ប្រទេស​ហុង​គ្រី ​មាន​​ប្រធានាធិបតី​​ជា​​​ស្ត្រី​ភេទ​​​លើក​ដំបូង​​បង្អស់​​នៅ​​ក្នុង​​ប្រវត្តិ​សាស្ត្រ

លោកស្រី Katalin Novak

នា​ថ្ងៃទី ១០ មីនា ២០២២ សភា​របស់ ប្រទេស​ហុង​គ្រី បាន​បោះឆ្នោត​ជ្រើសរើស​អតីតរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​គ្រួសារ លោកស្រី Katalin Novak ឱ្យធ្វើជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​នេះ។ នេះ​គឺជា​លើកដំបូង​ហើយ​ដែល ហុង​គ្រី មាន​ប្រធានាធិបតី​ជា​ស្ត្រីភេទ។

នៅក្នុង​ការបោះឆ្នោត​នៅ​សភា លោកស្រី Novak បានទទួល​សន្លឹកឆ្នោត​គាំទ្រ​ចំនួន ១៣៧ សំឡេង និង​ប្រឆាំង ៥១ សំឡេង ដូច្នេះ​លោក​បាន​យកឈ្នះ​លើ​គូប្រជែង Peter Rona ដែលជា​សេដ្ឋវិទូ​មួយរូប។ លោកស្រី Novak នឹង​ឡើងកាន់​អំណាច​បន្ត​ពី​លោក Janos Ader ដែល​នឹង​ត្រូវអស់​អាណត្តិ​ទី ២ របស់លោក នៅ​ថ្ងៃទី ១០ ឧសភា​ខាងមុខ។

លោកស្រី Novak វ័យ ៤៤ ឆ្នាំ នឹង​ក្លាយជា​ប្រធានាធិបតី​ក្មេង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់ ហុង​គ្រី និង​ជា​ប្រធានាធិបតី​ស្រី​ដំបូង​គេ​នៅក្នុង សហភាព​អឺរ៉ុប (EU)។

ការបោះឆ្នោត​ប្រធានាធិបតី​ខាងលើ ត្រូវបាន​ធ្វើឡើង​នៅក្នុង​គ្រា​ដែល​នៅសល់តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ដល់​ថ្ងៃ​បោះឆ្នោត​សភា (៣ មេសា) នៅ​ប្រទេស​នេះ។ នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orban បានចាប់ផ្ដើម​យុទ្ធនា​ការឃោសនា​រក​សំឡេងឆ្នោត ដោយ​សង្ឃឹមថា នឹង​បាន​ជាប់ឆ្នោត​នៅក្នុង​អាណត្តិ​ទី ៤ របស់លោក ជា​បន្តទៀត៕

Advertisement