ក្បួន​រថយន្តយោធា​ប្រវែង​ប្រហែល​ ៦៤ គីឡូម៉ែត្រ របស់ រុស្ស៊ី កំពុង​ចូលមក​កៀក​រដ្ឋធានី​របស់ អ៊ុយ​ក្រែ​ន

រូបភាព​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្ត​ប​ន្ទុ​យ​គ្នា​ប្រវែង​ប្រហែល ៦៤ គីឡូម៉ែត្រ កំពុង​ចូលមក​ជិត រដ្ឋធានី​កៀវ វែង​ជាង ២ ដង ធៀប​នឹង​ប្រវែង​នៅក្នុង​រូប​ដែល​ថត​បាន​មុន​នោះ។

Maxar Technologies កាលពី​ចុង​ថ្ងៃទី ២៨ កុម្ភៈ បាន​បង្ហោះ​រូបថត​ពី​ផ្កាយរណប​បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី ដែល​រួមមាន រថពាសដែក រថក្រោះ កាំភ្លើង​ធំ រួម​នឹង​សម្ភារៈ​យោធាផ្សេងៗ បាន​ចល័ត​មកដល់​ជាយក្រុង​កៀវ របស់ អ៊ុយ​ក្រែ​ន។

Maxar ឱ្យដឹងថា រូបភាព​ពី​ផ្កាយរណប​ដែល​ពួកគេ​ថត​បាន​នាពេលថ្មីៗបំផុត​នេះ បង្ហាញថា ក្បួន​រថយន្តយោធា​រុស្ស៊ី បន្តកន្ទុយ​គ្នា​ប្រវែង ៦៤ គីឡូម៉ែត្រ ក្នុងនោះ ក្បាល​របស់​វា​ស្ថិតនៅ​មូលដ្ឋាន​ទ័ពអាកាស Antonov ដែលមាន​ចម្ងាយ​ប្រហែល ២៧ គីឡូម៉ែត្រ ពី រដ្ឋធានី​កៀវ ខណៈដែល​កន្ទុយ​របស់​វា​នៅឯ​ភាគ​ខាងជើង​នៃ​តំបន់ Pribyrsk។

Maxar ក៏បាន​មើលឃើញ​ផ្សែង​បាញ់​ចេញពីផ្ទះ និង​អគារ​ជាច្រើន​នៅ​ភាគ​ខាងជើង និង​ភាគ​ពាយព្យ​របស់ Ivankiv ដែល​ស្ថិត​នៅក្បែរ​ដងផ្លូវ​នានា​ដែល​ក្បួនទ័ព​រុស្ស៊ី កំពុង​ឆ្លងកាត់។ ប៉ុន្តែ មិនទាន់​ដឹង​អំពី​មូល​ហេតុដែល​នាំឱ្យមាន​ផ្សែង​ទាំងនោះ​នៅឡើយ។

អង្គភាព​ទ័ពជើងគោក​មួយចំនួន រួម​នឹង​បណ្ដា​ឧទ្ធម្ភាគចក្រ​វាយប្រហារ ក៏​បង្ហាញខ្លួន​នៅឯ​ភាគខាងត្បូង​នៃ ប្រទេស​បេឡា​រូស ចម្ងាយ​ពី​ព្រំដែន​អ៊ុយ​ក្រែ​ន មិន​ដល់ ៣២ គីឡូម៉ែត្រ។

CNN ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​សេត​វិមាន ឱ្យដឹងថា ពួកគេ​កំពុង​តាមដាន​ស្ថានការណ៍​យ៉ាង​យកចិត្តទុកដាក់ និង​មានការ​ព្រួយបារម្ភ​អំពី​ការកើនឡើង​នៃ​អំពើហិង្សា ក៏ដូចជា​ការខាតបង់​អាយុជីវិត​ប្រជាជន​ស៊ីវិល​ផងដែរ។

Advertisement