រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាម៉េរិក ឆ្លង កូ​វីដ-១៩

រដ្ឋមន្ត្រី Lloyd Austin បានទទួល​លទ្ធផល​វិជ្ជមាន​នឹង កូ​វីដ-១៩ បន្ទាប់ពី​បានធ្វើ​តេស្ត និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ៥ ថ្ងៃ ហើយ​លោក​ក៏បាន​បញ្ជាក់ថា មាន​អាការ​ស្រាល ដោយសារ​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សហរដ្ឋ​អាម៉េរិក លោក Lloyd Austin បានប្រកាស​ដូចខាងលើ​កាលពី​ថ្ងៃទី ២ មករា។ លោក​ថ្លែងថា នឹងចូលរួម​កិច្ចប្រជុំ​នានា​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ក្នុង​រយៈពេល​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក ៥ ថ្ងៃ។ លោក Austin បន្ថែមថា លើកចុងក្រោយ​ដែល​លោក​បាន​ជួប​ប្រធានាធិបតី Joe Biden គឺ​ថ្ងៃទី ២១ ធ្នូ ២០២១ ពោលគឺ​ជាង ១ សប្ដាហ៍​មុនពេល​មាន​រោគសញ្ញាដំបូង។

«វេជ្ជបណ្ឌិត​សង្កត់ធ្ងន់ថា ការដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ រួម​នឹង​ដូ​ស​ជំរុញ​កាលពី​ខែតុលា ២០២១ បាន​ជួយ​ឱ្យ​អាការរោគ​របស់ខ្ញុំ ស្រាល​ជាង​ឆ្ងាយ ធៀប​នឹង​ការដែល​មិនបាន​ចាក់» រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក ឱ្យដឹង​ដូច្នេះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាម៉េរិក លោក Lloyd Austin

នេះ​គឺជា​មន្ត្រី​មួយរូប​ក្នុងចំណោម​ក្រុមមន្ត្រី​ជាន់ខ្ពស់​បំផុតរ​បស់​រដ្ឋាភិបាល​លោក Biden ដែល​បាន​ឆ្លង​វីរុស​កូ​វីដ-១។ កាលពី​ខែតុលា ឆ្នាំ ២០២១ រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​បា​តុ​ភូមិ លោក Alejandro Mayorkas ក៏បាន​ឆ្លង កូ​វីដ-១៩។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​នៅក្នុង​គ្រា​ដែល សហរដ្ឋ​អាម៉េរិក រឹតបន្តឹង​វិធានការ​ទប់ស្កាត់ កូ​វីដ-១៩ ដោយសារ​មានការ​ព្រួយបារម្ភ​អំពី អូ​មី​ក្រុង ខណៈដែល​ប្រទេស​នេះ​ក៏​ជួប​ឧបសគ្គ​ក្នុង​ការធានា​លើ​សមត្ថភាព​ប្រយុទ្ធ​ដល់​ក្រុម​ទាហាន​នៅ​ចំពោះមុខ​ជំងឺ​រាតត្បាត​នេះ៕

Advertisement