អាមេរិក សម្លាប់​អ្នក​យុទ្ធសាស្ត្រ​របស់ IS ដើម្បី​សងសឹក​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​កា​ប៊ុល

យន្តហោះ​ចម្បាំង​គ្មាន​មនុស្ស​បើក​របស់ សហរដ្ឋអាមេរិក សម្លាប់​បាន​មន្ត្រី​យុទ្ធសាស្ត្រ​ម្នាក់​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម​សាខា IS-K នៅ អា​ហ្វ​ហ្គា​នី​ស្ថាន ដើម្បី​ឆ្លើយតប​នឹង​អំពើ​វាយប្រហារ​ភេរវកម្ម​ដែល​បានសម្លាប់​មនុស្ស​យ៉ាងហោច 170 នាក់ នៅឯ​ព្រលានយន្តហោះ​អន្តរជាតិ Hamid Karzai ក្នុង​រដ្ឋធានី​កា​ប៊ុល។

«ការវាយប្រហារ​តាម​អាកាស​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក ត្រូវបាន​ធ្វើឡើង​នៅក្នុង​ខេត្ត Nangahar នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន។ សញ្ញា​ដំបូង​បង្ហាញថា យើង​បាន​កម្ទេច​គោលដៅ​ដោយ​ពុំ​បង្ក​ផលប៉ះពាល់​ដល់​ពលរដ្ឋ» Bill Urban អ្នកនាំពាក្យ​របស់​បញ្ជា​ការដ្ឋាន​កងទ័ព​អាមេរិក ឱ្យដឹង​កាលពី​ថ្ងៃទី 27 សីហា។ ការវាយប្រហារ​ត្រូវបាន​ធ្វើឡើង​ពី​ខាងក្រៅ​ដែនដី​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។

យោងតាម Urban គោលដៅ​នៃ​ការវាយប្រហារ​នេះ​គឺ​អ្នក​យុទ្ធសាស្ត្រ​ដែល​ទទួលបន្ទុក​ក្នុង​ការរៀប​ផែនការ​សម្រាប់​ក្រុម​សកម្មប្រយុទ្ធ​នៃ​កងកម្លាំង​រដ្ឋ​អ៊ីស្លាម Khorasan (IS-K) ដែលជា​សាខា​ដ៏​មហា​ជ្រុលនិយម​របស់ IS ធ្វើ​សកម្មភាព​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន។ IS-K មុននេះ​បានចេញ​មុខ​ទទួលខុសត្រូវ​ចំពោះ​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ​ក្នុង​រដ្ឋធានី​កា​ប៊ុល​កាលពី​ថ្ងៃទី 26 សីហា ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិច 170 នាក់ ក្នុងនោះ​មាន​ទាំង​ទាហាន អាមេរិក ចំនួន 13 នាក់​ផងដែរ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​ កំពុង​នាំ​យក​ជនរង​គ្រោះ​ក្នុង​ករណី​បំផ្ទុះ​គ្រាប់​បែក​នៅ​កាប៊ុល​ កាល​ពី​ថ្ងៃទី 26 សីហា ទៅ​កាន់​មន្ទីរ​ពេទ្យ

Urban មិនបាន​លើកឡើង​អំពី​អត្តសញ្ញាណ​របស់​អ្នក​យុទ្ធសាស្ត្រ​នៃ​ក្រុម IS-K ដែល​ត្រូវបាន​សម្លាប់​នោះទេ ហើយក៏​មិនបាន​បញ្ជាក់ថា នេះ​ពិតជា​អ្នក​ដែល​បាន​រៀប​ផែនការ​វាយប្រហារ​ភេរវកម្ម​នៅ​ព្រលានយន្តហោះ​កា​ប៊ុល ឬ​យ៉ាងណា​នោះដែរ។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden បានប្រកាសថា នឹង​តាម​ប្រមាញ់ ក៏ដូចជា​បង្ខំ​ឱ្យ​ក្រុម​ដែល​នៅ​ពីក្រោយ​អំពើ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រលានយន្តហោះ Hamid Karzai នា​រដ្ឋធានី​កា​ប៊ុល សង​នូវ​អ្វីដែល​ពួកគេ​បាន​ប្រព្រឹត្ត។ លោក Biden ក៏បាន​ចេញ​បញ្ជា​ឱ្យ​កងទ័ព អាមេរិក វាយប្រហារ​លើ​មូលដ្ឋាន និង​ក្រុម​មេដឹកនាំ​របស់ IS-K ផងដែរ៕

Advertisement