ភាព​តានតឹង​រវាង អ៊ុយ​ក្រែ​ន និង រុស្ស៊ី! ប្រទេស​នានា​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចាក​ចេញពី អ៊ុយ​ក្រែ​ន

ដោយសារតែ​ការព្រួយបារម្ភ​អំពី​ជម្លោះ​ប្រដាប់អាវុធ​រវាង អ៊ុយ​ក្រែ​ន និង​រុស្ស៊ី យ៉ាងហោចណាស់​មាន​ប្រទេស​ចំនួន ១៩ ហើយ ដែល​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​របស់ខ្លួន ចាក​ចេញពី ប្រទេស​អ៊ុយ​ក្រែ​ន និង​កាត់បន្ថយ​បុគ្គលិក​ការទូត​នៅ​ប្រទេស​នេះ។

គិត​មកដល់​បច្ចុប្បន្ន ប្រទេសមួយ​ចំនួន​ដែល​បាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ចាកចេញ​ពី អ៊ុយ​ក្រែ​ន រួមមាន សហរដ្ឋ​អាម៉េរិក អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស អៀឡង់ បែ​ហ្ស៊ិ​ក លុច​សំបួ ហូ​ឡង់ កាណាដា ន័​រ​វែ​ស អេ​ស្តូ​នី លី​ទុយ​អា​នី ប៊ុលហ្គារី ស្លូ​វេ​នី  អូស្ត្រាលី ជប៉ុន អ៊ីស្រាអែល អា​រ៉ា​ប៊ី​សា​អូ​ឌិ​ត និង អេ​មី​រ៉ា​ត​អារ៉ាប់​រួម។

ប្រទេស​បារាំង បាន​ណែនាំ​ថា មិនគួរ​ទៅកាន់​បណ្ដា​តំបន់​ព្រំដែន​ភាគ​ខាងជើង និង​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ប៉ុន្តែ មិនទាន់បាន​ស្នើឱ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​ប្រទេស​នេះ​នៅឡើយ។

ប្រទេស​រ៉ូ​ម៉ា​នី ដែលមាន​ព្រំដែន​ជាប់​នឹង អ៊ុយ​ក្រែ​ន បាន​ណែនាំ​ជាពិសេស​ដល់​ពលរដ្ឋ ឱ្យ​ចៀសវាង ប្រទេស​អ៊ុយ​ក្រែ​ន និង «ពិនិត្យ​លើ​តម្រូវការ​ស្នាក់នៅ​ទីនោះ» បើសិនជា​បាន​ជ្រុល​ធ្វើដំណើរ​ទៅដល់។

រុស្ស៊ី បាន​កោះហៅ​បុគ្គលិក​មួយចំនួន​ត្រលប់​មកវិញ ព្រោះតែ​ព្រួយបារម្ភ​ចំពោះ​អ្វីដែល​ពួកគេ​ហៅថា «សកម្មភាព​បង្កហេតុ»។

សហរដ្ឋ​អាម៉េរិក បានចេញ​បទបញ្ជា​ដក​បុគ្គលិក​ស្ទើរតែ​ទាំងអស់​ចេញពី​ទីក្រុង Kiev ដោយ​យល់ថា រុស្ស៊ី អាច​ផ្ទុះអាវុធ​ដាក់ អ៊ុយ​ក្រែ​ន គ្រប់ពេល។ ទីក្រុង​វ៉ា​ស៊ី​ង​តោន នឹង​រក្សា​បុគ្គលិក​កុងស៊ុល នៅក្នុង​ទីក្រុង Lviv ភាគ​ខាងលិច​អ៊ុយ​ក្រែ​ន។

កាណាដា និង អូស្ត្រាលី ក៏​បិទទ្វារ​ស្ថានទូត​នៅ ទីក្រុង​កៀវ ខណៈដែល​បណ្ដា​ប្រទេស​របស់ សហភាព​អឺរ៉ុប ក៏បាន​ស្នើឱ្យ​បុគ្គលិក​ការទូត​មិនចាំបាច់​នៅ ទីក្រុង​កៀវ ចាក​ចេញពី អ៊ុយ​ក្រែ​ន។

អាម៉េរិក និង​បណ្ដា​ប្រទេស​លោកខាងលិច បាន​ចោទថា រុស្ស៊ី មាន​ផែនការ​វាយប្រហារ អ៊ុយ​ក្រែ​ន បន្ទាប់ពី​ប្រទេស​នេះ​បាន​បញ្ជូនទាហាន​ជាង ១០០,០០០ នាក់ រួម​នឹង​សព្វាវុធទំនើបៗ ចូលទៅ​ក្បែរ ព្រំដែន​អ៊ុយ​ក្រែ​ន។ រុស្ស៊ី វិញ អះអាងថា សកម្មភាព​នេះ​របស់ខ្លួន គ្រាន់តែ​ជា​បញ្ហា​ផ្ទៃក្នុង និង​ដើម្បី​ធ្វើ​សមយុទ្ធ នៅ​ចំពោះមុខ​ការគំរាមកំហែង​ពី សេណា​រី​យ៉ោ «ណា​តូ (NATO) ពង្រីក​ទឹកដី​មក​ភាគ​ខាងកើត ព្រមទាំង​បាន​ចោទ អាម៉េរិក និង​សម្ព័ន្ធមិត្ត​ថា បាន​បំប៉ោង​ហានិភ័យ​នៃ​ការកើតមាន​សង្គ្រាម។

បន្ទាប់ពី រុស្ស៊ី បាន​ចល័ត​ទ័ព សហរដ្ឋ​អា​ម៉​រិ​ក ក៏បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់​គ្រាប់បែក ទៅកាន់ សមុទ្រ​ខ្មៅ ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​ជាមួយនឹង ប្រទេស​អ៊ុយ​ក្រែ​ន និង​ប្រទេស​ជា​សមាជិក​ណា​តូ ចំនួន ២ គឺ រ៉ូ​ម៉ា​នី និង តួ​ក​គី។

ក្រៅពីនេះ អាម៉េរិក និង​ប្រទេស​មួយចំនួន​របស់ ណា​តូ ក៏​បន្ត​លក់​អាវុធ និង​ផ្ដល់ជំនួយ​ជា​អាវុធ​ដល់ អ៊ុយ​ក្រែ​ន ផងដែរ។ ជាមួយនឹង​ការគាំទ្រ​ពី អាម៉េរិក ប្រទេស​អ៊ុយ​ក្រែ​ន បាន​បង្កើន​ការប្រយុទ្ធ​ប្រឆាំងនឹង​ក្រុម​ផ្ដាច់ខ្លួន​នៅ​ភាគ​ខាងកើត​ប្រទេស ដែល​បាន​ថយកំដៅ​ក្នុងអំឡុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៕

Advertisement