ចន្ទ្រគ្រាស​ដែលមាន​រយៈពេល​វែង​បំផុត​ក្នុងអំឡុង​ជិត 600 ឆ្នាំ នឹង​កើតឡើង​សប្ដាហ៍​ក្រោយ

ចន្ទ្រគ្រាស​នេះ​នឹង​កើតឡើង​នៅ​ថ្ងៃទី 18 ឬ 19 វិច្ឆិកា ហើយ​អាច​មើលឃើញ​នៅ​តំបន់​ជាច្រើន​ក្នុង​ពិភពលោក រួមមាន ទ្វីប​អាម៉េរិក អូស្ត្រាលី អឺរ៉ុប និង​ទ្វីបអាស៊ី។

យោងតាម​ស្ថិតិ​នៃ​ការស្រាវជ្រាវ​របស់​ទីភ្នាក់ងារ​អវកាស​អាម៉េរិក NASA គិតពី​ឆ្នាំ 2001 ដល់​ឆ្នាំ 2100 ចន្ទ្រគ្រាស​ដែល​នឹង​កើតឡើង​នៅ​សប្ដាហ៍​ក្រោយនេះ​នឹង​ជា​ចន្ទ្រគ្រាស​មួយផ្នែក​ដែល​យូរ​ជាងគេ​បង្អស់​ក្នុង​រយៈពេល​មួយ​សតវត្សរ៍ ដោយ​វា​នឹង​អូស​បន្លាយពេល​រហូតដល់ 3 ម៉ោង 28 នាទី និង 23 វិនាទី។ វា​ក៏​នឹង​យូរ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ចន្ទ្រគ្រាស​ទាំងស្រុង​ដែល​យូរ​ជាងគេ​បំផុត​ក្នុង​មួយ​សតវត្សរ៍ ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ 2018 ជាមួយ​ពេលវេលា 1 ម៉ោង និង 43 នាទី។ យោងតាម​ស្ថានីយ​តារាសាស្ត្រ Holcomb នៅ​រដ្ឋ Indiana សហរដ្ឋ​អាម៉េរិក នេះ​ក៏​ជា​ចន្ទ​គ្រាស​មួយផ្នែក​ដែល​យូរ​ជាងគេ​ក្នុងអំឡុង 580 ឆ្នាំ​ផងដែរ។

ចន្ទ្រគ្រាស​នេះ​នឹង​ចាប់ផ្ដើម​កើតឡើង​នៅវេលា​ម៉ោង 14 និង 19 នាទី ហើយ​ឡើងដល់​កម្រិត​កំពូល​នៅវេលា​ម៉ោង​ប្រហែល 16 រួច​បញ្ចប់​នៅ​ម៉ោង 17 និង 47 នាទី ថ្ងៃទី 19 វិច្ឆិកា (ម៉ោង​នៅ​ភ្នំពេញ)។ ក្នុង​ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​លើក​នេះ ស្រមោល​របស់​ផែនដី​នឹង​គ្របដណ្ដប់​លើ​ព្រះ​ចន្ទ​ស្ទើរតែ​ទាំងស្រុង (97%)។

អ្នក​ដែល​ចូលចិត្ត​វិស័យ​តារាសាស្ត្រ​នៅ​តំបន់​ជាច្រើន​ក្នុង​ទ្វីប​អាម៉េរិក អូស្ត្រាលី ទ្វីបអឺរ៉ុប និង​ទ្វីបអាស៊ី អាច​គយគន់​ចន្ទ្រគ្រាស​លើក​នេះ​នៅ​ថ្ងៃទី 18 វិច្ឆិកា ឬ 19 វិច្ឆិកា ដោយ​ពេលវេលា​ជាក់ស្ដែង​គឺ​អាស្រ័យ​ទៅតាម​តំបន់។

ព្រឹត្តិការណ៍​ចន្ទ្រគ្រាស​កើតឡើង​នៅពេល​ផែនដី​គោចរ​ទៅដល់​ចន្លោះ​ព្រះអាទិត្យ និង​ព្រះ​ចន្ទ។ ពេលនោះ ស្រមោល​ផែនដី​នឹង​ជះ​ទៅលើ​ព្រះ​ចន្ទ។ ផែនដី​អាច​បាំង​ពន្លឺព្រះអាទិត្យ​ដែល​ចាំង​ទៅលើ​ព្រះ​ចន្ទ​មួយផ្នែក ឬ​ទាំងស្រុង ដែល​បណ្ដាលឱ្យ​ផ្ទៃ​ព្រះ​ចន្ទ​ត្រូវ​ងងឹត៕

Advertisement