ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ៖ ទាហាន​ទាំងអស់​ដែល​ការពារ​កោះ Zmiinyi បាន​បាត់​បង់ជីវិត

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky បានឱ្យដឹងថា ទាហាន​ទាំងអស់​ដែល​ការពារ​កោះ Zmiinyi នៅលើ​សមុទ្រ​ខ្មៅ ចម្ងាយ ៣២ គីឡូម៉ែត្រ ពី​ឆ្នេរ​ភាគ​និរតី​របស់ អ៊ុយ​ក្រែ​ន បាន​បាត់​បង់ជីវិត។

«ទាហាន​ការពារ​ព្រំដែន​ទាំងអស់​បាន​បាត់បង់​ជីវិត​ដោយ​អង់អាច​ក្លាហាន ប៉ុន្តែ ពួកគេ​មិនបាន​ចុះចាញ់​ឡើយ។ ពួកគេ​នឹង​ទទួលបាន​ងារ​ជា​វីរបុរស​របស់ អ៊ុយ​ក្រែ​ន» លោក Zelensky ប្រកាស​ដូច្នេះ។

មុន​នោះ កម្លាំង​ការពារ​ព្រំដែន​របស់ អ៊ុយ​ក្រែ​ន បាន​រាយការណ៍​ថា កងទ័ព​រុស្ស៊ី បាន​គ្រប់គ្រង​កោះ Zmiinyi ខណៈ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​កោះ​នេះ​ត្រូវបាន​កម្ទេច ក្រោយពី​ការវាយប្រហារ​តាមផ្លូវ​អាកាស​ពី​សំណាក់ កងទ័ព​រុស្ស៊ី។ ចំណែក​ប្រព័ន្ធ​ទំនាក់ទំនង​ជាមួយ​កម្លាំង​ការពារ​ព្រំដែន​នៅទីនេះ​ក៏ត្រូវ​បាន​កាត់ផ្ដាច់។

កោះ Zmiinyi មាន​ផ្ទៃក្រឡា​ប្រហែល ១៧ ហិកតា ជាទី​ដ៏​សំខាន់​មួយ​នៅក្នុង​ការបង្កើត​ព្រំដែន​សមុទ្រ​របស់ អ៊ុយ​ក្រែ​ន។ មនុស្ស​ប្រហែល ១០០ នាក់​រស់​នៅលើ​កោះ​នេះ ដែល​ភាគច្រើន​គឺជា​ទាហាន​របស់ អ៊ុយ​ក្រែ​ន។

Advertisement