​នាវាមុជទឹកដំបូង​របស់ ប្រទេស​ថៃ ជួប​ការ​លំបាក ព្រោះ​ អាល្លឺម៉ង់ មិន​ព្រម​ផ្គត់​ផ្គង់ម៉ាស៊ីន​ ឱ្យ​ ចិន

នាវាមុជទឹក​ type-០៣៩A គឺជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ ចិន​ សាងសង់​នាវា​ឱ្យ ថៃ

នាវាមុជទឹក S២៦T ដំបូង​របស់ ប្រទេស​ថៃ កំពុង​ត្រូវបាន​សាងសង់​ដោយ​ពុំមាន​ម៉ាស៊ីន ព្រោះតែ អាល្លឺម៉ង់ បដិសេធ​ការបញ្ជូន​សម្ភារ​មកឱ្យ ចិន។

Yutthapong Charathien តំណាងរាស្ត្រ​បក្ស ភឿ​ថៃ កាលពី​ចុងខែ​មុន​បានឱ្យដឹងថា រោងចក្រ​សាងសង់​កប៉ាល់​ចិន កំពុង​ជួប​ការលំបាក​នៅក្នុង​ការប្រឹងប្រែង​ទិញ​គ្រឿង​ម៉ាស៊ីន​ម៉ា​ស៊ូ​ត ពី​ក្រុមហ៊ុន MTU របស់ អាល្លឺម៉ង់ បង្ក​ហានិភ័យ​យឺតយ៉ាវ​ក្នុងការ​ប្រគល់​នាវាមុជទឹក S២៦T ដែលមាន​តម្លៃ ៤០៨ លាន​ដុល្លារ ឱ្យ ប្រទេស​ថៃ។

«ហេតុអ្វី ថៃ មិន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ដែល​អាច​ផលិត​ដោយផ្ទាល់​ខ្លួន​នូវ​គ្រឿង​ម៉ាស៊ីន​សម្រាប់​នាវាមុជទឹក? ហេតុអ្វី កងទ័ពជើងទឹក​ថៃ នៅតែ​រំពឹង​លើ​គម្រោង​ទិញ​នាវាមុជទឹក ២ គ្រឿង​ទៀត ខណៈដែល​គ្រឿង​ដំបូង​នៅ​មិនទាន់មាន​គ្រឿង​ម៉ាស៊ីន? ខ្ញុំ​យល់ថា កិច្ចព្រមព្រៀង​នេះ​មិនមាន​តម្លាភាព» Yutthapong Charathien តំណាងរាស្ត្រ​បក្ស ភឿ​ថៃ ថ្លែង​ដូច្នេះ។

តំណាងរាស្ត្រ​រូបនេះ​ក៏បាន​ព្រមាន​អំពី​លទ្ធភាព​ដែល​នាវាមុជទឹក S២៦T របស់ ថៃ នឹងត្រូវ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​របស់ ចិន ជំនួស​ឱ្យ​ផលិតផល​របស់ អាល្លឺម៉ង់ ដូចដែល​បាន​ព្រមព្រៀង។

មន្ត្រី​អនុព័ន្ធយោធា​របស់ អាល្លឺម៉ង់ ប្រចាំ​ប្រទេស​ថៃ Philipp Doert សង្កត់ធ្ងន់ថា ក្រុង​បែរ​ឡាំង បដិសេធ​នាំចេញ​គ្រឿង​ម៉ាស៊ីន MTU ព្រោះតែ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុង​ផលិតផល​យោធា​របស់ ទីក្រុង​ប៉េកាំង។ «ចិន មិនបាន​សួរ​យោបល់ ឬ​ទាក់ទង អាល្លឺម៉ង់ មុនពេល​ចុះ​កិច្ចព្រមព្រៀង​ជាមួយ ប្រទេស​ថៃ ក្នុងនោះ​មាន​ប្រការ​ដែល​ចែងថា បំពាក់​គ្រឿង​ម៉ាស៊ីន របស់ អាល្លឺម៉ង់» លោក Philipp ថ្លែង​ដូច្នេះ។

រាជរដ្ឋាភិបាល​ថៃ កាលពី​ឆ្នាំ ២០១៦ បាន​យល់ព្រម​លើ​គម្រោង​ចំណាយ ៣៦ ពាន់​លាន​បាត (១.១ ពាន់​លាន​ដុល្លារ) ក្នុង​រយៈពេល ១១ ឆ្នាំ ដើម្បី​ទិញ​នាវាមុជទឹក S២៦T របស់ ចិន។ កិច្ចព្រមព្រៀង​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ឆ្នាំ ២០១៧ ក្រោយពី រដ្ឋាភិបាល​ថៃ បានអនុម័ត​ថវិកា ៤៤០ លាន​ដុល្លារ សម្រាប់​ទិញ​នាវាមុជទឹក ១ គ្រឿង​ដំបូង។ នាវា​នេះ​បានចាប់ផ្ដើម​សាងសង់​កាលពី​ឆ្នាំ ២០១៨ ហើយ​គ្រោង​នឹង​ប្រគល់ឱ្យ ថៃ ក្នុង​ឆ្នាំ ២០២៤។

ឆ្នាំ ២០២០ សភា​ថៃ បានអនុម័ត​បញ្ជា​ទិញ​នាវាមុជទឹក​ចិន ២ គ្រឿង​ទៀត ក្នុងតម្លៃ ២២.៥ ពាន់​លាន​បាត (៧២៤ លាន​ដុល្លារ)។ ប៉ុន្តែ ឥរិយាបថ​នេះ ទទួលបាន​ការជំទាស់​ពី ប្រជាជន ព្រោះ​កាលនោះ ថៃ កំពុង​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ ព្រោះតែ កូ​វីដ-១។

ថ្មីៗនេះ កងទ័ព​ថៃ បាន​ពន្យារ​សំណើ​ចំណាយ​ថវិកា​សម្រាប់​នាវាមុជទឹក ២ គ្រឿង​បន្ទាប់ ដោយ​លើក​មូល​ហេតុ្ថា «ស្ថានភាព​សេដ្ឋកិច្ច​ថៃ» មិនទាន់មាន​អំណោយផល៕

Advertisement