អាចម៍ផ្កាយ​ល្បឿន ៦០,០០០ គីឡូម៉ែត្រ/ម៉ោង នឹង​ហោះ​មក​ក្បែរ​ផែនដី នៅ​សប្ដាហ៍​ក្រោយ

អាចម៍ផ្កាយ​មួយ​ដុំ​ដែលមាន​អង្កត់ផ្ចិត​ពី ៣៣០ ដល់ ៧៥០ ម៉ែត្រ នឹង​គោចរ​មក​ក្បែរ​ផែនដី នៅ​ថ្ងៃទី ៧ មករា ខាងមុខ ក្នុង​រយៈ​ចម្ងាយ​ស្មើនឹង ១/៣ នៃ​គម្លាត​រវាង​ផែនដី និង​ភព​សុក្រ។

អាចម៍ផ្កាយ​ដែលមាន​ឈ្មោះថា 496860 (1999 XL136) នេះ នឹង​ហោះ​កាត់មុខ​ផែនដី ក្នុង​រយៈ​ចម្ងាយ ១៣.៤ លាន​គីឡូម៉ែត្រ នៅ​ថ្ងៃទី ៧ មករា ២០២២ នេះ​បើតាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វត្ថុ​អវកាស​ក្បែរ​ផែនដី (CNEOS) នៃ​ទីភ្នាក់ងារ​អវកាស​អាម៉េរិក (NASA)។ ភព​សុក្រ​ដែល​នៅក្បែរ​ផែនដី​បំផុត មាន​ចម្ងាយ​ឆ្ងាយ​ជាង​នេះ ៣ ដង ចំណែក​ភព​អង្គារ (ចម្ងាយ​ប្រហែល ២២៥ លាន​គីឡូម៉ែត្រ ពី​ផែនដី) ឆ្ងាយ​ជាង​នេះ ១៧ ដង។

អាចម៍ផ្កាយ 496860 (1999 XL136) ហោះហើរ​ក្នុង​ល្បឿន ៦០,៣៥០ គីឡូម៉ែត្រ លឿន​ជាង​ប្រហែល ៣០ ដង ធៀប​នឹង​យន្តហោះ​ប្រតិកម្ម និង ១៨ ដង ធៀប​នឹង​គ្រាប់កាំភ្លើង​ដែល​បាញ់​ចេញពី​កាំភ្លើង​វែង (rifle)។

កន្លងមក អាចម៍ផ្កាយ​នេះ​ធ្លាប់បាន​ហោះ​មក​ក្បែរ​ផែនដី​លើកចុងក្រោយ​កាលពី​ខែមេសា ២០១៧ ហើយ​បន្ទាប់ពី​ថ្ងៃទី ៧ មករា ឆ្នាំ ២០២២ វា​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ហោះ​មក​ក្បែរ​ផែនដី​ម្ដងទៀត​នៅក្នុង​ខែកក្កដា ឆ្នាំ ២០៣។

អាចម៍ផ្កាយ 496860 (1999 XL136) មាន​អង្កត់ផ្ចិត ចាប់ពី ៣៣០ ដល់ ៧៥០ ម៉ែត្រ មានន័យថា វា​អាចមាន​ទំហំ​ប្រហាក់ប្រហែល​នឹង​តួ Eiffel នៅ​ប្រទេស បារាំង និង​វែង​ជាង​ទ្វេដង ធៀប​នឹង​អគារ Empire State នៅ សហរដ្ឋ​អាម៉េរិក៕

Advertisement