(វីដេអូ)-គ្រាប់រ៉ុក្កែតរបស់អ៊ីស្រាអែល កម្ទេចអគារកម្ពស់14ជាន់ នៅ​តំបន់​​ហ្គាហ្សា៖ អ៊ីស្រាអែល ថា ជាទីស្នាក់ការរបស់អង្គភាពស៊ើបការណ៍សម្ងាត់នៃក្រុម ហាម៉ាស

យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល បាន​បាញ់​រ៉ុក្កែត​ជាច្រើន​គ្រាប់ ធ្វើឱ្យ​អគារ​មួយកន្លែង មាន​កម្ពស់ 14ជាន់ ដែល​ត្រូវបាន​គេ​ជឿថា​ជា ទីស្នាក់ការ​របស់​ទូរ​ទស្សន៍​ផ្កាយរណប Al-Aqsa របស់​កងជីវពល ហា​ម៉ាស ត្រូវ​ដួល​រាប​ដល់​ដី​។

កាលពី​ថ្ងៃទី12 ខែឧសភា អ៊ីស្រាអែល​ បាន​​វាយប្រហារ​តាមផ្លូវ​អាកាស សំដៅលើ Al-Shorouk ជា​អគារ​មួយ​ដែលត្រូវ​បាន​ ប៉ាលេស្ទីន​ និយាយ​ថា មាន​ក្រុមហ៊ុន​ជាច្រើន រួមទាំង​ការិយាល័យ​របស់​ទូរទស្សន៍​ផ្កាយរណប Al-Aqsa របស់​កងទ័ព ហា​ម៉ាស។ ប៉ុន្តែ អ៊ីស្រាអែល ជឿថា នេះ​គឺជា​ទីស្នាក់ការ​នៃ​អង្គភាព​ស៊ើប​ការណ៍​សម្ងាត់​របស់ ​ហា​ម៉ាស។ វា​ស្ថិតក្នុង​តំបន់​ក្រុង​រ៉ូ​ម៉ាំង​បុរាណ ជាទី​តាំង​ពាណិជ្ជកម្ម​ធំ​បំផុត​ប្រចាំ​តំបន់ ហ្គា​ហ្សា។

អ្នករស់នៅ​ក្នុង​តំបន់​នេះ បានឱ្យដឹងថា មុន​ការវាយប្រហារ អ៊ីស្រាអែល បាន​ព្រមាន​ដល់​មនុស្ស​ទាំងអស់​​ឱ្យ​ចាក​ចេញពី​អគារ ដោយ​ការទម្លាក់​គ្រាប់បែក​ក្លែងក្លាយ​មួយ​គ្រាប់​ទៅលើ​ដំបូល​អគារ។ ភ្លាមនោះ ប្រជាជន​ក៏បាន​អំពាវនាវ​ឱ្យ​មនុស្សម្នា​ចាកចេញ​ពី​អគារ​ដែល​ជិត​នឹងត្រូវបាន​​កម្ទេច។

បន្ទាប់មក យន្តហោះ​ចម្បាំង F-16 របស់​អ៊ីស្រាអែល បាន​បាញ់​រ៉ុក្កែត សរុប 9គ្រាប់ តម្រង់​គោលដៅ បណ្ដាលឱ្យ​អគារ​ត្រូវ​របេះ​ធ្លាក់​ម្ដង​មួយផ្ទាំងៗ ហើយ​រ៉ុ​ក្កែង​ពីរ​គ្រាប់​ចុងក្រោយ ក៏បាន​កម្ទេច​អគារ Al-Shorouk នេះ ឱ្យ​រាប​ដល់​ដី​ទាំងស្រុង។ នេះ​គឺជា​អគារ​ខ្ពស់​ទី​បី​នៅ​តំបន់ ហ្គា​ហ្សា ដែល​ត្រូវបាន​យន្តហោះ​ចម្បាំង​របស់់​អ៊ីស្រាអែល​វាយប្រហារ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

ភាគី​ខាង ហា​ម៉ាស បានឱ្យដឹងថា ខ្លួន​បាន​បាញ់​រ៉ុក្កែត 130គ្រាប់ សំដៅ​ប្រទេស​អ៊ីស្រាអែល ដើម្បី​ជាការ​សងសឹក​នឹង​ការវាយប្រហារ​លើ​អគារ Al-Shorouk នេះ។

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ គ្រាប់​រ៉ុក្កែត របស់​ក្រុម ហា​ម៉ាស បានសម្លាប់​ជនជាតិ​អ៊ីស្រាអែល​ចំនួន 7នាក់ ក្នុងនោះ​មាន​កុមារ​អាយុ 6ឆ្នាំ​ម្នាក់ និង​ទាហាន​ម្នាក់​ផងដែរ។

ក្រសួងសុខាភិបាល​ប៉ា​លេ​ស្ទី​ន ឱ្យដឹងថា ពលរដ្ឋ​ប្រទេស​នេះ​ចំនួន 53នាក់​បាន​ស្លាប់ ក្នុងនោះ​មាន​កុមារ​ចំនួន 14នាក់​ផងដែរ ខណៈដែល 320នាក់​ផ្សេងទៀត បាន​រងរបួស នៅក្នុង​ការវាយប្រហារ​ពី​សំណាក់​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល នៅ​តំបន់​ហ្គា​ហ្សា នា​សប្ដាហ៍​នេះ។

មូលហេតុ​នៃ​ការប៉ះទង្គិច​នេះ កើតឡើង បន្ទាប់ពី អ៊ីស្រាអែល កាត់បន្ថយ​ការចូល​ទៅកាន់​តំបន់​ទីក្រុង​បុរាណ យេ​រូ​សា​ឡឹម ក្នុង​រដូវ​បុណ្យ Ramadan និង​គំរាម​បណ្ដេញ​ជនជាតិ​ប៉ា​លេ​ស្ទី​ន​ចំនួន 4គ្រួសារ ដែល​កំពុង​រស់នៅ​ភាគខាងត្បូង​នៃ​តំបន់ យេ​រូ​សា​ឡឹម ដើម្បី​ទុក​កន្លែង​ឱ្យ​ជនជាតិ​ជ្វី​ហ្វ។

បញ្ហា​ខាងលើ បាន​នាំឱ្យ​ប្រជាជន​ប៉ា​លេ​ស្ទី​ន ធ្វើបាតុកម្ម​ប្រឆាំង​តវ៉ា ហើយក៏​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​អ៊ីស្រាអែល អស់​ជាច្រើន​ថ្ងៃ នៅ​ខាងក្រៅ​វិហារ Al-Aqsa នៅ​តំបន់ យេ​រូ​សា​ឡឹម​ខាងត្បូង ដែលជា​កន្លែង​ពិសិដ្ឋ​របស់​សាសនិក​អ៊ីស្លាម បណ្ដាលឱ្យ​មនុស្ស​រាប់រយ​នាក់​ត្រូវ​រងរបួស។ តុលាការ អ៊ីស្រាអែល បាន​ផ្អាក​ការជំនុំជម្រះ​លើ​ការបណ្ដេញចេញ​ខាងលើ ប៉ុន្តែ នៅតែ​មិនអាច​កាត់បន្ថយ​ភាព​តានតឹង​បាន៕

ប្រភព​៖ Al Jazeera, AP
ប្រែសម្រួល​៖ បុត្រា

Advertisement