រុស្ស៊ី ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន តើ​បណ្ដា​ប្រទេស​បស្ចិម​លោក​កំពុង​ធ្វើ​អ្វី?

យុគសម័យ​សន្តិភាព​នៅ​លោកខាងលិច រាប់​ចាប់តាំងពី​ក្រោយ​សង្គ្រាមត្រជាក់ ទំនងជា​អាច​ត្រូវបាន​បញ្ចប់ បន្ទាប់ពី រុស្ស៊ី ចូល​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន។

ស្រមោល​នៃ​អតីត​សង្គ្រាម​កំពុង​ងើបឡើង​នៅ អឺរ៉ុប ក្រោយពី ប្រធានាធិបតី​រុស្ស៊ី វ្ល​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បើក​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។ លោក ពូ​ទីន និយាយថា «មិន​អាចមាន​អារម្មណ៍​សុវត្ថិភាព មិនអាច​រីកចម្រើន ឬ​នៅមាន​ជីវិត ជាមួយនឹង​ការគំរាមកំហែង​ជាប្រចាំ​ពី អ៊ុយ​ក្រែ​ន»។

មនុស្ស​ជាង ១០០ នាក់ បាន​ស្លាប់ និង​ជាង ៣០០ នាក់ រងរបួស បន្ទាប់ពី រុស្ស៊ី ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន បាន ១ ថ្ងៃ។ ទង្វើ​របស់ រុស្ស៊ី នេះ កំពុងតែ​ជះឥទ្ធិពល​ធំធេង​ដល់​ពិភពលោក រួមមាន៖

ការបញ្ជូន​ទាហាន​បន្ថែ​ម​ទៅកាន់​ភាគ​ខាងកើត​របស់ ណា​តូ (NATO)

អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (NATO) កាលពី​ថ្ងៃទី ២៤ កុម្ភៈ បានប្រកាស​បញ្ជូន​ទ័ព​ជំនួយ​បន្ថែមទៀត​ទៅកាន់​តំបន់​ភាគ​ខាងកើត​នៃ​ទឹកដី​របស់​បណ្ដា​ប្រទេស​ក្នុង​អង្គការ​ណា​តូ ដែល​នៅក្បែរ អ៊ុយ​ក្រែ​ន។ ប៉ុន្តែ អាម៉េរិក ថា កម្លាំង​របស់ ណា​តូ នេះ នឹងមិន​ចូលរួម​ធ្វើសង្គ្រាម​នៅ អ៊ុយ​ក្រែ​ន នោះទេ តែ​គឺ​ដើម្បី​ការពារ និង​ផ្ដល់​ទំនុកចិត្ត​ដល់​សម្ព័ន្ធមិត្ត​របស់ ណា​តូ។ ទាហាន​អាម៉េរិក ប្រហែល ៨០០ នាក់, យន្តហោះ​ចម្បាំង និង​ឧទ្ធម្ភាគចក្រ​រាប់សិប​គ្រឿង ត្រូវបាន​បញ្ជូន​ពី អាល្លឺម៉ង់ ទៅកាន់​តំបន់​សមុទ្រ​បាល់​ទិ​ក, ពី ក្រិ​ក ទៅកាន់ ប៉ូឡូញ និង​ពី អាល្លឺម៉ង់ ទៅកាន់ លី​ទុយ​អា​នី, អេ​ស្ដូ​នី និង រូ​ម៉ា​នី។ បច្ចុប្បន្ន វត្តមាន​របស់ កងទ័ព​អាម៉េរិក នៅ អឺរ៉ុប បាន​កើន​ឡើងដល់​ជិត ១ សែន​នាក់។

ទាហាន​អាម៉េរិក នៅ​ អឺរ៉ុប

ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន

ក្រៅពី​ការដែល ណា​តូ បញ្ជូន​ទ័ព​បន្ថែមទៀត​ទៅកាន់ អឺរ៉ុប ប្រទេស​រុស្ស៊ី ក៏​កំពុង​នាំឱ្យ អាម៉េរិក ធ្វើការ​គាំទ្រ​កាន់តែច្រើន​ដល់ អ៊ុយ​ក្រែ​ន ក្នុង​មាន​ទាំង​ការផ្គត់ផ្គង់​អាវុធ​ផងដែរ។ ជាងនេះទៀត ការឈ្លានពាន​របស់ រុស្ស៊ី ទៅលើ ទឹកដី​អ៊ុយ​ក្រែ​ន ក៏​កំពុង​ធ្វើឱ្យមាន​ការដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាង​មុន​ទៅលើ រុស្ស៊ី ពី​សំណាក់​បណ្ដា​ប្រទេស​មហាអំណាច​លទ្ធិប្រជាធិបតេយ្យ។

ការ​ថ្កោលទោស

ពិភពលោក ពិសេស​គឺ​អង្គការសហប្រជាជាតិ កំពុង​ប្រមូល​សំឡេង​ដើម្បី​ធ្វើការ​ថ្កោលទោស​ចំពោះ រុស្ស៊ី ប៉ុន្តែ រុស្ស៊ី នឹង​ប្រើប្រាស់​សិទ្ធិ​ប្រឆាំង។

ជនភៀស​ខ្លួន​ត្រៀម​ចេញ​ពី​ អ៊ុយក្រែន

វិបត្តិ​ការទូត

ប្រទេស​ជាច្រើន​ក៏បាន និង​កំពុង​រង​ផលវិបាក​ដោយសារ​ទង្វើ​របស់ រុស្ស៊ី ក្នុងនោះ​មានដូចជា បណ្ដា​ប្រទេស​ត្រូវ​ដក​មន្ត្រី និង​បុគ្គលិក​ការទូត​ចេញពី អ៊ុយ​ក្រែ​ន ឬ​ផ្ដាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង រុស្ស៊ី។ល។

ពិ​ភាព​លោក​ក៏​កំពុង​រង់ចាំ​អន្តរាគមន៍​ផ្នែក​ការទូត ប៉ុន្តែ មកដល់ពេលនេះ មិនដឹងថា ទ្វារ​សម្រាប់​ការទូត​នេះ​បាន​បិទ ឬ​នៅ នៅពេល ទីក្រុង​មូ​ស្គូ បាន​ចូល​ឈ្លានពាន​លើ អ៊ុយ​ក្រែ​ន ពេញទំហឹង។

Advertisement