ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​ពិភពលោក

ជំទាវទីមួយរបស់ អ៊ុយក្រែន លោកស្រី Olena Zelenska

ជំទាវ​ទីមួយ Olena Zelenska បាន​សរសេរ​សំបុត្រ​ផ្ញើ​ទៅកាន់​សារព័ត៌មាន​អន្តរជាតិ និយាយ​អំពី​សោកនាដកម្ម​ក្នុង​វិបត្តិ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន និង​ជឿថា ប្រទេស​នេះ​នឹង «ដណ្ដើមបាន​ជ័យជំនះ»។

ក្នុង​សំបុត្រ​ដែលមាន​ចំណងជើង​ថា «ខ្ញុំ​ធ្វើជា​សាក្សី» ដែល​ត្រូវ​បានប្រកាស​លើ Telegram កាលពី​ថ្ងៃទី ៩ មីនា លោកជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន Olena Zelenska យល់ថា ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បាន​វាយតម្លៃ​ទាប​ចំពោះ «សាមគ្គីភាព​គ្មាន​ទីបញ្ចប់» របស់ ប្រជាជន​អ៊ុយ​ក្រែ​ន។

ក្នុង​សំបុត្រ លោកស្រី Olena វ័យ ៤៤ ឆ្នាំ សរសេរថា «សោកនាដកម្ម​ទាំងឡាយ​ត្រូវបាន​គេ​មើលឃើញ​នៅ អ៊ុយ​ក្រែ​ន» និង​បាន​រៀបរាប់​ឈ្មោះ​កុមារ​មួយចំនួន​ដែល​បាន​ស្លាប់​នៅក្នុង​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី។

«ប្រហែលជា​ប្រការ​ដែល​គួរឱ្យ​ភ័យខ្លាច​បំផុត​ក្នុង​ជម្លោះ​ប្រដាប់អាវុធ​នេះ នោះ​គឺ​ការខាតបង់​សម្រាប់​កុមារ។ កុមារ Alice អាយុ ៨ ឆ្នាំ បាន​ស្លាប់​នៅលើ​ដងផ្លូវ​ក្នុង​ក្រុង Okhtyrka បើទោះជា​ជីតា​បាន​ព្យាយាម​ការពារ។ កុមារ Polina នៅ កៀវ ក៏បាន​បាត់បង់​ជីវិត​ទៅជា​មួយ​ឪពុកម្ដាយ ព្រោះតែ​ត្រូវ​បំណែក​គ្រាប់កាំភ្លើង​ធំ» លោកស្រី Olena សរសេរ​ដូច្នេះ និង​ជាច្រើន​ទៀត។

ទោះជា​យ៉ាងនេះ​ក៏ដោយ លោកស្រី​អះអាងថា ប្រជាជន​របស់​ប្រទេស​នេះ «នឹងមិន​ចុះចាញ់​ជាដាច់ខាត»។ លោកស្រី​សង្កត់ធ្ងន់ថា «យើង​នឹង​ឈ្នះ ព្រោះតែ​ការ​សាមគ្គី​របស់​យើង ព្រោះតែ​ក្ដី​ស្រលាញ់​ចំពោះ អ៊ុយ​ក្រែ​ន»។

បច្ចុប្បន្ន ទីតាំង​ស្នាក់នៅ​របស់លោក​ជំទាវ​ទីមួយ​របស់ អ៊ុយ​ក្រែ​ន មិនទាន់​ត្រូវបាន​គេ​បង្ហើប​ឱ្យដឹង​ច្បាស់​នៅឡើយ។ កាលពី​សប្ដាហ៍​មុន ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Zelensky បានប្រកាសថា គ្រួសារ​របស់លោក កំពុងស្ថិត​នៅក្នុង ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​លោកស្រី Olena ក៏បាន​អះអាង​ប្រការនេះ​នៅក្នុង​សំបុត្រ​ខាងលើ។

លោកស្រី Olena ឱ្យដឹងថា មូល​ហេតុដែល​នាំឱ្យមាន​ការសរសេរ​សំបុត្រ​នេះ ក៏​ព្រោះតែ​ទទួលបាន​សំណូមពរ​ជាច្រើន​ពី​បណ្ដា​សារព័ត៌មាន​អត្តរ​ជាតិ ដែល​ស្នើឱ្យ​លោកស្រី​ចែករំលែក​បញ្ហា​នៅ អ៊ុយ​ក្រែ​ន ហើយ​សំបុត្រ​នេះ​គឺជា​ការឆ្លើយតប៕

Advertisement