Rajapaksa។ ពួកគេ​បាន​ផ្ដួលរំលំ​ជញ្ជាំង​មួយ​នៅក្នុង​តំបន់ ហើយ​យក​ដុំថ្ម​គប់​ទៅលើ​ក្រុមប៉ូលិស និង​ទាហាន។

ហេតុការណ៍​ខាងលើ​នាំឱ្យ​ក្រុមមន្ត្រី​យោធា​ជាន់ខ្ពស់ បើក​កិច្ចប្រជុំ​បន្ទាន់​ដើម្បី​រក​វិធី​ទប់​ទល់នឹង​វិបត្តិ។ រដ្ឋធានី​កូឡុំបូ ក៏ត្រូវ​បានដាក់​ក្នុង​បម្រាម​គោចរ​ដោយ​គ្មាន​កាលកំណត់។

Advertisement