ប្រទេស​ចិន​៖ ​រក​ឃើញ​សាក​សព​កម្មករ​ 19​ នាក់​បន្ថែម​ទៀត​ ក្នុង​ករណី​បាក់​ស្រុត​អណ្ដូងរ៉ែ​ចុង​ក្រោយ​ នៅ​ឯ​​ខ្ពង់​រាប​ទីបេ

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​ពិភាក្សា​អំពី​វិធី​ជួយ​សង្គ្រោះ​ នៅ​ឯ​អណ្ដូង​រ៉ែ​ Chaidaer ក្នុង​ខេត្ត​ សាន​ទុង​ កាល​ពីថ្ងៃទី 14 សីហា​ ឆ្នាំ​ 2021

កម្លាំង​សង្គ្រោះ ទើបតែ​បាន​រកឃើញ​សាកសព​កម្មករ​ចំនួន 19 នាក់ ដែល​ជាប់​ក្រោម​ដី​នៅក្នុង​ហេតុការណ៍​បាក់ស្រុត​អណ្ដូងរ៉ែ​កាលពី​មួយខែ​មុន។

«គិត​មកដល់​ព្រឹក​ថ្ងៃទី 13 កញ្ញា បេសកកម្ម​សង្គ្រោះ​ដំបូង​ត្រូវបាន​ធ្វើឡើង​រួចរាល់។ មនុស្ស​ចំនួន 19 នាក់​ដែល​បាន​ជាប់គាំង សុទ្ធតែ​ត្រូវបាន​រកឃើញ និង​មិនមាន​អ្នកណាម្នាក់​នៅមាន​សញ្ញា​នៃ​ការរស់រាន​នោះទេ» ស្ថានីយទូរទស្សន៍​ជាតិចិន CCTV បាន​ផ្សាយ​ដូច្នេះ។

មនុស្ស​ជាង 1,000 នាក់ បាន​ចូលរួម​បេសកកម្ម​ជួយសង្គ្រោះ​ដែល​អូសបន្លាយ​ពេល​ជិត 30 ថ្ងៃ នៅក្នុង​ស្ថានភាព​លំបាក ដែលមាន​កម្ពស់​ជាង 3,800 ម៉ែត្រ​ពី​ផ្ទៃ​ទឹកសមុទ្រ។ អណ្ដូង​​រ៉ែ Chaidaer ដែល​បាន​បាក់ស្រុត ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប ឈី​ង​ហៃ (Qinghai)-ទី​បេ ជាទី​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា «ដំបូលផ្ទះ​របស់​ពិភពលោក» ជាមួយនឹង​ប្រជាជន​រស់នៅ​តិចតួច និង​អាកាសធាតុ​ពិបាក​រស់នៅ។

ដំបូល​របស់​អណ្ដូងរ៉ែ បាន​បាក់ស្រុតភ្លាមៗកាលពី​ថ្ងៃទី 14 សីហា ក្នុង​គ្រា​ដែលមាន​មនុស្ស​ចំនួន 21 នាក់ កំពុងធ្វើការ​នៅ​ខាងក្នុង។ មនុស្សម្នា​ក់នៅ​មានជីវិត និង​កម្មករ​អណ្ដូងរ៉ែ​ម្នាក់​បាន​ស្លាប់ និង​ត្រូវបាន​នាំ​ឡើងមក​លើដី ក្រោយ​ហេតុការណ៍​កើតឡើង​បាន​ប៉ុន្មាន​ថ្ងៃ។ នេះ​បើ​តាម​សារ​ព័ត៌មាន​ AFP។

គ្រោះថ្នាក់​នៅ​អណ្ដូងរ៉ែ​ក្នុងប្រទេស​ចិន កើត​ឡើងជា​ញឹកញាប់។ កាលពី​ខែមករា ករណី​ដូចគ្នានេះ​ក៏បាន​កើតឡើង​នៅឯ​ខេត្ត​សាន​ទុង ភាគ​ខាងកើត​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​ចំនួន 22 នាក់ បាត់បង់​ជីវិត។ ក្រោយ​ការផ្ទុះ​ដែល​ធ្វើឱ្យ​បាក់ស្រុត​ច្រកចេញ-ចូល បុគ្គលិក​របស់​អណ្ដូងរ៉ែ​ក៏ត្រូវ​ជាប់​ក្រោម​ដី​រយៈពេល 2 សប្ដាហ៍។ មនុស្ស 11 នាក់ ត្រូវបាន​សង្គ្រោះ​ទាន់ពេល ខណៈ 10 នាក់​បាន​ស្លាប់ និង​ម្នាក់​បាត់​ខ្លួន។

កាលពី​ខែធ្នូ ឆ្នាំ 2020 កម្មករ​អណ្ដូងរ៉ែ​ចំនួន 23 នាក់ បាន​ស្លាប់ បន្ទាប់ពី​បានជា​ប់​ក្រោម​ដី​នៅក្នុង​ទីក្រុង​ឆុង​ឈី​ង (Chongqing) ភាគ​ខាងលិច​ប្រទេស​ចិន។ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់ពី​ករណី​ពុល​ឧស្ម័ន​នៅក្នុង​ឯ​អណ្ដូងរ៉ែ​មួយ​ផ្សេងទៀត​នៅក្នុង​ទីក្រុង​ជាមួយគ្នា ដែល​បណ្ដាលឱ្យ​កម្មករ 16 នាក់​ត្រូវ​បាត់បង់​ជីវិត៕

Advertisement