ពលរដ្ឋ​​រាប់​រយ​​នាក់​​ចុះ​ឈ្មោះ​​សាក​ល្បង «ដេក​គុក» នៅ ប្រទេស​ស្វ៊ី​ស

ពលរដ្ឋ​ប្រមាណ ៧០០ នាក់ នៅ​ទីក្រុង Zurich បាន​ចុះឈ្មោះ​ធ្វើជា​អ្នកទោស ក្នុងការ​សាកល្បង​ជាប់ឃុំ ៤ ថ្ងៃ នៅក្នុង​ពន្ធនាគារ​ដែល​ទើប​ត្រូវបាន​សាងសង់​រួច មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវការ។

សារព័ត៌មាន Le Temps របស់ ស្វ៊ី​ស កាលពី​ចុង​សប្ដាហ៍​កន្លង បានឱ្យដឹងថា អាជ្ញាធរ​ទីក្រុង Zurich ប្រកាស​ជ្រើសរើស​អ្នកស្ម័គ្រចិត្ត​ជាប់ឃុំ ៤ ថ្ងៃ នៅក្នុង​មន្ទីរឃុំឃាំង​ដែល​ទើប​សាងសង់​រួចរាល់។ បេក្ខភាព​ស្ម័គ្រចិត្ត​ត្រូវមាន​អាយុ​ចាប់ពី ១៨ ឆ្នាំ និង​ត្រូវ​យល់ព្រម​ចូលរួម​ក្នុងការ​ពិនិត្យ​ប្រវត្តិរូប និង​ស្ម័គ្រចិត្ត​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​តាមដាន​សន្តិសុខ។

ក្នុង​រយៈពេល​សាកល្បង​ជាប់ពន្ធនាគារ​ចាប់ពី​ថ្ងៃទី ២៤ មីនា ដល់ ២៧ មីនា អ្នកស្ម័គ្រចិត្ត​នឹងត្រូវ​ឆ្លងកាត់​ជីវភាព​ដែល​ដូច​ទៅនឹង​ទណ្ឌិត​ពិតប្រាកដ​នៅក្នុង​មន្ទីរឃុំឃាំង Zurich ខាងលិច។ ពួកគេ​នឹង​ត្រូវបាន​ត្រួតពិនិត្យ មុនពេល​ចូល​បន្ទប់​ឃុំខ្លួន ប៉ុន្តែ មាន​សិទ្ធិ​បដិសេធ​ប្រការនេះ។

អ្នកស្ម័គ្រចិត្ត​នឹង​ទទួលបាន​អាហារ​ជម្រុះ ៣ ពេល​ក្នុង ១ ថ្ងៃ និង​មាន​ជម្រើស​សម្រាប់​អ្នក​តម​សាច់ ព្រមទាំង​មាន​អាហារ​សម្រាប់​អ៊ីស្លាម​សាសនិក​ផងដែរ។

បើសិនជា​មានការ​ស្ដាយ​ក្រោយ អ្នកស្ម័គ្រចិត្ត​អាច​ចាកចេញ​នៅពេល​ចង់ នេះ​បើតាម​ក្រុមមន្ត្រី​ពន្ធនាគារ។ ចំនួន​មនុស្ស​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ការពិសោធ​នេះ មាន​ប្រហែល ៧០០ នាក់ ច្រើនជាង​ជិត ៣ ដង ធៀប​នឹង​ចំនួន​ទណ្ឌិត ២៤១ នាក់ ដែល​ពន្ធនាគារ​នេះ​អាច​ទទួលបាន។

Marc Eierman ប្រធាន​មន្ទីរឃុំឃាំង Zurich ខាងលិច ឱ្យដឹងថា គម្រោង​សាកល្បង​ជាប់ពន្ធនាគារ​នេះ ដើម្បី​អាច​ធានាបាន​នូវ​សកម្មភាព​ប្រចាំថ្ងៃ និង​អនុញ្ញាតឱ្យ​ក្រុមមន្ត្រី​គ្រប់គ្រង និង​អប់រំ​អ្នកទោស ឆាប់​បាន​ស្គាល់​ស្ថានភាព​របស់​ពន្ធនាគារ​ថ្មី ដែល​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ខែមេសា​ខាងមុខ។

«នៅពេល​បាន​ចូលរួម​សាកល្បង​ជាប់ពន្ធនាគារ អ្នក​អាច​ដឹង​អំពី​បរិស្ថាន​សុវត្ថិភាព​ដូច​ទៅនឹង​អ្នកទោស​ពិតប្រាកដ។ គ្រប់គ្នា​អាច​ប្រៀបធៀប​រវាង​ប្រការ​ដែល​ពួកគេ​បានឃើញ​ទណ្ឌិត​នៅក្នុង​ខ្សែភាពយន្ត និង​ភាពជាក់ស្ដែង​នៅ ប្រទេស​ស្វ៊ី​ស» Eierman បញ្ជាក់​ដូច្នេះ៕

Advertisement