តា​លី​បង់ ប្រកាសថា «គំនុំគុំកួន បានបញ្ចប់​ហើយ» ខណៈ​អនុប្រធានាធិបតី​ ប្រកាស​ថា ខ្លួន​ជា​មេដឹក​នាំ​ស្រប​ច្បាប់

អ្នកនាំពាក្យរបស់ តាលីបង់ លោក​ Zabihullah Mujahid

ក្រុម​តា​លី​បង់ ដែល​ទើប​ដណ្ដើមបាន​ជ័យជំនះ​លើ សហរដ្ឋអាមេរិក ក៏ដូចជា​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន បានឱ្យដឹងថា «គំនុំគុំកួន ត្រូវបាន​បញ្ចប់» និង​មិន​ចង់​មាន​សត្រូវ​ណាមួយ​ទៀត​នោះឡើយ ទន្ទឹមនឹង​ការបោះ​ជំហាន​ទៅរក​ការបង្កើត​រដ្ឋាភិបាល​ថ្មី។

«យើង​គ្មាន​បំណង​វិល​ទៅរក​សង្គ្រាម ឬ​ជម្លោះ​អ្វី​ទៀត​នោះទេ។ ការគុំកួន​នឹង​គ្នា បានបញ្ចប់ ហើយ​យើង​ចង់​រស់នៅក្នុង​សន្តិភាព។ យើង​មិន​ចង់​មាន​សត្រូវ​ណាមួយ​ទេ ទាំង​ក្នុង និង​ក្រៅប្រទេស» អ្នកនាំពាក្យ​របស់ តា​លី​បង់ Zabihullah Mujahid និយាយ​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 17 សីហា។

នេះ​គឺជា​សន្និសីទ​សារព័ត៌មាន​ដំបូងបង្អស់ រាប់​ចាប់ពី តា​លី​បង់ ដណ្ដើមបាន​ជ័យជំនះ​ស្ទើរតែ​ទាំងស្រុង​នៅ អា​ហ្វ​ហ្គា​នី​ស្ថាន កាលពី​ថ្ងៃទី 15 សីហា។ លោក Zabihullah Mujahid បញ្ជាក់ថា «អា​ហ្វ​ហ្គា​នី​ស្ថាន នឹងមាន​រដ្ឋាភិបាល​អ៊ីស្លាម ដ៏​ខ្លាំងក្លា​មួយ»។

យោងតាម Zabihullah Mujahid មេដឹកនាំ​កំពូល​របស់ តា​លី​បង់ បានប្រកាស​លើកលែងទោស​រួម​រួចហើយ និង​សន្យាថា ធានា​សុវត្ថិភាព​ដល់​ក្រុម​អ្នកម៉ៅការ អ្នកបកប្រែ​ដែល​ធ្លាប់ធ្វើ​ការឱ្យ អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ អាមេរិក ក៏ដូចជា​ទាហាន​របស់​រដ្ឋាភិបាល​ដែល​ប្រឆាំងនឹង តា​លី​បង់ រួមទាំង​គ្រួសារ​របស់​ពួកគេ ដែល​ព្យាយាម​ចាកចេញ​ពី អា​ហ្វ​ហ្គា​នី​ស្ថាន។

អនុប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Amrullah Saleh

ទោះជា​យ៉ាងនេះ​ក្ដី អនុ​ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន លោក Amrullah Saleh បានប្រកាស​ដែរ​ថា លោក​គឺជា​មេដឹកនាំ​បណ្ដោះអាសន្ន​ស្របច្បាប់ បន្ទាប់ពី​ប្រធានាធិបតី Ashraf Ghani ចាក់​ចេញពី​ប្រទេស។

«យោងតាម​រដ្ឋធម្មនុញ្ញ​របស់ អា​ហ្វ​ហ្គា​នី​ស្ថាន នៅពេល​ប្រធានាធិបតី​អវត្តមាន រត់គេចខ្លួន លាលែង​ពី​តំណែង ឬ​ទទួលមរណភាព អនុ​ប្រធានាធិបតី​ទីមួយ ត្រូវ​ក្លាយជា​ប្រធានាធិបតី​បណ្ដោះអាសន្ន។ ខ្ញុំ​កំពុងមាន​វត្តមាន​នៅក្នុង​ប្រទេស​របស់ខ្ញុំ និង​ជា​ប្រធានាធិបតី​បណ្ដោះអាសន្ន​ស្របច្បាប់។ ខ្ញុំ​កំពុង​ទាក់ទង​ទៅកាន់​មេដឹកនាំ​នានា ដើម្បី​ធានា​ចំពោះ​ការគាំទ្រ និង​ការយល់ស្រប​របស់​ពួកគេ» លោក Amrullah Saleh សរសេរ​នៅលើ Twitter កាលពី​ម្សិលមិញ​ដូច្នេះ។

ក្រុម​តា​លី​បង់ ចូល​គ្រប់គ្រង​រដ្ឋធានី​កា​ប៊ុល បាន​យ៉ាង​ងាយស្រួល កាលពី​ព្រលប់​ថ្ងៃទី 15 សីហា។ តា​លី​បង់ ដណ្ដើមបាន​ជោគជ័យ​លើ​កងទ័ព​រដ្ឋាភិបាល អា​ហ្វ​ហ្គា​នី​ស្ថាន ក្រោយពី សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​បាន​ដកទ័ព​ភាគច្រើន​របស់​ពួកគេ ចេញពី អា​ហ្វ​ហ្គា​នី​ស្ថាន។

នៅពេល តា​លី​បង់ ជិត​ចូលដល់​រដ្ឋធានី ប្រធានាធិបតី អា​ហ្វ​ហ្គា​នី​ស្ថាន Ashraf Ghani ក៏បាន​រត់ចោល​ប្រទេស ដោយ​លើកឡើងថា «ដើម្បី​បញ្ចៀស​ការបង្ហូរ​ឈាម» បណ្ដាលឱ្យ​រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ប្រទេស​លោកខាងលិច ត្រូវ​ដួលរលំ។ ក្រុម​តា​លី​បង់ បាន​ចូលដល់​វិមាន​ប្រធានាធិបតី ហើយ​ប្រកាសថា​នឹង​បង្កើត រដ្ឋ Islamic Emirate of Afghanistan (បកប្រែ​ក្រៅផ្លូវការ​ថា រដ្ឋ​អ៊ីស្លាម​រួបរួម​នៃ​អា​ហ្វ​ហ្គា​នី​ស្ថាន)៕

Advertisement