តា​លី​បង់ ប្រហារជីវិត​បងប្រុស​អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន

បងប្រុស​របស់​ អតីតអនុប្រធានាធិបតី Amrullah Saleh

អាជ្ញាធរ តា​លី​បង់ បាន​កាត់ទោស​ប្រហារជីវិត​ចំពោះ Rohullah Saleh ដែលជា​បងប្រុស​របស់ Amrullah Saleh អតីត​អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន និង​ជា​មេដឹកនាំ​ម្នាក់​របស់​កងកម្លាំង​តស៊ូ​នៅ​ជ្រលង​ភ្នំ Panjshir ជាទី​តាំង​សំខាន់​ចុងក្រោយ​របស់​ក្រុម​ប្រឆាំងនឹង តា​លី​បង់ ដែល​នៅ​សេសសល់។

«ពួកគេ​បាន​ប្រហារជីវិត​អ៊ំ​ប្រុស​របស់ខ្ញុំ» Ebadullah Saleh ក្មួយប្រុស​របស់ Rohullah Saleh បានឱ្យដឹង​កាលពី​ថ្ងៃទី 10 កញ្ញា។ «ពួកគេ​បានសម្លាប់​គាត់​កាលពី​ម្សិលមិញ និង​មិនឱ្យ​ពួកយើង​បញ្ចុះសព​គាត់​ទេ។ ពួកគេ​និយាយ​ជា​បន្តបន្ទាប់​ថា គួរតែ​ទុក​សាកសព​ឱ្យ​ស្អុយរលួយ»។

ព័ត៌មាន​ដែលថា Rohullah Saleh ត្រូវ តា​លី​បង់ ប្រហារជីវិត ត្រូវ​បានលើកឡើង​បន្ទាប់ពី តា​លី​បង់ ដណ្ដើមបាន​អំណាច​ក្នុងការ​គ្រប់គ្រង​ខេត្ត Panjshir ដែលជា​ទីតាំង​ចុងក្រោយ​របស់​កងកម្លាំង​តស៊ូ​ប្រឆាំង តា​លី​បង់ នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ គណនី​បណ្ដាញ​សង្គម​ជា​ភាសា​អ៊ូ​ឌូ (Urdu) របស់​សេវាកម្ម​សារព័ត៌មាន​នៃ​ក្រុម តា​លី​បង់ Alemarah ឱ្យដឹងថា «យោងតាម​ដំណឹង​ដែល​ទទួលបាន Rohullah Saleh ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រយុទ្ធ​គ្នា​នៅ Pahjshir។

អតីតអនុប្រធានាធិបតី របស់​ អាហ្វហ្គានីស្ថាន​ លោក​ Amrullah Saleh

អតីត​អនុ​ប្រធានាធិបតី Amrullah Saleh ធ្លាប់ជា​មេដឹកនាំ​ស្ថាប័ន​សន្តិសុខ​ជាតិ ស្ថាប័ន​ស៊ើបការណ៍​សម្ងាត់​របស់រ​ដ្ឋា​ភិ​បាល​ចាស់។ បច្ចុប្បន្ន មិនដឹង​ច្បាស់​ថា លោក Amrullah Saleh ស្ថិត​នៅទីណា​នោះទេ។ ប្រភពព័ត៌មាន​មួយ​នៅ កា​ប៊ុល កាលពី​ដើមខែ​នេះ​ឱ្យដឹងថា លោក Amrullah Saleh បាន​ចាក​ចេញពី​ជ្រលង​ភ្នំ Panjshir ទៅកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន ប៉ុន្តែ លោក​បាន​បដិសេធ​ព័ត៌មាន​នេះ។

រណសិរ្ស​តស៊ូ​ជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន (NRF) ដែល​រួមមាន កងជីវពល​ប្រឆាំង តា​លី​បង់ និង​អតីត​ទាហាន​នៃ​កងទ័ព​រដ្ឋាភិបាល​ចាស់​ដែល​ស្មោះត្រង់​នឹង​មេដឹកនាំ Ahmad Massaoud បាន​ប្ដេជ្ញាចិត្ត​បន្ត​ប្រយុទ្ធ​ប្រឆាំងនឹង តា​លី​បង់ សូម្បីតែ​ក្រោយពី​ទីក្រុង Bazarak របស់ Panjshir ធ្លាក់​ទៅក្នុង​ដៃ​ក្រុម តា​លី​បង់។

ជ្រលង​ភ្នំ Panjshir ដែលមាន​កំពូលភ្នំ​ជាច្រើន​ព័ទ្ធជុំវិញ មានឈ្មោះ​ល្បី​ថា​ជា​ជញ្ជាំង​ការពារ​ដ៏​រឹងមាំ​សម្រាប់​ប្រឆាំងនឹង តា​លី​បង់ នៅក្នុង​បណ្ដា​ឆ្នាំ​ចុងក្រោយ​នៃ​ទសវត្សរ៍​ឆ្នាំ 1990។ NRF បង្កើត​មូលដ្ឋានទ័ព​នៅ​ជ្រលង​ភ្នំ​នេះ បន្ទាប់ពី តា​លី​បង់ ដណ្ដើមបាន​អំណាច​នៅ កា​ប៊ុល បាន​ប៉ុន្មាន​ថ្ងៃ ដោយ​ជឿថា ពួកគេ​អាច​កាន់កាប់​ជ្រ​លំ​ភ្នំ​នេះ​បានល្អ៕

Advertisement