ចិនតៃវ៉ាន់ «ទប់ស្កាត់​ការ​បែកធ្លាយ​បច្ចេកវិទ្យា​សម្ងាត់​» ទៅ ចិនដីគោក

កោះ​តៃវ៉ាន់ ត្រៀម​រារាំង​បណ្ដា​ក្រុមហ៊ុន​របស់​កោះ​នេះ លក់​ទ្រព្យ ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅ ចិនដីគោក ក្នុង​បំណង​ទប់ស្កាត់​ហានិភ័យ​នៃ​ការ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​ស្ដីពី​បច្ចេកវិទ្យា។

ស្ថាប័ន​គ្រប់គ្រង​សេដ្ឋកិច្ច​របស់ កោះ​តៃវ៉ាន់ កាលពី​ថ្ងៃទី ១៥ ខែធ្នូ បានឱ្យដឹងថា កំពុងតែ​កែសម្រួល​ច្បាប់​បច្ចុប្បន្ន ដើម្បី​អាច​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​នៅលើ​កោះ​នេះ សុំ​ការអនុញ្ញាត បើសិន​ចង់​លក់ ឬ​កាត់បន្ថយ​ទ្រព្យ រោងចក្រ ឬ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៅឯ ចិនដីគោក។ ប្រការនេះ​ត្រូវបាន​គេ​យល់ថា​គឺ​ដើម្បី​ទប់ស្កាត់​ការ​បែកធ្លាយ​ព័ត៌មាន​បច្ចេកវិទ្យា​ជាន់ខ្ពស់​របស់ តៃវ៉ាន់ ទៅ ប្រទេស​ចិន។

ការកំណត់​ថ្មី ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ការពារ​បច្ចេកវិទ្យា​ឈី​ប​ដ៏​មានតម្លៃ​របស់ កោះ​តៃវ៉ាន់ ត្រូវបាន​បញ្ជូនទៅ​កាន់​សភា កាលពី​ថ្ងៃទី ១៥ ខែធ្នូ​រួចហើយ ដើម្បី​ពិនិត្យ និង​អនុម័ត ហើយ​វា​អាច​ចូល​ជា​ធរមាន​ចាប់ពី​ចុងឆ្នាំ ២០២១ ឬ​ខែមករា ២០២២។

នាបច្ចុប្បន្ន ខ្ទង់​វិនិយោគ​របស់​បណ្ដា​ក្រុមហ៊ុន​តៃវ៉ាន់ នៅឯ ចិនដីគោក រួមទាំង​ការបង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ គឺ​សុទ្ធតែ​ត្រូវបាន​តម្រូវឱ្យ​សុំ​ការអនុញ្ញាត​ពី​កោះ​នេះ។ ប៉ុន្តែ ដំណើរការ​នៃ​ការប្ដូរ​ផ្លាស់​ម្ចាស់​កម្មសិទ្ធិ​ក្រោយមក មិន​ត្រូវការ​ការយល់​ព្រម​ពី​មន្ត្រី​នៅ តៃវ៉ាន់ ប្រការនេះ​ធ្វើឱ្យមាន​ការព្រួយបារម្ភ​ចំពោះ​ហានិភ័យ​នៃ​ការ​បែកធ្លាយ​បច្ចេកវិទ្យា នៅក្នុង​គ្រា​ដែល​បងប្អូន​គូសត្រូវ​នេះ ប្រឈមមុខ​ដាក់គ្នា​កាន់តែខ្លាំង ទាក់ទិន​នឹង​ជម្លោះទឹកដី៕

Advertisement