ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី៖ អ៊ុយ​ក្រែ​ន មិន​សុំចូល​ជា​សមាជិក​របស់ ណា​តូ

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី យល់ថា ណា​តូ ខ្លាច​ប្រឈមមុខ​ដាក់ រុស្ស៊ី ហើយ អ៊ុយ​ក្រែ​ន មិន​ចង់ «លុតជង្គង់​ស្នើសុំ» ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​យោធា​នេះ។

«ខ្ញុំ​បាន​ប្រែជា​មិន​ត្រេកអរ​ចំពោះ​បញ្ហា​នេះ ក្រោយពី​ឃើញថា ណា​តូ មិនបាន​ត្រៀមខ្លួន​សម្រាប់​ទទួលយក អ៊ុយ​ក្រែ​ន។ សម្ព័ន្ធ​យោធា​នេះ​ខ្លាច​បញ្ហា​ចម្រូងចម្រាស និង​ខ្លាច​ប្រឈមមុខ​ដាក់ រុស្ស៊ី» លោក ហ្សេ​ឡែ​ន​ស្គី បាន​ប្រាប់ ABC News កាលពី​ថ្ងៃទី ៧ មីនា នៅពេល​ត្រូវបាន​សួរ​អំពី​ការស្នើ​របស់ អ៊ុយ​ក្រែ​ន ក្នុង​ការចូល​ជា​សមាជិក​របស់ ណា​តូ។

រុស្ស៊ី តាំងពី​យូរ​មកហើយ បានចាត់ទុក​និន្នាការ​នៃ​ការពង្រីក​ខ្លួន​មក​ទិស​មក​ខាងកើត​របស់ ណា​តូ ថា​ជាការ​គំរាមកំហែង​ផ្នែក​សន្តិសុខ និង​ចាត់ទុក​ការដែល​ប្រទេសជិតខាង​ដូច អ៊ុយ​ក្រែ​ន ចូល​ជា​សមាជិក​របស់ ណា​តូ ជា​បន្ទាត់​ក្រហម។ ចំណែក អ៊ុយ​ក្រែ​ន វិញ ធ្លាប់បាន​សម្ដែង​អំពី​បំណង​ចូល​ជា​សមាជិក​របស់ ណា​តូ និង​បាន​លើក​គោលដៅ​ក្លាយជា​សមាជិក​សម្ព័ន្ធភាព​យោធា​នេះ​ទៅក្នុង​រដ្ឋធម្មនុញ្ញ​ដែល​បានធ្វើ​វិសោធនកម្ម​កាលពី​ឆ្នាំ ២០១៩ ទៀតផង។

បច្ចុប្បន្ន លោក ពូ​ទីន ចង់ឱ្យ អ៊ុយ​ក្រែ​ន ទទួលស្គាល់​តំបន់ Donetsk និង Lugansk ជា​ប្រទេស​ឯករាជ្យ ដូច​អ្វីដែល រុស្ស៊ី បានធ្វើ។ ក៏ប៉ុន្តែ លោក ហ្សេ​ឡែ​ន​ស្គី បាន​ប្រាប់ថា នឹងមិន​យល់ព្រម​ជាដាច់ខាត ប៉ុន្តែ បាន​ត្រៀម​រួចរាល់​សម្រាប់​ការចរចា​ជាមួយ ប្រធានាធិបតី ពូ​ទីន។

Advertisement