NASA ជ្រើសរើស​មនុស្ស​ទៅ​រស់​នៅលើ​ភព​ព្រះ​អង្គារ​សិប្បនិម្មិត

សហរដ្ឋអាមេរិក៖ ដើម្បី​ត្រៀមខ្លួន​សម្រាប់​បញ្ជូន​មនុស្ស​ទៅកាន់​ពិភព​ព្រះ​អង្គារ ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA) ចាប់ផ្ដើម​ទទួល​ពាក្យ​ពី​បេក្ខភាព​ទាំងឡាយ បំណង​ជ្រើសរើស​មនុស្ស​ចំនួន 4 នាក់ ឱ្យទៅ​រស់នៅ​រយៈពេល 1 ឆ្នាំ នៅលើ​ភព​អង្គារ​សិប្បនិម្មិត Mars Dune Alpha។

Mars Dune Alpha គឺជា​ទីតាំង​ទំហំ 158 ម៉ែត្រក្រឡា និង​មាន​បរិយាកាស​ដូច​ទៅនឹង​ពិភព​ព្រះ​អង្គារ ដែល​ត្រូវបាន​​សាង​សង់​ឡើង​ដោយ​គ្រឿងចក្រ​បោះ​ពុ​ម្ភ 3D។ Mars Dune Alpha មាន​ទីតាំង​នៅក្នុង​អគារ​មួយ​ដែល​ស្ថិតក្នុង​មជ្ឈមណ្ឌល​អវកាស Johnson នាទី​ក្រុង Houston រដ្ឋ Texas សហរដ្ឋអាមេរិក។ ក្រុម​អ្នកស្ម័គ្រចិត្ត​ដែល​ទទួលបាន​ប្រាក់ខែ នឹងធ្វើ​ការ​ក្នុង​បេសកកម្ម​ស្រាវជ្រាវ​ភព​អង្គារ​សិប្បនិម្មិត រួមមាន ការដើរ​ក្នុង​បរិវេណ​នៃ​ទី​តាំង​​ពិសោធ ការកាត់បន្ថយ​ទំនាក់ទំនង​ជាមួយ​គ្រួសារ ប្រភព​អាហារ​និង​ធនធាន​មានកំណត់ រួម​នឹង​ស្ថានភាព​ឧបករណ៍​បច្ចេកវិទ្យា​ត្រូវ​ខូច។

NASA កំពុង​រៀបចំ​គម្រោង​សម្រាប់​ការពិសោធ​ចំនួន 3 ក្នុងចំណោម​ការពិសោធ​ទាំងឡាយ​ខាងលើ។ ការពិសោធ​ដំបូង​នឹង​ចាប់ផ្ដើម​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំក្រោយ។ អាហារ​ទាំងអស់ សុទ្ធតែ​អាហារ​ឆ្អិន​ស្រាប់។ អ្នកស្ម័គ្រចិត្ត​នឹង​ដាំ​រុក្ខជាតិ​មួយចំនួន។

ការ​ជ្រើស​អ្នកស្ម័គ្រចិត្ត​ដែល​ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ចុង​សប្ដាហ៍​មុននេះ ពិត​ជាមាន​លក្ខខណ្ឌ​តឹងរ៉ឹង ក្នុងនោះ បេក្ខភាព​ត្រូវតែមាន​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកទេស គណិត ឬ​មានបទពិសោធន៍​ជា​អ្នកបើកបរ​យន្តហោះ។ អ្នក​មិនអាច​មានឱកាស​ទទួល​បានការ​ជ្រើសរើស​នោះទេ បើសិន​មិនមែនជា​ពលរដ្ឋ​អាមេរិក។ អ្នកស្ម័គ្រចិត្ត ក៏ត្រូវ​មាន​វ័យ​ចាប់ពី 30-55 ឆ្នាំ មាន​សុខ​ភាពល្អ មិនមាន​បញ្ហា​ក្នុងការ​ហូបចុក និង​មិនមាន​បញ្ហា​ពុល​ឡាន ឬ​យានជំនិះផ្សេងៗ។

ជ្រុងមួយនៃទិដ្ឋភាពខាងក្នុងរបស់ទីតាំងពិសោធន៍ Mars Dune Alpha

គម្រោង​ខាងលើ​បង្ហាញថា NASA កំពុង​ស្វែងរក​មនុស្ស​ដែលមាន​សមត្ថភាព​ជិត​ស្មើនឹង​អ្នក​អវកាស។ ការពិសោធ​នឹង​ផ្ដល់​លទ្ធផល​ល្អ បើសិន​អ្នកស្ម័គ្រចិត្ត​មាន​លក្ខណៈ​ដូច​ទៅនឹង​មនុស្ស​ដែល​ជិត​បាន​ហោះ​ទៅកាន់​ភព​ព្រះ​អង្គារ។

កន្លងមក រុស្ស៊ី ក៏​ធ្លាប់ធ្វើ​ការពិសោធ​មួយ​ដូចគ្នានេះដែរ ប៉ុន្តែ បេសកកម្ម​ដែលមាន​ឈ្មោះថា Mars 500 របស់​ពួកគេ បាន​បរាជ័យ ព្រោះតែ​អ្នកស្ម័គ្រចិត្ត មាន​លក្ខណៈ​ដូច​ទៅនឹង​មនុស្ស​សាមញ្ញ​ខ្លាំងពេក។

អតីត​អ្នក​អវកាស​ជនជាតិ កាណាដា ឈ្មោះ Chris Hadfield ដែល​ធ្លាប់បាន​ស្ថិតនៅលើ​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) រយៈពេល 5 ខែ កាលពី​ឆ្នាំ 2013 បានឱ្យដឹងថា ឥរិយាបថ​ពិតជា​សំខាន់​ខ្លាំងណាស់។ អ្នក​ដែល​សមស្រប​ជាមួយនឹង​បេសកកម្ម​គឺ ត្រូវតែមាន​សមត្ថភាព​គ្រប់គ្រាន់ ពូកែ​ដោះស្រាយ​បញ្ហា និង​ជាម​នុស្ស​ដែល​មិន​អាស្រ័យ​លើ​អារម្មណ៍​អ្នកដទៃ៕

Advertisement