សហរដ្ឋ​អាម៉េរិក ដាស់តឿន​ពលរដ្ឋ​រប​ស់​ខ្លួន ឱ្យ​ចាក​ចេញពី បេឡា​រូស ជាបន្ទាន់

ស្ថានទូត​អាម៉េរិក ក្នុង​ទីក្រុង​មីនស្កិ៍ របស់ បេឡារូស

កាលពី​ថ្ងៃទី ១៤ កុម្ភៈ សារព័ត៌មាន​អាម៉េរិក ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ប្រទេស​នេះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក ប្រចាំ​រដ្ឋធានី​មីន​ស្កិ៍ (Minsk) បានប្រកាស​តឿន​ពលរដ្ឋ​អាម៉េរិក ឱ្យ​ចាក​ចេញពី ប្រទេស​បេឡា​រូស ជាបន្ទាន់។

យោងតាម NBC News ប្រកាស​ដែល​បាន​ចុះផ្សាយ​លើ​ទំព័រ​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​មីន​ស្កិ៍ លើកឡើងថា៖ «ពលរដ្ឋ​អាម៉េរិក មិនត្រូវ​ទៅកាន់ បេឡា​រូស ព្រោះថា មានការ​អនុវត្ត​ច្បាប់​យ៉ាង​អនាធិបតេយ្យ ហានិភ័យ​ត្រូវ​ចាប់ខ្លួន និង​ការបង្កើន​ចំនួន​ទាហាន​ខុសពី​ធម្មតា គួរឱ្យ​ព្រួយបារម្ភ របស់ ប្រទេស​រុស្ស៊ី នៅតាម​បណ្ដោយ​ព្រំដែន​របស់ បេឡា​រូស ដែល​ជាប់​នឹង ប្រទេស​អ៊ុយ​ក្រែ​ន។ល។ ពលរដ្ឋ​អាម៉េរិក ដែល​កំពុង​ស្ថិតនៅក្នុង ប្រទេស​បេឡា​រូស គួរ​ចាកចេញ​ជាបន្ទាន់ ដោយ​ប្រើប្រាស់​មធ្យោបាយ​ពាណិជ្ជកម្ម ឬ​ឯកជន»។

សារព័ត៌មាន Wall Street Journal ដកស្រង់​សម្ដី​របស់​ក្រុមមន្ត្រី​ជំនាញ​អាម៉េរិក សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា ក្រសួងការបរទេស​អា​ម៉េ​រិ​ក បាន​បញ្ជា​ឱ្យ​បំផ្លាញ​ឧបករណ៍​អ៊ី​ន​ធើ​ណិ​ត និង​កុំព្យូទ័រ ទន្ទឹមនឹង​ការផ្ដាច់​ប្រព័ន្ធ​ទូរស័ព្ទ​នៅក្នុង​ស្ថានទូត​នៅ ទីក្រុង​កៀវ ប្រទេស​អ៊ុយ​ក្រែ​ន។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាម៉េរិក Ned Price ថ្លែងថា សួន​របស់​ស្ថានទូត​អាម៉េរិក នៅ ទីក្រុង​កៀវ កំពុង​ត្រូវបាន​ការពារ​ដោយ​កងកម្លាំង​ការពារជាតិ​អ៊ុយ​ក្រែ​ន ចំណែក សហរដ្ឋ​អាម៉េរិក មានបំណង​ត្រលប់​មកកាន់​ស្ថានទូត​វិញ «នៅពេល​យល់ថា មាន​សុវត្ថិភាព»។

ការសម្រេច​នានា​ខាងលើ​របស់ សហរដ្ឋ​អាម៉េរិក ត្រូវបាន​ធ្វើឡើង​នៅពេល​ស្ថានការណ៍​តានតឹង​កំពុង​កើនឡើង​នៅក្នុង​តំបន់។ កាលពី​ថ្ងៃទី ១០ កុម្ភៈ រុស្ស៊ី និង បេឡា​រូស បានធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​មួយ​ដែលមាន​ឈ្មោះថា «Allied Resolve-២០២២» នៅ បេឡា​រូស។

សមយុទ្ធ​របស់ រុស្ស៊ី និង បេឡា​រូស នេះ បានធ្វើឱ្យ​បណ្ដា​ប្រទេស​លោកខាងលិច មានការ​ព្រួយបារម្ភ​ថា ទីក្រុង​មូ​ស្គូ កំពុងមាន​ផែនការ​បង្កើន​ភាព​តានតឹង​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​នៅ អ៊ុយ​ក្រែ​ន។ សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គ្រា​ភាព​តានតឹង​រវាង​លោកខាងលិច និង រុស្ស៊ី កើតមានឡើង​នៅក្នុង​ប៉ុន្មាន​ខែ​មកនេះ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន ដែលជា​ប្រទេសជិតខាង​របស់ បេឡា​រូស និង រុស្ស៊ី៕

Advertisement