ក្រុមតំណាងរាស្ត្រ​របស់​ សហរដ្ឋ​អាម៉េរិក ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ ទៀតហើយ

តំណាងរាស្ត្រ​របស់ សហរដ្ឋ​អាម៉េរិក 5 រូប ដែល​ដឹកនាំ​ដោយ​សមាជិកសភា​ជាន់​ទាប​មកពី​បក្ស​ប្រជាធិបតេយ្យ លោក ម៉ាក តា​កា​ណូ (Mark Takano) បានធ្វើឱ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​នៅពេល​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ បន្ទាប់ពី​តំណាងរាស្ត្រ អាម៉េរិក មួយក្រុម​ផ្សេងទៀត បានមក​កាន់​កោះ​នេះ​កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន។

ក្រុមតំណាងរាស្ត្រ​ខាងលើ​មាន​មនុស្ស​សរុប 17 នាក់ រួមមាន តំណាងរាស្ត្រ​បក្ស​កាន់អំណាច​នៃ​សភា​ជាន់​ទាប​ចំនួន 4 រូប តំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ 1 រូប រួមជាមួយ​នឹង​ជំនួយការ​របស់​ពួកគេ បាន​មកដល់​ព្រលានយន្តហោះ សុង​សាន (Songshan) នៅ ទីក្រុង​តៃប៉ិ នៃ កោះ​តៃវ៉ាន់ តាម​យន្តហោះ C40-C របស់​កងទ័ព សហរដ្ឋ​អាម៉េរិក កាលពី​យប់​ថ្ងៃទី 25 វិច្ឆិកា។ តាម​គម្រោង ក្រុម​នេះ​នឹង​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ កោះ​តៃវ៉ាន់ លោកស្រី ត្សៃ អី​ង​វិ​ន (Tsai Ing-wen) និង​មន្ត្រីជាន់ខ្ពស់​ដទៃទៀត ក្នុងនោះ​ក៏មាន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ឈី​វ គួ​ឆេង (Chiu Kuo-cheng) ផងដែរ។

វិទ្យាស្ថាន​អាម៉េរិក ប្រចាំ កោះ​តៃវ៉ាន់ (AIT) កាលពី​យប់​កន្លង​ទៅបាន​ប្រកាសថា ក្រុមតំណាងរាស្ត្រ​ខាងលើ​នឹង​ស្ថិតនៅ កោះ​តៃវ៉ាន់ រហូតដល់​ដំណាច់​ថ្ងៃទី 26 វិច្ឆិកា។

យន្តហោះ C40-C របស់កងទ័ព សហរដ្ឋអាម៉េរិក

ចាង ហ្សឺ​វ៉ៃ (Chang Zewei) អ្នកនាំពាក្យ​របស់លោក​ស្រី ត្សៃ អី​ង​វីន បាន​និយាយថា ការិយាល័យ​ប្រធានាធិបតី​​ កោះ​តៃវ៉ាន់ មានការ​ត្រេកអរ​​ខ្លាំង​ចំពោះ​ទស្សនកិច្ច ដែល​ត្រូវបាន​ធ្វើឡើង​ក្រោយពី​មានដំណើរ​ទស្សនកិច្ច​មួយ​របស់​ក្រុមតំណាងរាស្ត្រ​បក្ស​សាធារណរដ្ឋ ដឹកនាំ​ដោយ​លោក ច​ន ឃ័​រ​នី​ន (John Cornyn) កាលពី​ថ្ងៃទី 9 វិច្ឆិកា។

អ្នកនាំពាក្យ​ខាងលើ​បន្ថែមថា ទស្សនកិច្ច​នេះ​អាចជួយ​ឱ្យ​ទំនាន់​ទំនង និង​ការចែករំលែក​ព័ត៌មាន​រវាង សហរដ្ឋ​អាម៉េរិក និង កោះ​តៃវ៉ាន់ ទាក់ទិន​នឹង​បញ្ហា​សន្តិសុខ​តំបន់ និង​បញ្ហា​ជាច្រើន​ផ្សេងទៀត កាន់តែ​ស៊ីជម្រៅ។

មន្ត្រី​ចិនដីគោក មាន​ការ​ខឹង​ខ្លាំង​ និង​​បាន​ហៅ ទស្សនកិច្ច​នៃ​ក្រុម​របស់​លើក ច​ន ឃ័​រ​នី​ន ថា​ជា​សកម្មភាព​បង្កហេតុ ហើយ​ថា​នឹង​បង្កើន​ការត្រៀម​លក្ខណៈ​សម្រាប់​ស​ង្គ្រា​ម​ក្នុង​តំបន់ ដើម្បី​ឆ្លើយតប​នឹង​ទង្វើ​ដែល ទីក្រុង​ប៉េកាំង ហៅថា «សម្ដី និង​សកម្ម​ភាព​​ខុសឆ្គង​ធ្ងន់ធ្ងរ»។

លោក ម៉ាក តាកាណូ (Mark Takano)

កាលពី​ខែមិថុនា តំណាងរាស្ត្រ 3 រូប​របស់ អាម៉េរិក ក៏បាន​ធ្វើ​ទស្សនកិច្ច កោះ​តៃវ៉ាន់ រយៈពេល 3 ម៉ោង ធ្វើឱ្យ​ចិនដីគោក ខឹង​យ៉ាងខ្លាំង និង​បាន​ព្រមាន​ដល់ កោះ​តៃវ៉ាន់ និង សហរដ្ឋ​អាម៉េរិក។ កាលពី​ខែមេសា អតីត​តំណាងរាស្ត្រ​អាម៉េរិក 1 រូប រួម​នឹង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងការបរទេស 2 រូប ក៏បាន​មកកាន់ កោះ​តៃវ៉ាន់ ជួបពិភាក្សា​ជាមួយ​លោកស្រី ត្សៃ អី​ង​វីន ​ផង​​ដែរ៕

Advertisement