រាជបុត្រី​របស់​​មហាក្សត្រ​​នៃ ប្រទេស​ព្រុយ​ណេ រៀប​អភិសេក រយៈពេល ១០ ថ្ងៃ

ព្រះ​នាង Fadzilah នៃ​រាជាណាចក្រ​ព្រុយ​ណេ ប្រារព្ធ​ព្រះរាជ​ពិធី​អភិសេក​រយៈពេល​រហូត​ដល់ ១០ ថ្ងៃ ជា​មួយគូ​ដណ្ដឹង ឈ្មោះ Al-Hashimi។

ព្រះ​នាង Fadzilah Lubabul Bolkiah វ័យ ៣៦ វស្សា រួម​នឹង​គូ​ដណ្ដឹង Abdullah Nabil Mahmoud Al-Hashimi ប្រារព្ធ​រាជពិធី​អភិសេក ចាប់ពី​ថ្ងៃទី ១៦ មករា ដល់ ២៥ មករា។ យោងតាម​គេហទំព័រ Hype របស់ ម៉ាឡេស៊ី ព្រះរាជ​ពិធី​នានា​ត្រូវបាន​ប្រារព្ធ​នៅ​ថ្ងៃ​ដំបូង​នៃ​ពិធី​អភិសេក ចំណែក​ពិធី «ចូល​រោង» ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ ហើយ​តម​កទៀត​គឺជា​រាជពិធី​លៀង​សាយភោជន និង​ចុងក្រោយ​គឺ​ពិធី «ឆ្លង​រោង»។

កាលពី​ម្សិលមិញ គ្រួសារ​ខាង​ប្រុស​បាន​បញ្ជូន​ប្រតិភូ​ជា​មេបា ចេញដំណើរ​ពី​គេហដ្ឋាន​របស់​កូនកំលោះ នៅ Darussidiq ក្នុង​តំបន់ Jerudong នាំយក​គ្រឿង​ភ័ស្ដុភារ​បណ្ណាការ​ទៅកាន់​រាជវាំង Nurul Iman ជាទី​គង់ប្រថាប់​របស់​មហាក្សត្រ​ព្រុយ​ណេ ដើម្បី​សម្ដែង​ការគោរព។

រាជពិធី​ត្រូវបាន​ធ្វើឡើង​ក្រោម​ការយកចិត្តទុកដាក់​ពី​សំណាក់​សមាជិក​រាជវង្ស​ជាច្រើន​អង្គ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​អង្គ​ម្ចាស់ Abdul Mateen ដែលជា​ព្រះអនុជ​របស់​ព្រះ​នាង Fadzilah។

កាំភ្លើង​ធំ​ចំនួន ១៧ គ្រាប់ ត្រូវបាន​បាញ់​ដើម្បី​បញ្ជាក់ថា រាជវង្ស​ព្រុយ​ណេ បាន​ទទួលយក​បណ្ណាកា​រ។ ក្រុម​ប្រតិភូ​មេបា​ខាង​កូនកំលោះ ក៏ត្រូវ​បាន​អញ្ជើញ​ឱ្យចូល​ក្នុង​បន្ទប់​លៀង​សាយភោជន​របស់​រាជវាំង Nurul Iman និង​ត្រូវ​បានទទួល​ស្វាគមន៍​ដោយ​សមាជិក​រាជវង្ស។

ព្រះនាង Fadzilah Lubabul Bolkiah

ព្រះ​នាង Fadzilah គឺជា​រាជបុត្រី​របស់​មហាក្សត្រ​ព្រុយ​ណេ Hassanal Bolkiah ជា​ស្ដេច​ដែល​គ្រង​រាជសម្បត្តិ​បានយូរ​ជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក បន្ទាប់ពី​ម្ចាស់​ក្ស​ត្រី Elizabeth របស់​ចក្រភព​អង់គ្លេស៕

Advertisement