អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ Antonio Guterres ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ

លោក​ Antonio Guterres

នៅក្នុង​ការបោះឆ្នោត​កាលពី​ថ្ងៃទី8 ខែមិថុនា នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres បាន​ជាប់ឆ្នោត​អាណត្តិ​ទី​ពីរ ជា​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ។

បុគ្គល​ប្រមាណ​ជា 10រូប​ផ្សេងទៀត ក៏មាន​បំណង​ប្រជែង​ឆ្នោត​សម្រាប់​តំណែង​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ (UN) នេះដែរ ប៉ុន្តែ សុទ្ធតែ​មិនបាន​ក្លាយជា​បេក្ខភាព​ផ្លូវការ ព្រោះថា មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ណាមួយ ក្នុងចំណោម​សមាជិក​ចំនួន 193ប្រទេស នៃ​អង្គការ​នេះ។ ដូច្នេះ នៅក្នុង​ការបោះឆ្នោត​ខាងលើ អតីត​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល វ័យ 72ឆ្នាំ លោក Antonio Guterres ពុំមាន​គូប្រជែង​នោះទេ។ លោក Antonio Guterres បាន​កាន់តំណែង​នេះ តាំងពី​ឆ្នាំ2017។ អាណត្តិ 5ឆ្នាំ​លើក​ទី​ពីរ​របស់លោក Antonio Guterres នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី1 ខែមករា ឆ្នាំ2022។

នៅក្នុង​អាណត្តិ​ដំបូង​របស់ខ្លួន លោក Antonio Guterres ត្រូវ​ផ្ដោតទៅលើ​ការកាត់បន្ថយ​ហានិភ័យ នៃ​ការខូចខាត​ដែល​កើតឡើង​ដោយសារ​គោលនយោបាយ​ការបរទេស​ឯកតោភាគី បញ្ហា​ជាតិនិយម​ជ្រុល របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​កាលណោះ​គឺ​លោក Donald Trump ជា​បុគ្គល​ដែល​តែង​ដាក់​ជា​សំណួរ​ស្ដីពី​តម្លៃ​របស់​អង្គការសហប្រជាជាតិ និង​ពហុភាគី​និយម។

សហរដ្ឋអាមេរិក គឺជា​ប្រទេស​ដែល​ផ្ដល់​វិភាគទាន​ច្រើនជាងគេ​ដល់​អង្គការសហប្រជាជាតិ ពោលគឺ​ប្រហាក់ប្រហែល​នឹង 22% នៃ​ថវិកា​សរុប​ប្រចាំឆ្នាំ និង ¼ នៃ​ថវិកា​សរុប​សម្រាប់​កម្លាំង​រក្សា​សន្តិភាព។ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បានចាប់ផ្ដើម​បំពេញ​ខ្ទង់​វិភាគទាន​ខាងលើ ដែល​ត្រូវបាន​លោក Trump កាត់បន្ថយ​សម្រាប់​ស្ថាប័ន​ខ្លះ​នៃ​​អង្គ​ការ​សហប្រជាជាតិ ទន្ទឹមនឹង​ការសន្យា​ជាថ្មី ចំពោះ​អង្គការ​ពិភពលោក​មួយ​នេះ៕

ប្រភព​៖ NY Times
ប្រែសម្រួល​៖ បុត្រា

Advertisement