​​ហុង​ឌូ​រ៉ា​ស​ មាន​​ប្រធានាធិបតី​​ជា​​ស្ត្រី​ភេទ​​លើក​ដំបូង​​បង្អស់​ក្នុង​ប្រវត្តិ​សាស្ត្រ

កាលពី​ថ្ងៃទី ២៧ មករា លោកស្រី Xiaomara Castro បានធ្វើ​សច្ចាប្រណិធាន​ចូលកាន់​តំណែង ក្លាយជា​ស្ត្រី​ដំបូង​គេ​ដែល​កាន់កាប់​កៅអី​ប្រធានាធិបតី​នៅ ប្រទេស​ហុង​ឌូ​រ៉ា​ស។

ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង លោកស្រី​ប្រធានាធិបតី​ថ្មី (ភរិយា​របស់​អតីត​ប្រធានាធិបតី Manuel Zelaya) បាន​សន្យាថា នឹង​យក​បញ្ហា​បំណុល​ធំ​របស់​ប្រទេសជាតិ​ជា​គោលដៅ​អាទិភាព​នៃ​លោកស្រី​ត្រូវ​ដោះស្រាយ។

ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​នេះ​ក៏មាន​វត្តមាន​របស់ អនុ​ប្រធានាធិបតី​អាម៉េរិក លោកស្រី Kamala Harris ផងដែរ។ លោកស្រី Harris ថ្លែងថា សហរដ្ឋ​អាម៉េរិក គាំទ្រ ហុង​ឌូ​រ៉ា​ស ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ និង​ការដោះស្រាយ​បញ្ហា​ជន​ចំណាកស្រុក។

កត្តាសេដ្ឋកិច្ច​គឺជា​បញ្ហា​ស្នូល​ដែល​បាន​ជួយ​ឱ្យ​លោកស្រី Castro ជាប់ឆ្នោត​នៅក្នុង​ការបោះឆ្នោត​កាលពី​ខែវិច្ឆិកា ២០២១។ លោកស្រី​អះអាងថា មិនអាច​ទូទាត់​ខ្ទង់​បំណុល​សាធារណៈ ១៥.៥ ពាន់​លាន​ដុល្លារ​អាម៉េរិក (៦០% នៃ GDP) នាបច្ចុប្បន្ន​បានឡើយ បើសិនជា​មិនបង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​ថ្មី។

ប្រធានាធិបតី​ថ្មី​របស់ ហុង​ឌូ​រ៉ា​ស ក៏បាន​សន្យា ប្រឆាំងនឹង​អំពើពុករលួយ ភាពក្រីក្រ និង​អំពើហិង្សា រួម​នឹង​បញ្ហា​ជាច្រើន​ផ្សេងទៀត​ដែល​រួមចំណែក​នាំឱ្យមាន​បញ្ហា​ពលរដ្ឋ​ចំណាកស្រុក​នៅឯ​ព្រំដែន​ជាប់ ទឹកដី​អាម៉េរិក៕

Advertisement