សហរដ្ឋអាមេរិក កំពុង​ហ៊ុម​ព័ន្ធ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់ តា​លី​បង់

អតីតអគ្គនាយកធនាគារជាតិ អាហ្វហ្គានីស្ថាន លោក Ajmal Ahmady

ប្រាក់​បម្រុង​រាប់ពាន់​លាន​ដុល្លារ​អាមេរិក របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន រួមទាំង​ប្រភព​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អន្តរជាតិ សុទ្ធតែ​ត្រូវបាន សហរដ្ឋអាមេរិក បង្កក ក្រោយពី តា​លី​បង់ ឡើងកាន់​អំណាច។

មុនពេល​ក្រុម​ឧទ្ទាម តា​លី​បង់ សម្រុកចូល​រដ្ឋធានី​កា​ប៊ុល ធនាគារកណ្ដាល​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅមាន​ប្រាក់​បម្រុង​ជិត 9 ពាន់​លាន​ដុល្លារ​អាមេរិក។ ប៉ុន្តែ ក្នុងចំណោម​នោះ មាន​ប្រមាណ 7 ពាន់​លាន​ដុល្លារ ដែល​ផ្ញើ​ក្នុង​គណនី​នៅ សហរដ្ឋអាមេរិក ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារជាតិ​ក្នុង​ក្រុង New York។ ព័ត៌មាន​នេះ ត្រូវបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃទី 18 សីហា ដោយ​អតីត​អគ្គនាយក​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន Ajmal Ahmady។

ភ្លាមៗនោះ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ អាមេរិក Janet Yellen និង​ការិយាល័យ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​បរទេស (OFAC) នៃ​ក្រសួង​ហិរញ្ញវត្ថុ អាមេរិក ក៏បាន​បង្កក​គណនី​ធនាគារ​ទាំងឡាយ​ខាងលើ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រសួង​ហិរញ្ញវត្ថុ អាមេរិក ថែមទាំង​អាច​រឹតបន្តឹង​ការគ្រប់គ្រង​លើ​ប្រភព​ហិរញ្ញវត្ថុ​របស់​ក្រុម តា​លី​បង់ ទៀតផង។

ក្រុម​មេដឹក​នាំ​ តាលីបង់ ដែល​បាន​ចូល​រួម​កិច្ច​ចរចា​នៅ​ប្រទេស​ កាកា​ កាល​ពី​ខែ​កញ្ញា ឆ្នាំ​ 2020​

ដោយមាន​ឥទ្ធិពល​ខ្លាំង​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ ទីក្រុង​វ៉ា​ស៊ី​ង​តោន នៅមាន​លទ្ធភាព​រារាំង តា​លី​បង់ ក្នុង​ការយក​មកវិញ​នូវ​ខ្ទង់​ប្រាក់ 1.3 ពាន់​លាន​ដុល្លារ ដែល​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន បាន​ផ្ញើ​នៅក្នុង​គណនី​ធនាគារ​អន្តរជាតិ​ជាច្រើន​ផ្សេងទៀត ពិសេស​គឺ​គណនី​បញ្ញើ​ជា​ប្រាក់​អឺរ៉ូ និង​ប្រាក់​ផោន​អង់គ្លេស នៅក្នុង​ធនាគារ​មួយចំនួន​នៅ​អឺរ៉ុប។

ខ្ទង់​ប្រាក់​ក្រៅពីនេះ​របស់​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​តម្លៃ 700 លាន​ដុល្លារ កំពុងស្ថិត​ក្នុង​ធនាគារ​ទូទាត់​អន្តរជាតិ (BIS) នៅ​ប្រទេស​ស្វី​ស។

«ខ្ទង់​ប្រាក់​ដែល តា​លី​បង់ អាច​ប្រើប្រាស់​បាន​គឺ ប្រមាណ​ជា ពី 0.1-0.2% នៃ​ខ្ទង់​ប្រាក់​បម្រុង​សរុប​នៅ​បរទេស របស់ អា​ហ្វ​ហ្គា​នី​ស្ថាន។ មិន​ច្រើន​ប៉ុន្មាន​ទេ» អតីត​អគ្គនាយក​ធនាគារជាតិ អា​ហ្វ​ហ្គា​នី​ស្ថាន លោក Ajmal Ahmady បាន​អះអាង​ដូច្នេះ៕

Advertisement