(វីដេអូ)-អ៊ុយ​ក្រែ​ន បញ្ចេញ​វីដេអូ «វាយឆ្មក់​លើ​ក្បួន​យាន​យោធា​រុស្ស៊ី»

កងទ័ព​អ៊ុយ​ក្រែ​ន បង្ហោះ​វីដេអូ​មួយ​ដែល​បង្ហាញ​អំពី​ទិដ្ឋភាព​ក្បួន​រថពាសដែក​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​របស់ រុស្ស៊ី ត្រូវបាន​វាយឆ្មក់ និង​រង​ការខូចខាត​ធ្ងន់ធ្ងរ​នៅ ជាយក្រុង​កៀវ។

វីដេអូ​ដែល​ត្រូវបាន​បង្ហោះ​ដោយ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃទី ១០ មីនា បង្ហាញថា ក្បួន​រថពាសដែក និង​រថក្រោះ ត្រូវ​រង​ការវាយប្រហារ​ជា​បន្តបន្ទាប់​នៅលើ​ដងផ្លូវ​មួយ។ អ៊ុយ​ក្រែ​ន និយាយថា ក្បួនទ័ព​ដែល​រង​ការវាយប្រហារ​នេះ គឺជា​របស់ កងទ័ព​រុស្ស៊ី ប៉ុន្តែ មិនទាន់​ឱ្យដឹង​ច្បាស់​អំពី​ទីតាំង​សមរភូមិ​នៅឡើយ។

វីដេអូ​នេះ​ត្រូវបាន​បញ្ចូល​សំឡេង​ដែល​ទំនងជា​ការទាក់ទងរ​វាង​មន្ត្រី​យោធា​រុស្ស៊ី ជាមួយនឹង​ថ្នាក់លើ និង​ត្រូវបាន អ៊ុយ​ក្រែ​ន ស្ទាក់​ស្ដាប់​បាន។ «យើង​បាន​បាត់បង់​កងពល ៦» មន្ត្រី​យោធា​នេះ ប្រាប់​មេបញ្ជាការ​របស់ខ្លួន។ «ខ្ញុំ​មិនអាច​រាយការណ៍​អំពី​កងពល ។ ខ្ញុំ​កំពុង​ប្រមូល​ព័ត៌មាន។ ខូចខាត​ច្រើនណាស់។ ផ្នែក​ខាងមុខ​របស់​ក្បួន​យាន​យោធា​ត្រូវបាន​វាយឆ្មក់។ ប្រធាន​កងពល​បាន​បាត់បង់​ជីវិត»។

កងទ័ព​អ៊ុយ​ក្រែ​ន និយាយថា មេបញ្ជាការ​នៃ​កងពល​លេខ៦ របស់ កងទ័ព​រុស្ស៊ី បាន​ស្លាប់​ក្នុងករណី​វាយឆ្មក់ ក្នុងពេលដែល​សារព័ត៌មាន​អ៊ុយ​ក្រែ​ន ផ្សាយ​ថា មេបញ្ជាការ​អាចជា​វរ​សេនីយ៍​ឯក Andrei Zakharov ប៉ុន្តែ ព័ត៌មាន​នេះ​មិនទាន់​ត្រូវបាន​ផ្ទៀងផ្ទាត់​នៅឡើយ។

ទំព័រ​ស៊ើបអង្កេត Bellingcat ឱ្យដឹងថា កំណត់​បាន​នូវ​ទីតាំង​នៃ​ករណី​វាយឆ្មក់​ក្នុង​វីដេអូ​នេះ។ ហេតុការណ៍​កើតឡើង​នៅ​ទីប្រជុំជន​មួយ ក្បែរផ្លូវ E៩៥ ដែលមាន​ចម្ងាយ​ពី រដ្ឋធានី​កៀវ ប្រហែល ៣៥ គីឡូម៉ែត្រ ទៅ​ទិសខាងកើត។

Advertisement