ថវិកា ៧ ពាន់​លាន​ដុល្លារ របស់ អា​ហ្វ​ហ្គា​នី​ស្ថាន ដែល​បង្ក​កនៅ​ធនាគារ​អាម៉េរិក ត្រូវបាន​លោក ចូ បៃ​ដិ​ន បញ្ជា​ឱ្យ​ដកយក​មកប្រើប្រាស់

កាលពី​ថ្ងៃទី ១១ កុម្ភៈ ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដើម្បី​បញ្ចេញ​ខ្ទង់​ថវិកា​ចំនួន ៧ ពាន់​លាន​ដុល្លារ របស់​រដ្ឋាភិបាល​ចាស់​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។

ខ្ទង់​ប្រាក់​នេះ ក្រោយមក​នឹងត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផ្ដល់​ជា​ជំនួយ​ផ្នែក​មនុស្សធម៌ ដល់​ប្រជា​ជា​អា​ហ្វ​ហ្គា​នី​ស្ថាន ក៏ដូចជា​ផ្ដល់​ជា​សំណង​ដល់​ជនរងគ្រោះ​នៃ​ករណី​ភេរវកម្ម​សំដៅលើ សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ១១ កញ្ញា ២០០១។

ជាក់ស្ដែង ខ្ទង់​ថវិកា ៧ ពាន់​លាន​ដុល្លារ​ខាងលើ ត្រូវបាន​បង្កក​នៅក្នុង​ធនាគារកណ្ដាល​របស់​អា​ម៉េ​រិ​ក (FED) បន្ទាប់ពី​រដ្ឋាភិបាល​ចាស់​នៅ កា​ប៊ុល បាន​ដួលរលំ ហើយ​កម្លាំង​តា​លី​បង់ បាន​ត្រលប់មក​កាន់អំណាច​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ពាក់កណ្ដាល​ឆ្នាំ ២០២១។

មន្ត្រីជាន់ខ្ពស់​មួយរូប​របស់ សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន គ្រោង​នឹង​ប្រើប្រាស់​ថវិកា ៣.៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ខ្ទង់​ប្រាក់​ខាងលើ ដើម្បី​បង្កើត​មូលនិធិ​មួយ​សម្រាប់​ផ្ដល់ជំនួយ​មនុស្សធម៌​ដល់ អា​ហ្វ​ហ្គា​នី​ស្ថាន «ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន និង​អនាគត​របស់​ប្រទេស​នេះ»។

រដ្ឋាភិបាល​បច្ចុប្បន្ន​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន នឹង​មិនមាន​សិទ្ធិ​គ្រប់គ្រង​មូលនិធិ​ខាងលើ។ ចំណែក ៣.៥ ពាន់​លាន​ដុល្លារ​ទៀត នឹង​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ជា​សំណង​ដល់​ជនរងគ្រោះ​នៅក្នុង​អំពើ​ភេរវកម្ម​ថ្ងៃទី ១១ កញ្ញា ២០០១ បើសិន​សំណើ​របស់​ជនរងគ្រោះ​ត្រូវបាន​តុលាការ​អាម៉េរិក យល់ស្រប៕

Advertisement