ស្ថានទូត​ចិន នៅ អ៊ុយ​ក្រែ​ន ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ត្រៀម​អាហារ និង​របស់របរ​ចាំបាច់

ស្ថានទូតចិន ប្រចាំ​ ប្រទេស​អ៊ុយក្រែន

ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន បានធ្វើ​ការព្រមាន​ដល់​ពលរដ្ឋ​របស់ខ្លួន​ថា មិនត្រូវ​ទៅកាន់​តំបន់​អស្ថិរភាព និង​ត្រូវ​ត្រៀម​ស្បៀងអាហារ​ឱ្យបាន​គ្រប់គ្រាន់។

«ស្ថានការណ៍​នៅ ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន បាន​ប្រែប្រួល​ខ្លាំង។ ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន សូម​ក្រើនរំលឹក​ដល់​ពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន យកចិត្តទុកដាក់​លើ​ប្រកាស​នានា​ស្ដីពី​សុវត្ថិភាព​ដែល​ត្រូវ​បានលើកឡើង​នៅក្នុង​តំបន់ និង​មិនត្រូវ​ទៅកាន់​តំបន់​ទាំងឡាយ​ដែលមាន​អស្ថិរភាព» ស្ថានទូត​ចិន បាន​ចុះផ្សាយ​លើ​គេហទំព័រ​របស់ខ្លួន នៅថ្ងៃនេះ។

ក្រៅពី​ការព្រមាន​ដូចខាងលើ ស្ថានទូត​ចិន ប្រចាំ ប្រទេស​អ៊ុយ​ក្រែ​ន មិនបាន​ណែនាំ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី ទឹកដី​អ៊ុយ​ក្រែ​ន ដូច​ទៅនឹង​សារ​ពី​ប្រទេសផ្សេងៗនោះទេ។

កាលពី​ដើមខែ​នេះ បណ្ដា​ប្រទេស ដូចជា សហរដ្ឋ​អាម៉េរិក អង់គ្លេស និង អាល្លឺម៉ង់ ជាដើម បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់​ពួកគេ ប្រញាប់​ចាកចេញ​ពី ទឹកដី​អ៊ុយ​ក្រែ​ន ដោយសារតែ​មានការ​ព្រួយបារម្ភ​អំពី​ហានិភ័យ «រុស្ស៊ី ឈ្លានពាន អ៊ុយ​ក្រែ​ន»។ ស្ថានទូត​ចិន ពេលនោះ បាន​ស្នើឱ្យ​ពលរដ្ឋ​ចិន រក្សា​ភាពស្ងប់ស្ងាត់ និង​តាមដាន​ស្ថានការណ៍ ព្រមទាំង​បាន​រិះគន់​ប្រទេស​លោកខាងលិច​ថា បំប៉ោង​ស្ថានការណ៍។

ការណែនាំ​របស់ ស្ថានទូត​ចិន ខាងលើនេះ ត្រូវ​បានលើកឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃទី ២១ កុម្ភៈ បានប្រកាស​ទទួលស្គាល់​ឯករាជ្យ​របស់​តំបន់ Donetsk និង Lugansk ដែល​បាន​ផ្ដាច់ខ្លួន​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​ចុះ​កិច្ចព្រមព្រៀង​សហការគ្នាជាមួយ​មេដឹកនាំ​របស់​តំបន់​ទាំងពីរ​នេះ។ កិច្ចព្រមព្រៀង​នេះ អនុញ្ញាតឱ្យ រុស្ស៊ី មាន​សិទ្ធិ​កសាង​មូលដ្ឋានទ័ព​នៅ Donetsk និង Lugansk។ លោក ពូ​ទីន ក៏បាន​បញ្ជា​ឱ្យ​ក្រសួងការពារជាតិ បញ្ជូន​ទ័ព​ទៅ​តំបន់​ទាំងនេះ​ផងដែរ។

ស្ថានការណ៍​នៅ អ៊ុយ​ក្រែ​ន បាន​ឡើងក​ម្ដៅ​ខ្លាំង​ចាប់តាំងពី​ចុងឆ្នាំ ២០២១ បន្ទាប់ពី សហរដ្ឋ​អាម៉េរិក និង​លោកខាងលិច បាន​ចោទថា រុស្ស៊ី ពង្រាយ​ទ័ព​ជាង ១០០,០០០ នាក់ នៅ​ព្រំដែន​ភាគ​ខាងលិច ដើម្បី​អនុវត្ត​ផែនការ​ឈ្លានពាន ប្រទេស​អ៊ុយ​ក្រែ​ន។ ប៉ុន្តែ រុស្ស៊ី បាន​បដិសេធ​ការចោទប្រកាន់​នេះ និង​បាន​រិះគន់ថា សហរដ្ឋ​អាម៉េរិក និង​សម្ព័ន្ធមិត្ត បំប៉ោង​ហានិភ័យ​ស្ដីពី​ការកើតមាន​សង្គ្រាម។

សហគមន៍​អ្នកយកការណ៍​សម្ងាត់រ​បស់​បណ្ដា​ប្រទេស​លោកខាងលិច ឱ្យដឹងថា ប្រធានាធិបតី​រុស្ស៊ី លោក វ្លា​ឌី​មៀ ពូ​ទីន អាច​ចេញ​បញ្ជា​ឱ្យ​កងទ័ព​លុកលុយ អ៊ុយ​ក្រែ​ន គ្រប់ពេល៕

Advertisement