ទិដ្ឋភាព​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សាហាវ គួរ​ឱ្យ​ខ្លាច​ នៅ​ប្រទេស​ក្រិ​ក

បុគ្គលិក​ពន្លត់​អគ្គិភ័យ និង​ប្រជាជន​រាប់រយ​នាក់​នៅ​ប្រទេស​ក្រិ​ក កំពុងតែ​ប្រយុទ្ធ​ប្រឆាំងនឹង​អណ្ដាតភ្លើង​ដែល​កំពុង​ឆាបឆេះ​ព្រៃ​ដ៏​ធំ​នៅលើ​កោះ Evia។

ភ្លើង​ឆេះ​ព្រៃ​ជាច្រើន​កន្លែង បាន និង​កំពុង​កើតឡើង​នៅក្នុង​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ បន្ទាប់ពី​ប្រទេស​ក្រិ​ក រង​រលក​កំដៅ​ដ៏​ខ្លាំង​ពី​ព្រះអាទិត្យ។

ករណី​ភ្លើង​ឆេះ​ព្រៃ​នៅ Evia ដែលជា​កោះធំ​បំផុត​លំដាប់​ទី​ពីរ​របស់ ក្រិ​ក និង​ស្ថិតនៅ​ទិសខាងកើត​នៃ​រដ្ឋធានី Athens នេះ បាន​ដុត​កម្ទេច​ព្រៃឈើ​រាប់ពាន់​ហិកតា និង​បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​ផងដែរ។ ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍ ត្រូវបាន​ជម្លៀស​ទៅរក​ទី​សុវត្ថិភាព​ដោយ​ស្រឡាង។

ភ្លើង​ឆេះ​ព្រៃ​នៅ​ប្រទេស​ក្រិ​ក បានសម្លាប់​មនុស្ស​ចំនួន 2 នាក់ និង​បណ្ដាលឱ្យ​មនុស្ស​រាប់សិប​នាក់​ត្រូវ​ចូល​ពេទ្យ។ ប្រទេស​នេះ​បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន 260 និង​មធ្យោបាយ​ពន្លត់ភ្លើង​ចំនួន 66 គ្រឿង​ទៅកាន់​កន្លែងកើតហេតុ។ ប្រទេស​អ៊ុយ​ក្រែ​ន និង រ៉ូ​ម៉ា​នី ក៏បាន​បញ្ជូន​បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន 200 នាក់ និង​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ចំនួន 23 គ្រឿង រួម​នឹង​យន្តហោះ 7 គ្រឿង ទៅ​ជួយ​ក្រិ​ក​ផងដែរ។

ក្រិ​ក ក៏បាន​បញ្ជូន​ស្រឡាង និង​កប៉ាល់​យោធា​ជាច្រើន​គ្រឿង​ទៅ​ជម្លៀស​ប្រជាជន​ចេញពី​តំបន់​រងគ្រោះ និង​តំបន់​រង​ផលប៉ះពាល់​ពី​ភ្លើងព្រៃ​នៅលើ​កោះ Evia។ ប៉ុន្តែ ក្រុមកំលោះៗ ស្ម័គ្រចិត្ត​នៅ​ជួយ​ទប់​ទល់នឹង​ភ្លើងព្រៃ​ដែល​កំពុង​លេប​ត្របាក់​ភូមិឋាន​របស់​ពួកគេ៕

Advertisement