2% នៃ​ទ្រព្យសម្បត្តិ​របស់ Elon Musk អាច​ដោះស្រាយ​គ្រោះ​ទុរភិក្ស នៅ​ទូទាំង​សកលលោក

ប្រាក់​ចំនួន 2% នៃ​ទ្រព្យសម្បត្តិ​សរុប​ចំនួន 289 ពាន់​លាន​ដុល្លារ របស់​មហាសេដ្ឋី Elon Musk ដែលជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Tesla និង​ក្រុមហ៊ុន SpaceX អាចជួយ​សង្គ្រោះ​មនុស្ស​ចំនួន 42 លាន​នាក់ និង​ដោះស្រាយ​គ្រោះ​ទុរភិក្ស​នៅ​ទូទាំង​ពិភពលោក។

ក្រុម​មហាសេដ្ឋី​គួរតែ «ឧបត្ថម្ភ​នៅពេលនេះ និង​តែម្ដង​គត់» នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការសហប្រជាជាតិ លោក David Beasley បាន​ឆ្លើយ​ក្នុង​កិច្ច​សម្ភាស​របស់​កម្មវិធី​ដែល​ត្រូវបាន​ផ្សាយ​កាលពី​ថ្ងៃទី 26 តុលា របស់ CNN ស្ដីពី​កំពូល​អ្នកមាន​ជាងគេ​ពីររូប​គឺ លោក Jeff Bezos និង​លោក Elon Musk។

«42 ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាជន​ចំនួន 42 លាន​នាក់ ដែលជា​អ្នកនឹង​ត្រូវស្លាប់ បើសិន​យើង​មិនបាន​ជួយ​ពួកគេ។ រឿងនេះ​មិន​ស្មុគស្មាញ​ឡើយ» លោក David Beasley និយាយ​ដូច្នេះ។

លោក David Beasley

យោងតាម​សារព័ត៌មាន Bloomberg នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla លោក Elon Musk មានទ្រព្យ​ជិត 289 ពាន់​លាន​ដុល្លារ។ David Beasley បានស្នើ​សុំឱ្យ​មានការ​បរិច្ចាគ 2% នៃ​ទ្រព្យ​របស់​មហាសេដ្ឋី Elon Musk។ តម្លៃ​ទ្រព្យ​របស់​បណ្ដា​មហាសេដ្ឋី​នៅ សហរដ្ឋ​អាម៉េរិក បាន​កើនឡើង​ជិត​ទ្វេដង ចាប់ពី​វីរុស COVID-19 បានបង្ហាញ​ខ្លួន​ដំបូង ដោយ​កើន​ដល់​ជាង 5 លាន​លាន (ទ្រី​លាន) ដុល្លារ នៅក្នុង​ខែតុលា នេះ​បើតាម​វិទ្យាស្ថាន​អាម៉េរិក សម្រាប់​កិច្ចការ​ស្រាវជ្រាវ​គោលនយោបាយ និង​យុត្ត​ធម៌​ពន្ធដារ។

លោក Beasley យល់ថា ការដែល​ពិភពលោក​ត្រូវ​ប្រឈម​នឹង​វិបត្តិ​ច្រើន​ក្នុងពេល​តែមួយ ដូចជា​បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​រោគរាតត្បាត COVID-19 គឺ​មានន័យថា ប្រទេស​ជាច្រើន​កំពុង​ដើរ​ជិត​ដល់ «គ្រោះ​ទុរភិក្ស»។

យោងតាម​របាយការណ៍​របស់ WFP ដែល​បានប្រកាស​កាលពី​ថ្ងៃទី 25 តុលា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន ចំនួន​ពាក់កណ្ដាល ដែល​ស្មើនឹង 22.8 លាន​នាក់ កំពុង​ប្រឈម​នឹង​វិបត្តិ​ទុរភិក្ស ក្នុងនោះ​មាន​កុមារ​ជាង 3.2 លាន​នាក់​ផងដែរ។

មហា​សេដ្ឋី Elon Musk

នៅ​ប្រទេសអេត្យូពី អង្គការ WFP បាន​គណនា​ឃើញថា មនុស្ស 5.2 លាន​នាក់​កំពុង​ត្រូវការ​ជំនួយ​ស្បៀងអាហារ​បន្ទាន់ នៅ​តំបន់ Tigray ជាទី​ដែល​នាយករដ្ឋមន្ត្រី Abiy Ahmed បញ្ជា​ឱ្យ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​ប្រឆាំងនឹង​រណ​សិ​រ្យ​រំដោះប្រជាជន Tigray (TPLF) កាលពី​ឆ្នាំទៅ។ ជន​ស៊ីវិល​រាប់ពាន់នាក់​បាន​ស្លាប់ និង​ជាង 2 លាន​នាក់​ត្រូវ​រត់ចោលស្រុក។

បណ្ដា​អង្គការ​មនុស្សធម៌​ដូចជា WFP ជាដើម ត្រូវ​ប្រឹងប្រែង​ធ្វើការ​ដោយ​ត្រដរ​ដើម្បី​មាន​ប្រភព​ផ្គត់ផ្គង់​សម្រាប់​ពលរដ្ឋ​ដែល​កំពុងមាន​តម្រូវ ធ្វើឱ្យ​វិបត្តិ​កាន់តែ​ធ្ងន់ធ្ងរឡើង។

«យើង​មិនដឹងថា ពួកគេ​បាន​អ្វី​ដើម្បី​បរិភោគ​នោះទេ» Beasley ថ្លែង​នៅក្នុង​កិច្ច​សម្ភាស​ដូច្នេះ។ «យើង​អស់​ឥន្ធនៈ គ្មាន​ប្រាក់​ដើម្បី​បើក​ប្រាក់ខែ​ដល់​បុគ្គលិក ហើយក៏​មិនអាច​បញ្ជូន​រថយន្ត​ដឹកទំនិញ​ចូល​តំបន់​នោះ»៕

Advertisement