ចិន ថា «ការពារ​អធិបតេយ្យភាព លើ កោះ​តៃវ៉ាន់ ដោយ​គ្រប់​មធ្យោបាយ» ក្រោយ​តំណាងរាស្ត្រ​អាមេរិក ជិះ​យន្ត​ហោះ​យោធា​ ទៅ​​ជួប​មេដឹកនាំ​តៃវ៉ាន់

ក្រសួងការពារជាតិ​ចិន ប្រកាសថា នឹង​ការពារ​អធិបតេយ្យភាព​លើ កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រតិភូ​សហរដ្ឋអាមេរិក បានធ្វើ​ទស្សនកិច្ច​ខ្លី​មកកាន់​កោះ​នេះ ដោយ​ជិះ​យន្តហោះ​របស់​កងទ័ព។

«កងទ័ព​រំដោះប្រជាជន​ចិន (PLA) នឹង​ឆ្លើយតប ដោយ​ការប្ដេជ្ញាចិត្ត ការពារ​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើ​គ្រប់​មធ្យ​បាយ​ទាំងអស់ បើសិន​ជាមាន​គេ​មក​បំបែក តៃវ៉ាន់ ចេញពី​ប្រទេស​ចិន» អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន Wu Qian បានឱ្យដឹង​កាលពី​ម្សិលមិញ។

ការអធិប្បាយ​ខាងលើ ត្រូវបាន​លើកឡើង បន្ទាប់ពី​យន្តហោះ​ដឹកជញ្ជូន​ផ្នែក​យោធា C-17 នៃ​កងទ័ពអាកាស​របស់ សហរដ្ឋ​អាមេរិក បាន​ដឹក​ប្រតិភូ ដែល​រួមមាន តំណាងរាស្ត្រ 3រូប​នៃ​សភា​ជាន់ខ្ពស់ ចុះចត​លើ​ទីក្រុង​តៃប៉ិ នៃ​កោះ​តៃវ៉ាន់ និង​ឈប់​នៅទីនេះ​រយៈពេល 3ម៉ោង កាលពី​ថ្ងៃទី6 ខែមិថុនា។ ប្រតិភូ​អាមេរិក​នេះ បាន​ជួបពិភាក្សា​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់ លោក Tsai Ing-wen និង​បាន​សន្យាថា ផ្ដល់​វ៉ាក់សាំង​ប្រឆាំង Covid-19 ចំនួន 750,000ដូ​ស ដល់​កោះ​នេះ​ផងដែរ។

លោក Wu Qian

លោក Wu Qian ថ្លែងថា ដំណើរ​ទស្សនកិច្ច​រប​ស់​តំណាងរាស្ត្រ​អាមេរិក បង្ក​ការខូចខាត​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ា​ស៊ី​ង​តោន ក៏ដូចជា​ស្ថិរភាព​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់។ អ្នកនាំពាក្យ​រូបនេះ បាន​ហៅ​សកម្មភាព​ខាងលើនេះ​ថា​ជា ឥរិយាបថ «មិន​ប្រកបដោយ​ការទទួលខុសត្រូវ»។ លោក Wu Qian បន្ថែមថា គណៈ​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (Democratic Progressive Party) ដែល​កំពុងកាន់​អំណាច​នៅ តៃវ៉ាន់ កំពុង «ប្រលែង​លេង​ជាមួយ​ភ្លើង» ហើយ​ថា ប្រាកដជា​ទទួល​បរាជ័យ។

កន្លងមក អ្នកនាំពាក្យ​នៃ​ក្រសួងការបរទេស​ចិន Zhao Lijian ក៏បាន​និយាយថា សហរដ្ឋអាមេរិក មិនគួរ​បញ្ជូន​សារ​ខុសឆ្គង ដល់​កម្លាំង​គាំទ្រ​ឯករាជ្យ​នៅ​តៃវ៉ាន់  ហើយ​ទន្ទឹមនឹងនេះ គួរតែ​បញ្ចប់​រាល់​សកម្មភាព​ផ្លូវការ​ជាមួយ​កោះ​នេះ។

ប្រទេស​ចិន ចាត់ទុក​កោះ​តៃវ៉ាន់ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន ដែល​មិនអាច​កាត់ផ្ដាច់​បាន ហើយ​ថា នឹង​ប្រើប្រាស់​កម្លាំងបាយ​ដើម្បី​បង្រួបបង្រួម បើសិន​ចាំបាច់។ ចំណែក សហរដ្ឋអាមេរិក វិញ បើទោះជា ទទួលស្គាល់​ប្រទេស​ចិន​តែមួយ ប៉ុន្តែ អាមេរិក នៅតែ​សន្យា​ជួយ​ដល់​កោះ​តៃវ៉ាន់ ក្នុងការ​រក្សា​សិទ្ធិ​ការពារ​ខ្លួន ដោយយោង​ទៅតាម​សន្ធិសញ្ញា​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ ឆ្នាំ1979 និង​តែង​ផ្គត់ផ្គង់​អាវុធ​ដល់​កោះ​នេះ​ជា​ញឹកញាប់។

ប្រតិភូ​របស់​ សហរដ្ឋ​អាមេរិក​ និង​ក្រុម​មន្ត្រី​កោះ​តៃវ៉ាន់​ នៅ​ព្រលាន​យន្ត​ហោះ​ Songshan នៃ​កោះ​តៃវ៉ាន់

ភាព​តានតឹង​អាច​នឹង​កាន់តែ​អាក្រក់​ជាង​នេះ នៅពេល​ប្រធាន​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក-តៃវ៉ាន់ Rupert Hammond-Chambers បានឱ្យដឹងថា ទីក្រុង​វ៉ា​ស៊ី​ង​តោន ជិត​អនុម័ត​លើ​កិច្ចព្រមព្រៀង​លក់​អាវុធ​ថ្មី​មួយចំនួន ឱ្យ​កោះ​តៃវ៉ាន់។ នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា សកម្មភាព​ប្រឈម​នឹង «បន្ទាត់​ក្រហម» របស់​ប្រទេស​ចិន ហើយ​អាច​នាំឱ្យ «មហា​យក្ស» អាស៊ី​មួយ​នេះ ប្រតិកម្ម​ខ្លាំងក្លា​ជាង​មុន ចំពោះ​បញ្ហា​កោះ​តៃវ៉ាន់៕

ប្រភព៖ SCMP
ប្រែ​សម្រួល៖ បុត្រា

Advertisement