«ពិធី​រៀប​អភិសេក» របស់​រាជវង្ស លើកដំបូង​នៅ ប្រទេស​រុស្ស៊ី ក្រោយ​រយៈពេល​មួយ​សតវត្សរ៍

«មហាឧបរាជ» George Mikhailovich Romanov (ឆ្វេង) និង​កូន​ក្រមុំ Victoria Romanvna Bettarini

(រុស្ស៊ី)-ពិធី​រៀប​អភិសេក​របស់​សមាជិក​ជំនាន់​ក្រោយ​នៃ​រាជវង្ស​រុស្ស៊ី នឹងត្រូវ​បានធ្វើ​ឡើង​នៅ​អតីត​រាជធានី St.Petersburg (Saint Petersburg) ដែល​បច្ចុប្បន្ន​គឺជា​ទីក្រុង​កំពង់ផែ​របស់ រុស្ស៊ី ដែល​នេះ​គឺជា​របត់​ថ្មី​មួយ និង​ជា​ពិធី​អភិសេក​របស់​រាជវង្ស រុស្ស៊ី លើកដំបូង​បង្អស់ ក្នុង​រយៈពេល​ជាង​សតវត្សរ៍​មកនេះ។

មហាឧបរាជ George Mikhailovich Romanov នឹង​រៀប​អភិសេក​ជាមួយ​គូ​ដណ្ដឹង​ជា​ជនជាតិ​អ៊ីតាលី ឈ្មោះ Victoria Romanovna (Bettarini) នៅឯ​វិហារ St. Isaac នៅ​ទីក្រុង St.Petersburg នា​ថ្ងៃទី 01 ខែតុលា។ ពិធី​រៀប​អភិសេក​នេះ ត្រូវបាន​រៀបចំ​យ៉ាង​ម៉ត់ចត់ និង​មានការ​អញ្ជើញ​ភ្ញៀវ​បរទេស​រាប់រយ​នាក់​ផងដែរ។

«នេះ​គឺជា​កន្លែង​ដំបូង​នៅ ប្រទេស​រុស្ស៊ី ដែល​យើង​បាន​ត្រលប់​មកវិញ» George Mikhailovich Romanov អាយុ 40 ឆ្នាំ ប្រាប់​សារព័ត៌មាន Fontanka.ru អំពី​ការជ្រើសរើស St.Petersburg ដើម្បី​ធ្វើ​ពិធី​រៀបការ។ «ទីនេះ​នៅ​ជិត​គ្រួសារ»។

George Mikhailovich Romanov ចាប់កំណើត​នៅ ប្រទេស​អេ​ស្ប៉ា​ញ។ ម្ដាយ​របស់លោក​គឺ ព្រះ​នាង Maria Vladimirovna ដែល​ធ្លាប់បាន​ប្រកាស​ដោយ​អង្គឯង​ថា​ជា​រាជទាយាទ​នៅ រុស្ស៊ី ចំណែក​ឪពុក​របស់លោក​គឺជា​មហាឧបរាជ Mikhail Pavlovich។ ជីវិត​របស់លោក George Mikhailovich Romanov ភាគច្រើន រស់នៅ ប្រទេស​បារាំង និង អេ​ស្ប៉ា​ញ។

តា​ទួត​របស់ George Mikhailovich គឺ​មហាឧបរាជ Kirill Vladimirovich បាន​ទៅកាន់ ប្រទេស​ហ្វាំ​ង​ឡង់ កាលពី​ឆ្នាំ 1917 ហើយ​ក្រោយមក​ក៏បាន​នាំ​គ្រួសារ​ទៅ​រស់នៅក្នុង​តំបន់​អឺរ៉ុប​ខាងលិច។

George Mikhailovich ត្រលប់​មកលេង ប្រទេស​រុស្ស៊ី លើកដំបូង​កាលពី​ឆ្នាំ 1992 ហើយ​បច្ចុប្បន្ន​រស់នៅក្នុង រដ្ឋធានី​មូ​ស្គូ ជាទី​ដែល​លោក​ដឹកនាំ​គម្រោង​មនុស្សធម៌​មួយចំនួន។

កូន​ក្រមុំ​ Bettarini អាយុ 39 ឆ្នាំ បាន​ចូល​សាសនា​គ្រិស្ត​អ​ថូ​ដុក​រុស្ស៊ី កាលពី​ឆ្នាំ 2020 និង​ប្រើប្រាស់​ឈ្មោះ Victoria Romanvna។

ស្ដេច​ចុងក្រោយបង្អស់​របស់ ប្រទេស​រុស្ស៊ី គឺ​ព្រះអង្គម្ចាស់ Nicholas II រួម​នឹង​មហេសី និង​បុត្រ 5 អង្គ ត្រូវបាន​កងទ័ព​បដិវត្ត​ប្រហារជីវិត​នៅក្នុង​បន្ទប់ក្រោមដី​របស់​គ្រួសារ​អ្នកជំនួញ​ម្នា​ក់នៅ Yekaterinburg ជាទី​ក្រុង​ដែលមាន​ចម្ងាយ​ប្រហែល 1,450 គីឡូម៉ែត្រ ពី រដ្ឋធានី​មូ​ស្គូ កាលពី​ខែកក្កដា ឆ្នាំ 1918។

រាជវង្ស Romanov គ្រប់គ្រង ប្រទេស​រុស្ស៊ី អស់​រយៈពេល 300 ឆ្នាំ មុនពេល​ស្ដេច Nicholas II ដាក់​រាជ​កាលពី​ឆ្នាំ 1917។ វិហារ​សាសនា​គ្រិស្ត​អ​ថូ​ដុក របស់ រុស្ស៊ី (Russian Orthodox Church) បានតែងតាំង​ស្ដេច Nicholas II ជា​អាទិទេព​មួយអង្គ កាលពី​ឆ្នាំ 2000៕

Advertisement