ប្រធានាធិបតី ហ្សេ​ឡែ​ន​ស្គី ថា រុស្ស៊ី កំពុង​គ្រប់គ្រង ២០% នៃ​ទឹកដី​របស់ អ៊ុយ​ក្រែ​ន

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្ល៉ា​ឌី​មៀ ហ្សេ​ឡែ​ន​ស្គី ទើបតែ​បានឱ្យដឹងថា កងកម្លាំង​របស់ រុស្ស៊ី បាន​គ្រប់គ្រង ២០% នៃ ទឹកដី​អ៊ុយ​ក្រែ​ន ក្នុង​គ្រា​ដែល​សង្គ្រាម​រវាង រុស្ស៊ី និង​ប្រទេស​នេះ​ឈាន​ចូលដល់​ថ្ងៃទី ១០។

ព័ត៌មាន​ខាងលើ​ត្រូវ​បានលើកឡើង​កាលពី​ថ្ងៃទី ២ ខែ​មិថុនា ឆ្នាំ​ ២០២២ នៅចំពោះ​មុខ​ក្រុម​អ្នក​តាក់តែង​ច្បាប់​នៅ លុច​សំបួ (Luxembourg)។ លោក ហ្សេ​ឡែ​ន​ស្គី បន្ថែមថា តំបន់​សមរភូមិ​មុខ​បានអូសបន្លាយ​ប្រវែង​ជាង ១,០០០ គីឡូម៉ែត្រ។ «គ្រប់​កម្លាំង​បម្រុង​របស់ រុស្ស៊ី សុទ្ធតែ​បាន​ចូលរួម​ការវាយប្រហារ​នេះ» លោក ហ្សេ​ឡែ​ន​ស្គី សង្កត់ធ្ងន់​ដូច្នេះ។

ប្រកាស​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ត្រូវបាន​ធ្វើឡើង​ចំពេល​ដែល រុស្ស៊ី កំពុង​បង្កើន​សកម្មភាព​វាយប្រហារ​ទៅលើ​ទីក្រុង Severodonetsk នៅ​តំបន់​ភាគ​ខាងកើត Donbass។

Severodonetsk គឺជា​ទីក្រុង​ធំ​ចុងក្រោយ​នៅ Lugansk ដែល​នៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់ ទីក្រុង​កៀវ។ អភិបាលខេត្ត Lugansk លោក Serhiy Haidai ឱ្យដឹងថា កម្លាំង​រុស្ស៊ី កំពុង​ព្យាយាម​បំបែក​ខ្សែការពារ​របស់ អ៊ុយ​ក្រែ​ន នៅក្នុង​ទីក្រុង​នេះ «ពី​គ្រប់ទិសទី»។

ជន​ស៊ីវិល​ប្រមាណ ១៥,០០០ នាក់ កំពុង​ជាប់គាំង​នៅក្នុង​ទីក្រុង Severodonetsk។ មនុស្ស​ជាច្រើន​កំពុង​លាក់ខ្លួន​នៅក្នុង​រោងចក្រ​គីមី Azot។

Advertisement