មេរដ្ឋប្រហារ​យោធា​នៅ​ ហ្គីណេ​ ស្បថ​ថា​ មិន​ធ្វើបាប​សមាជិក​រដ្ឋាភិបាល​ចាស់​ ខណៈ​រង​ការ​ថ្កោល​ទោស​ពី​អន្តរ​ជាតិ

Mamadi Doumbouya មេបញ្ជាការកងកម្លាំងពិសេសរបស់ ហ្គីណេ

Mamady Doumbouya មេបញ្ជាការ​កងទ័ពរ​ដ្ឋ​ប្រហារ​របស់ ហ្គី​ណេ សន្យាថា បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ និង​មិន​ធ្វើបាប​សមាជិក​រដ្ឋាភិបាល​ចាស់ ខណៈ​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​គំរាម​ដាក់ទណ្ឌកម្ម។

«នឹងមាន​ការចរចា​មួយ​ដើម្បី​បង្កើត​បទបញ្ជា​សម្រាប់​ដំណើរការ​នៃ​ការប្រគល់អំណាច ក្រោយមក​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ» Mamady Doumbouya មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ បានឱ្យដឹង​ដូច្នេះ​កាលពី​ម្សិលមិញ ប៉ុន្តែ មិនបាន​បញ្ជាក់​លម្អិត​អំពី​ពេលវេលា​នៃ​ការចរចា ឬ​កាលកំណត់​នៃ​ការប្រគល់អំណាច។

មេបញ្ជាការ​កងទ័ពរ​ដ្ឋ​ប្រហារ​រូបនេះ​បាន​សន្យាថា នឹងមិន​ធ្វើបាប​សមាជិក​ទាំងឡាយ​របស់​រដ្ឋាភិបាល​ចាស់ ទន្ទឹមនឹងនេះ លោក​ក៏បាន​សន្យា​ជាមួយ​ក្រុម​អ្នកវិនិយោគ​ថា សកម្មភាព​ជំនួញ​នឹងមិន​រង​ផលប៉ះពាល់។

ហ្គី​ណេ ជា​ប្រទេស​ក្រីក្រ​បំផុត​មួយ​ក្នុង​ពិភពលោក បើទោះជា​មាន​ធនធានធម្មជាតិ​សម្បូរបែប។ កន្លងមក ប្រទេស​នេះ​តែងតែ​ជួប​បញ្ហា​អស្ថិរភាព​នយោបាយ។ ភាព​តានតឹង​បាន​ផ្ទុះឡើង​កាលពី​ឆ្នាំមុន បន្ទាប់ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​អាណត្តិ​ទី​បី​ដ៏​ចម្រូងចម្រាស​របស់​ប្រធានាធិបតី Alpha Conde។ មួយ​ថ្ងៃមុន​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ 2020 កងទ័ព​បាន​បិទ​ច្រកចូល​ក្នុង​ខណ្ឌ Kaloum បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការបះបោរ​នៅ​ភាគ​ខាងកើត​រដ្ឋធានី។

វរសេនីយឯក Mamaby Doumbouya មេរដ្ឋប្រហារ​យោធា​នៅ​ ហ្គីណេ លើក​ដៃ​ស្វាគមន៍​ហ្វូង​មនុស្ស​ នៅ​ពេល​លោក​មក​ដល់វិមាន​ប្រជាជន (Palais du Peuple/Palace of the People) នៅ​ក្នុង​រដ្ឋធានី​ Conakry កាលពី​ថ្ងៃទី 6 កញ្ញា​ ឆ្នាំ​ 2021សារព័ត៌មាន AFP បាន​រាយការណ៍​ថា Doumbouya មេបញ្ជាការ​កងកម្លាំង​ពិសេស​របស់ ហ្គី​ណេ ជា​អ្នក​នៅ​ពីក្រោយ​រដ្ឋប្រហារ​កាលពី​ថ្ងៃទី 5 កញ្ញា ដែល​បាន​ចាប់ខ្លួន​ប្រធានាធិបតី Conde វ័យ 83 ឆ្នាំ បានប្រកាស​រំលាយ​រដ្ឋធម្មនុញ្ញ ដាក់​បម្រាម​គោចរ រំលាយ​រដ្ឋាភិបាល និង​ផ្លាស់ប្ដូរ​អភិបាលខេត្ត និង​ក្រុមមន្ត្រី​ជាន់ខ្ពស់ ជំនួស​ដោយ​មនុ​ស្សរប​ស់​កងទ័ព។

ប្រទេស​ជាច្រើន​បាន​ថ្កោលទោស​ចំពោះ​រដ្ឋប្រហារ​នេះ។ «អំពើហិង្សា និង​ច្បាប់​ទាំងឡាយណា​ក្រៅពី​រដ្ឋធម្មនុញ្ញ សុទ្ធតែ​ធ្វើឱ្យប៉ះពាល់​ដល់​ក្ដីសង្ឃឹម​ដែលថា ហ្គី​ណេ នឹង​ប្រកបដោយ​សន្តិភាព ស្ថិរភាព និង​រីកចម្រើន» អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស សហរដ្ឋអាមេរិក Ned Price និយាយ​ដូច្នេះ និង​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​គោរព​ច្បាប់។

សហភាព​អាហ្វ្រិក និង​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​ដោះលែង​ប្រធានាធិបតី Conde។ សហគមន៍​សេដ្ឋកិច្ច​នៃ​បណ្ដា​រដ្ឋ​អាហ្វ្រិក​ខាងលិច (Economic Community of West African States) បាន​គំរាមថា​នឹងដាក់​ទណ្ឌកម្ម បើសិន ហ្គី​ណេ មិន​ស្ការ​រដ្ឋធម្មនុញ្ញ​ឡើងវិញ៕

Advertisement