ហ្វ៊ី​លី​ពី​ន ប្រកាសអាសន្ន​កម្រិត ៣ នៅ​ចំពោះមុខ​ព្យុះ​កំណាច Rai

ទិសដៅ​របស់​ព្យុះ Rai

ប្រទេស​ហ្វ៊ី​លី​ពី​ន បានប្រកាស​អាសន្ន​កម្រិត ៣ នៅក្នុង​កាំ​ប្រកាសអាសន្ន​ដែលមាន ៥ កម្រិត និង​ចាប់ផ្ដើម​ឈ្លៀស​ប្រជាជន​រាប់ពាន់នាក់​ទៅរក​ទី​សុវត្ថិភាព នៅពេល​ព្យុះ​កំណាច Rai បោកបក់​ជិត​មកដល់។

មជ្ឈមណ្ឌល​ជូនដំណឹង​រួម​អំពី​ព្យុះ​ទី​ហ្វុ​ង (JTWC) បាន​ព្យាករ​ថា ព្យុះ​កំណាច Rai ឬ​ហៅថា Odette នៅ ប្រទេស​ហ្វ៊ី​លី​ពី​ន នឹងធ្វើ​ដំណើរ​ក្នុង​ល្បឿន ២៦០ គីឡូម៉ែត្រ/ម៉ោង នៅពេល​បោកបក់​ចូលដល់​ដីគោក។ ល្បឿន​នេះ​ធ្វើឱ្យ​ព្យុះ Rai មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ព្យុះ​កម្រិត ៥ ឬ ព្យុះសង្ឃរា។

ស្ថាប័ន​ឧតុនិយម​របស់ ហ្វ៊ី​លី​ពី​ន បាន​ព្យាករ​ដែរ​ថា ចាប់ពី​ព្រឹក​ថ្ងៃទី ១៦ នេះ រហូតដល់​ថ្ងៃទី ១៧ ធ្នូ ព្យុះ Rai នឹង​បង្កឱ្យមាន​ភ្ញៀ​ង​ធ្លាក់​ខ្លាំង។ ភ្លៀង​ធំ​ត្រូវបាន​អាជ្ញាធរ​ព្រមាន​ថា អាច​បណ្ដាលឱ្យមាន​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ និង​បំណាក់​ដី។

សមត្ថកិច្ច​ឈ្លៀស​ពលរដ្ឋ​ទៅរក​ទី​សុវត្ថិភាព​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០ ដោយ​សារ​តែ​ព្យុះ​ត្រូពិច

បច្ចុប្បន្ន អាជ្ញាធរ​របស់ ហ្វ៊ី​លី​ពី​ន កំពុង​ប្រកាសអាសន្ន​កម្រិត ៣ អំពី​ព្យុះ​កំណាច Rai នៅ​តំបន់​ភាគ​ខាងកើត​នៃ​ប្រជុំ​កោះ Visayas និង​ភាគ​ខាងជើង​នៃ​កោះ Mindanao។ ក្រោយពី​ព្យុះ​បាន​វាយប្រហារ​លើដី​គោក ស្ថាប័ន​ឧតុនិយម​របស់​ប្រទេស​នេះ អាច​នឹង​បង្កើន​កម្រិត​នៃ​ការប្រកាសអាសន្ន​ឡើងដល់​កម្រិត ៤ ឬ​កម្រិត ៥ ដែលជា​កម្រិត​ខ្ពស់បំផុត​នៅក្នុង​កាំ​ប្រកាសអាសន្ន​អំពី​ព្យុះ។

ហ្វ៊ី​លី​ពី​ន តែងតែ​រងគ្រោះ​ដោយសារ​ព្យុះ​ត្រូពិច​ជា​មធ្យម ២០ ករណី រៀងរាល់ឆ្នាំ ដែល​បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ចំពោះ​មនុស្ស និង​សេដ្ឋកិច្ច។ កាលពី​ឆ្នាំមុន ប្រទេស​នេះ​ក៏បាន​រងគ្រោះ​ដោយសារ​ព្យុះ Goni ដែលជា​ព្យុះ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​នៅ​ឆ្នាំ ២០២០ បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​បាត់​បង់ជីវិត រាប់ពាន់នាក់​បាត់បង់​ទីជម្រក ខណៈ​សេដ្ឋកិច្ច​ត្រូវ​ខាតបង់​ប្រាក់​ជាង ៣៧០,០០០ ដុល្លារ​អាម៉េរិក៕

Advertisement