រុស្ស៊ី ប្រកាស​បើក​យុទ្ធនាការ​យោធា នៅ អ៊ុយ​ក្រែ​ន​ខាងកើត

ប្រធានាធិបតី​រុស្ស៊ី បានប្រកាស​បើក​យុទ្ធនាការ​កងទ័ព​ពិសេស​នៅ​តំបន់ Donbass ស្ថិតក្នុង​ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន និង​ស្នើឱ្យ​កងទ័ព​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​តំបន់​នេះ ទម្លាក់អាវុធ។

«ស្ថានការណ៍​បាន​នាំឱ្យ​យើង​ត្រូវ​សម្រេចចិត្ត​ធ្វើ​សកម្មភាព​ដាច់ខាត និង​ជាបន្ទាន់​នេះ។ សាធារណរដ្ឋ​ប្រជាមានិត Donbass (DPR) បានស្នើ​ឱ្យ រុស្ស៊ី ផ្ដល់ជំនួយ» ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន បានប្រកាស​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​នៅលើ​កញ្ចក់​ទូរទស្សន៍​កាលបី​វេលា​ម៉ោង ៦ ព្រឹក (ម៉ោង ១០ នៅ ភ្នំពេញ)។

តំបន់ Donbass ដែល​រួមមាន​ខេត្ត ចំនួន ២ គឺ Donetsk និង Luhansk បាន​ក្លាយជា​ចំណុចក្ដៅ​នៃ​សង្គ្រាម​ដណ្ដើម​ទឹកដី រវាង អ៊ុយ​ក្រែ​ន និង​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី ចាប់តាំងពី​ឆ្នាំ ២០១៤ បណ្ដាលឱ្យ​មនុស្ស​ជាង ១៤ ម៉ឺន​នាក់ បាន​បាត់​បង់ជីវិត។ លោក ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានទទួល​ស្គាល់​ខេត្ត​ទាំងនេះ​ជា​ប្រទេស​ឯករាជ្យ។

ទន្ទឹមនឹង​ការប្រកាស​ចល័ត​ទ័ព​ទៅកាន់​តំបន់ Donbass លោក ពូ​ទីន ក៏បាន​ស្នើឱ្យ​កងទ័ព​របស់ រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នៅ​តំបន់​នេះ ទម្លាក់អាវុធ​ផងដែរ។

ប្រកាស​របស់លោក ពូ​ទីន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី វិមាន​ក្រឹម​ឡាំង បានឱ្យដឹងថា ក្រុម​មេដឹកនាំ​តំបន់​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន បានស្នើ​ឱ្យ រុស្ស៊ី ចូល​ជួយ ដើម្បី​ទប់ទល់​នឹង​កងទ័ពរ​ដ្ឋា​ភិ​បាល​របស់ អ៊ុយ​ក្រែ​ន។

ជាការ​ឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Vododymyr Zelensky បាន​អំពាវនាវ​ដល់ ជនជាតិ​រុស្ស៊ី កុំឱ្យ​គាំទ្រ «សង្គ្រាម​ធំ​នៅ អឺរ៉ុប»។ លោក Vododymyr Zelensky ថ្លែងការណ៍​ជា ភាសា​រុស្ស៊ី ថា «អ្នកណាខ្លះ​ដែល​អាច​ទប់ស្កាត់​សង្គ្រាម? នោះ​គឺ​មនុស្សលោក។ ខ្ញុំ​ប្រាកដថា មនុស្ស​ទាំងនោះ​ស្ថិតក្នុង​ចំណោម​អស់លោក»។ ប្រធានាធិបតី​រូបនេះ​បន្តថា ប្រជាជន​រុស្ស៊ី កំពុង​ត្រូវបាន​គេ​បោក​បញ្ឆោត​អំពី​បញ្ហា​នៅ អ៊ុយ​ក្រែ​ន។

លោក Vododymyr Zelensky បញ្ជាក់ថា លោក​បាន​ហៅ​ទូរស័ព្ទ​ទៅ​លោក ពូ​ទីន ប៉ុន្តែ មិនមាន​ការឆ្លើយតប និង​ថា បច្ចុប្បន្ន រុស្ស៊ី កំពុង​ពង្រាយ​ទ័ព​ប្រហែល ២ សែន​នាក់ នៅក្បែរ​ព្រំដែន​ជាមួយ អ៊ុយ​ក្រែ​ន។

 

Advertisement